ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ​៖ គេ​ថា​យើង​ស្ងៀមស្ងាត់ ! យើងស្ងាត់​​តែ​មិន​ស្ងៀម​នោះ​ទេ ចំពោះការ​ដោះ​ស្រាយ​​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មក​ដល់​ពេល​នេះ គេ​ថា​រាជរ​ដ្ឋា​ភិ បាល​កម្ពុជា​ស្ងៀមស្ងាត់ ប៉ុន្តែ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មក​ដល់​ពេល​នេះ គេ​ថា​រាជរ​ដ្ឋា​ភិ បាល​កម្ពុជា​ស្ងៀមស្ងាត់ ប៉ុន្តែ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​គេ​ថា យើង​ស្ងៀម ​តែ​មិន​ស្ងាត់​នោះ​ទេ គឺ​រាជរដ្ឋាភិបាល​បាន​កំពុង​តែ​ខិតខំ​ដោះស្រាយ​បញ្ហា​នេះដោយ​ចង់បាន​សន្តិភាព និង​មិន​ឲ្យ​បាត់បង់​ទឹកដី​កម្ពុជា ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ក្នុង​ពិធី​សម្ពោ​ធ​ដាក់​ដំណើរការ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ នា​ព្រឹក​ថ្ងៃ​ទី ​២០ ខែតុលា ឆ្នាំ​ ២០២៥ ថា អភិក្រម​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ពេល​មាន​ផ្ទុះ​ការ​បាញ់​គ្នា​នៅ​ព្រំដែន នៅ​ថ្ងៃ​ទី ​២៤ ខែកក្កដា ឆ្នាំ​ ២០២៥ អាទិភាព​ធំ​បំផុត​កំពុង​ឲ្យ​វា​រីក ឬ​កុំ​ឲ្យ​វ៉ៃ​គ្នា បើ​វា​រីក​នៅ​តំបន់​អាន​សះ តា​មាន់ តា​ក្របី សុំ​ឲ្យ​កុំ​រីកទៅ​ដល់​ខេត្ត ស្រុកផ្សេង​ៗ​ទៀត​នៅ​ទូ​ទាំង​ខេត្ត គឺ​ត្រូវ​ទប់​វា​ឲ្យ​ហ្នឹង​ត្រឹម​នឹង ដោយ​កុំ​ឲ្យ​រាល​ដាលនៅ​គ្រប់​តាម​បណ្តោយ​ព្រំដែន ​ដែល​ជា​អា​ភិ​ក្រមទី ១ ​ត្រូវធ្វើ​បន្ទាន់​ សម្តេច​បាន​លើក​ឡើង​ទៀត​ថា កន្លែង​ណា​ដែល​កើតហេតុ​នោះ គឺ​ព្យាយាម​កាត់​បន្ថយហានិភ័យ និង​ការ​បាត់បង់​ ។ កាល​ពេល​វ៉ៃ​គ្នា​យើង​មិន​បាន​ដេក​អេះ​ពោះ​នោះ​ទេ គឺ​យើងបាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​បញ្ចប់​ការ​វៃ​គ្នា​ដើម្បី​កុំ​ឱ្យខ្ទេច​ខូច​ច្រើន​ពេក រហូត​ដល់​មាន​បទ​ឈប់​បាញ់​ថ្ងៃ​ ២៨ កក្កដា ឆ្នាំ ​២០២៥ ។ លើស​ពី​នេះព្យាយាម​ធ្វើការ​ឈប់​ស្កាត់កុំ​ឲ្យ​មាន​វៃ​គ្នា​នៅ​ក្រោយ​ថ្ងៃ​ទី ​២៨ ទៀត និង​ធ្វើការ​ស្តារ​ស្ថានការណ៍​ឲ្យ​មាន​ភាព ប្រសើរ​ឡើង​វិញ ​។ សម្តេច​បវរ​ធិ​បតី​បន្ថែម​ថា ​៖ «​យើង​មិន​នៅ​ស្ងៀម​នោះ​ទេ គឺ​យើង​មានការ​ចរចា​បទ​ឈប់​បាញ់​ដោយ​មាន​កិច្ចប្រជុំ JBC, RBC ធ្វើការ​ជាមួយ​គ្នា​» ​។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា មាន​បងប្អូន​ខ្លះ​បាន​និយាយ​ថា ចាំបាច់ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​ធ្វើ​អ្វី ដែល​ទាំង​នៅ​កម្ពុជា​ក៏​មាន​និយាយ​យ៉ាងនេះ ទាំង​នៅប្រទេស​ថៃ​ក៏​មាន​និយាយ​យ៉ាងនេះ ​។ សម្តេច​ធិ​បតី​ ថា ការ​និយាយ​របស់​បង្អូន​យ៉ាងនេះ គឺ​និយាយ​តាម​អារម្មណ៍​របស់​បងប្អូន ប៉ុន្តែ​បើ​មេដឹកនាំ​នៅ​ប្រើ​កំហឹង​ទល់​កំហល់​ដាក់​គ្នា​នោះ គឺ​មិនមែន​ស្លាប់​មេដឹកនាំ​នៅ ភ្នំពេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញអ្នក​ដែល​ស្លាប់​ គឺជា​ទាហាន និង​ប្រជាជន ។ ដូច្នេះការ​បញ្ចប់​ជម្លោះ គឺជា​គោលដៅ​សំខាន់​ដែល​សង្ឃឹមថា ក្នុង​ពេល​ឆាប់​ៗ​នេះ​នឹង​មានការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​យើង​បាននិង​កំពុង​ធ្វើ​យ៉ាងណា ដើម្បី​បញ្ចប់​ជម្លោះ​នេះ ដែល​នេះ​គឺជា​អភិក្រម​របស់​យើង​ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បញ្ហា​ព្រំដែន​ គឺជា​បញ្ហា​ស្មុគស្មាញដែល​នៅ​ក្នុង​សហគមន៍​អាស៊ាន​មាន​ប្រទេស​តិច​ណាស់ ដែល​គ្មាន​បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង ដោយ​បញ្ហា​វា​បាន​បន្សល់​ទុក​តាំងពី​ជំនាន់​អាណានិគម​រាប់រយ​ឆ្នាំ ប៉ុន្តែ​ការ​ជ្រើសរើស​សម្រាប់​ការ​ដោះស្រាយ គឺ​វិធីសាស្ត្រ​ដោយ​សន្តិវិធី​តាម​យន្តការ​នេះ តាម​យន្តការ​នោះ ដោយ​មិន​ប្រើប្រាស់​ការ​ប្រយុទ្ធ​គ្នា​ដោយ​កំហឹង​នោះ​ទេ យើង​ត្រូវ​ការនិយាយ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា ដោយ​សម្តេច​បាន​អះអាង​ថា កម្ពុជា​គ្មាន​សោះឡើយ​នូវ​គោលបំណង ដើម្បី​រំលោភ​លើ​អធិបតេយ្យភាព បូរណភាព​របស់​អ្នក​ណា​ឡើយ តែ​យើង​ក៏​មិន​ឱ្យ​អ្នក​ណា​មក រំលោភ​លើ​អធិបតេយ្យភាព បូរណភាព​របស់​យើង​ដូច​គ្នា នេះ​ គឺជា​គោលការណ៍ ។

បើ​តាម​សម្តេច​នាយក​រដ្ឋមន្ត្រី​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ​គឺ​ត្រូវធ្វើ​ឡើង​តាម​គោលការណ៍​ដែល​ប្រទេស​អាស៊ាន​ផ្សេង​ៗ​បាន​ធ្វើ​រួច​មក​ហើយ​ ។ គេ​មាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន មានច្បាប់​អន្តរជាតិ មាន​សន្ធិសញ្ញា អនុសញ្ញា​ជាដើម ដែល​កម្ពុជា​បាន​ធ្វើ​ ២០​ឆ្នាំ​មក​ហើយ ។ នេះ​ហើយ​គឺជា​ការ​ត្រៀម​ដើម្បី​ពន្លត់​ជម្លោះព្រំដែន​ដោយ​សន្តិវិធី ដែល​ការ​ឯកភាព​គ្នា​ទ្វេភាគី គឺ​គ្មាន​អ្នក​ណា​បាត់​អ្វី​នោះ​ទេ​ ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យល់​ពី​អត្ថប្រយោជន៍​នៃ​ភាព​ស្ងាត់​របស់​រាជរដ្ឋាភិបាល ដោយ​សម្តេច​បាន​គូសបញ្ជាក់​ថា យើង​ស្ងាត់ តែ​មិន​ស្ងៀម​ទេ គឺ​យើង​បាន​ធ្វើ​រាល់​សកម្មភាព​ទាំងអស់​ដើម្បី​បទ​ឈប់​បាញ់ និង​សន្តិភាព ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ