ខេត្តព្រៃវែង ៖ ទំនប់ចាំក្តាន់ គឺជាទំនប់ដ៏ធំមួយ ដែលហ៊ុំព័ទ្ធផ្ទៃដីប្រមាណ១០ហិចតា សម្រាប់ស្តុបទឹកទុក ឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង មានទីតាំងស្ថិតនៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
បច្ចុប្បន្នទំនប់ទឹកនេះ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្តយ៉ាងច្រើនកុះករ នៅថ្ងៃឈប់សម្រាក និងនៅថ្ងៃបុណ្យទាន ដោយសារតែទំនប់នេះ សំបូរទៅដោយពពួកសត្វស្លាបជាច្រើនប្រភេទ ដែលមានចំនួនរាប់ពាន់ក្បាលកំពុងរស់នៅ តាមព្រៃរបោះ និងព្រៃរនាម ក្នុងដែនទំនប់នេះ។
អាជ្ញាធរឃុំព្រៃព្នៅបានឲ្យដឹងថា ទំនប់ចាំក្តាន់នេះ ពីមុនឡើយគេធ្វើសម្រាប់ស្តុបទឹក ទុកឲ្យប្រជា ពលរដ្ឋប្រើប្រាស់ធ្វើស្រែចំការ នៅក្នុងរដូវប្រាំងប៉ុណ្ណោះ ប៉ុន្តែពី១ឆ្នាំទៅ១ឆ្នាំ ផ្ទៃដីនៅផ្នែកកណ្ដាល បានដុសកើតជាព្រៃរបោះព្រៃរនាមច្រើនទៅៗ ជាហេតុទាក់ទាញឱ្យសត្វស្លាបនាំគ្នាចូលមករស់នៅកើតកូនកើតចៅស្អេកស្កះពេញព្រៃរហូតដល់រាប់រយរាប់ពាន់ក្បាល។
អាជ្ញាធរឃុំព្រៃព្នៅបានបញ្ជាក់ថា ដោយមើល ឃើញតំបន់នេះមានសត្វស្លាបរស់នៅច្រើន ទើបអាជ្ញាធរឃុំបានចាត់វិធានការ ណែនាំឲ្យប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមជួយការពារ និងអភិរក្សសត្វស្លាបនៅតំបន់នេះ ដើម្បីប្រែក្លាយតំបន់នេះ ឲ្យទៅជាតំបន់ទេសចរណ៍ និងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកលេងកម្សាន្តនៅទីនេះឲ្យបានច្រើន។
ដោយឡែក ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ក៏បានបង្ហាញនៅអារម្មណ៍សប្បាយរីករាយផងដែរ នៅ ពេលឃើញវត្តមានសត្វស្លាបគ្រប់ប្រភេទ រស់នៅក្នុងទំនប់ចាំក្តាន់នេះ និងមានភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅតំបន់នេះច្រើន ហើយពួកគាត់បានសំណូមពរឲ្យអាជ្ញាធរ ជួយរៀបចំកែលម្អតំបន់នេះ ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍អោយមកលេងកម្សាន្តកាន់តែច្រើន ដែលអាចជួយឲ្យពួកគាត់ ប្រកបមុខរបររកប្រាក់ចំណូលនៅក្នុងតំបន់នេះ បានកាន់តែច្រើនផងដែរ ៕











ចែករំលែកព័តមាននេះ