ប្រទេសចិន ៖ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន AIR CHINA បានហោះបកទៅកាន់ក្រុងសៀងហៃ បន្ទាប់ពីមានភ្លើងឆេះប្រដាប់សាកល្បងទូរស័ព្ទដែលដាក់ក្នុងថង់ឥវ៉ាន់របស់អ្នកដំណើរម្នាក់ដាក់លើឃ្នើរក្នុងយន្តហោះ។
ពេលឃើញភ្លើងឆេះក្នុងយន្តហោះដែលកំពុងហោះហើរបែបនេះ បណ្ដាអ្នកដំណើរមានការភិតភ័យ។ ឧប្បត្តិហេតុនោះកើតមាន ក្នុងយន្តហោះរបស់ក្រុមហ៊ុន AIR CHINA ដែលហោះចេញពីក្រុងHANGZHOU ភាគខាងកើតចិន ទៅកាន់ព្រលានយន្តហោះអន្តរជាតិINCHEON ជិតក្រុងសេអ៊ូលកូរ៉េខាងត្បូង។ ប្រដាប់សាកថ្មផលិតពីរ៉ែកម្រLITHIUM បានឆេះនៅក្នុងថង់ឥវ៉ាន់ របស់អ្នកដំណើរម្នាក់ដែលស្ថិតលើឃ្នើរក្នុងយន្តហោះធុនCA 139 ។
នេះជាការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិននោះ ក្នុងសេចក្ដីប្រកាសមួយផ្សាយតាមបណ្ដាញសង្គមចិនWEIBO ។ ក្រុមយានិកនៃយន្តហោះនោះបានប្រញាប់ប្រញាល់គ្រប់គ្រងសភាពការណ៍ ហើយពុំមានមនុស្សណាម្នាក់រងរបួសឡើយ។ សេចក្ដីប្រកាសបញ្ជាក់ថា យន្តហោះនោះបានហោះបកទៅចុះនៅព្រលានយន្តហោះអន្តរជាតិក្រុងសៀងហៃ ដើម្បីធានាសន្តិសុខ។
រូបភាពវីដេអូថតដោយអ្នកដណើរម្នាក់ហើយផ្សាយដោយកាសែតជាតិJIMU NEWS បង្ហាញអណ្ដាតភ្លើងឆេះលើឃ្នើរដាក់ឥវ៉ាន់របស់យន្តហោះ។ គេក៏ឃើញដែរនូវផ្សែងខ្មៅ ហើយអ្នកដំណើរម្នាក់បានប៉ុនប៉ងពន្លត់៕

ចែករំលែកព័តមាននេះ