រាជធានីភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតី គម្រប់៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ។ នេះបើយោងតាមផេកក្រសួងព័ត៌មានបានប្រកាសនាព្រឹកថ្ងៃទី២០ ខែតុលានេះ ។

អាកាសយានដ្ឋាននេះត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ក្រោមទឹកប្រាក់វិនិយោគ ដែលដំបូងគ្រោងចំនួន១៥០០លានដុល្លារជាគម្រោងចម្រុះរដ្ឋ និងឯកជនដែលរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលមានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០% ដោយក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងចំណាយបានកើនរហូតដល់ជាង២០០០លានដុល្លារ នៅពេលបើកប្រតិបត្តិការដំបូង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោកបានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង២៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងអនុញ្ញាតឲ្យប្រភេទយន្តហោះធុនយក្សរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបានដោយមានផ្លូវយន្តហោះរត់ប្រវែង៤គីឡូម៉ែត្រ ។
បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះបានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F ។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ ។ តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥ ។

ក្នុងដំណាក់កាលទី២ ការបន្ថែមផ្លូវរត់មួយបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់៣០លាននាក់ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទី៣ អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅឆ្នាំ២០៥០។
បន្ទាប់ពីអាកាសយានដ្ឋានមួយនេះបើកដំណើរការគេរំពឹងថា ក្រៅពីការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា ក៏ដើរតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត ដូចជា វិស័យទេសចណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជំរុញការអភិវឌ្ឍន៍វិស័យអចនទ្រព្យ និងការធ្វើពាណិជ្ជកម្មនានាជុំវិញតំបន់នោះ ជាដើម ។
ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ មានទស្សនវិស័យយូរអង្វែង និងមានគោលដៅពិតប្រាកដ ដើម្បីប្រែក្លាយជាអាកាសយានដ្ឋាន Hub ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ ៕
ចែករំលែកព័តមាននេះ