ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូតចិននៅកម្ពុជា ៖ កម្ពុជាក្លាយជាគោលដៅទេសចរណ៍រស់រវើក និងមានសំទុះអភិវឌ្ឍន៍ខ្លាំងបំផុតនៅអាស៊ី

58 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ចំណោម​គោលដៅ​ដទៃ​ទៀត ដែល​ប្រកបដោយ​កម្លាំង​រស់​រវើក និង​សំទុះអភិវឌ្ឍន៍​ខ្លាំង​បំផុត​នៅ​អាស៊ី ។ យោង​តាម​បណ្តាញ​សង្គម​ឯកឧត្តម វ៉ាង…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ចំណោម​គោលដៅ​ដទៃ​ទៀត ដែល​ប្រកបដោយ​កម្លាំង​រស់​រវើក និង​សំទុះអភិវឌ្ឍន៍​ខ្លាំង​បំផុត​នៅ​អាស៊ី ។

យោង​តាម​បណ្តាញ​សង្គម​ឯកឧត្តម វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា យោង​តាម​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​អាកាសចរណ៍ Cirium បានឱ្យ​ដឹង​ថា ឆ្នាំ​២០២៥ កម្ពុជា​នឹង​ស្វាគមន៍​ជើងហោះហើរ​ចំនួន​៣១៥៧៩​លើក កើនឡើង​១៤.២% បើ​ធៀប​នឹង​រយ​:​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

ឯកឧត្តម​ទូត​បាន​បន្ថែម​ថា ៖ កៅអី​សម្រាប់​អ្នកដំណើរ​ដែល​អាច​ប្រើ​បាន​(Available passenger seats)​នឹង​ឡើង​ដល់​៥,១៨២,៨៦៤ កន្លែង កើនឡើង​១៤.៧% បើ​ធៀប​នឹង​រយ​:​ពេល​ដូច​គ្នា កាលពី​ឆ្នាំទៅ ។ តួលេខ​កំណើន​ជើងហោះហើរ និង​កៅអី​ដ៏​រឹង​មាំ​នេះ បាន​បញ្ជាក់​អំពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ ចំណោម​គោលដៅ​ដទៃ​ទៀត ដែល​ប្រកបដោយ​កម្លាំង​រស់​រវើក និង​សម្ទុះ​អភិវឌ្ឍន៍​ខ្លាំង​បំផុត​នៅ​អាស៊ី ។

ទាក់ទិន​នឹង​វិស័យ​ទេសចរណ៍​នេះ ឯកឧត្តម ហោ សា​រុន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ធ្លាប់​បាន​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជា​ពិសេស​លំហូរ​ចូល​យ៉ាងច្រើន​នៃ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា នៅ​មុន​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ មាន​ចំនួន​ប្រមាណ​២,៤​លាន​នាក់ នៅ​ឆ្នាំ​២០១៩ ។

ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ​កម្ពុជា​ទទួល បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ប្រមាណ​៦,៧​លាន​នាក់ កើនឡើង​ប្រមាណ​២៣% ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ប្រមាណ​៨៥​ម៉ឺន​នាក់​កើនឡើង​៥៥% ។ សម្រាប់​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០២៥​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៤,០៥​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន មាន​ចំនួន​៧៨,៥​ម៉ឺន​នាក់ កើនឡើង​៤៥,៧%​។

ឯកឧត្តម​បញ្ជាក់​ថា ៖«​តាម​និន្នាការ​នេះ យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​កំណត់​យក​ឆ្នាំ​២០២៥​ជា «​ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ចិន​» នឹង​ក្លាយជា​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា បង្កើន​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​សំដៅ​រួមចំណែក​ដល់​ការ​សម្រេច​បំណងប្រាថ្នា​ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ។ យើង​សង្ឃឹមថា កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​លើស​ពី​មួយ​លាន​នាក់​សម្រាប់​ឆ្នាំ​២០២៥​នេះ​»​។

ឯកឧត្តម​ថា​អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា គឺ​មិន​អាច​កាត់​ផ្ដាច់​ពី​ការ​ស្រូប​ទាញ​កំណើន​នៃ​លំហូរ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ឡើយ ។ សម្រាប់​កម្ពុជា យើង​បាន​ត្រៀម​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​បន្ត​ខិតខំ​ពង្រឹង​ការ​ត្រៀម​លក្ខណសម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​ចិនតា​មរយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ស្តង់ដា​គុណភាព ផលិតផល និង​សេវាកម្ម​ទេសចរណ៍​សម្រាប់​ទីផ្សារ​ទេសចរណ៍​ចិន (China-ready) ការ​បង្កើន​បទ​ពិសោធ​ល្អ​ៗ​គួរ​ឱ្យ​ចង​ចាំ​សម្រាប់​ភ្ញៀវ​ទេសចរ ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ E-arrival ការ​សម្រួលការ​ធ្វើ​ដំណើរ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ការ​រៀបចំ​ព្រឹត្តិការណ៍ និង​ពិ​ព័រ​ណ៌​នានា ការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​រូបភាព​គោលដៅ​ទេសចរណ៍​អាទិភាព​ជាដើម​។​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ