ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ នឹងរៀបចំឲ្យមានសមាគមអតីតយុទ្ធជន និងនិវត្តជននៅតាមស្ថាប័នទាំងអស់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ឃ្លាតឆ្ងាយ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា បាន​ថ្លែង​ថា សម្ដេច​នឹង​រៀបចំ​សមាគម​អតីត​យុទ្ធ​ជន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ឃ្លាតឆ្ងាយ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា បាន​ថ្លែង​ថា សម្ដេច​នឹង​រៀបចំ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន នៅ​តាម​ស្ថាប័ន​ទាំងអស់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ឃ្លាតឆ្ងាយ ព្រោះ​ពួក​គាត់ បាន​បំពេញការងារ​ជា​ច្រើន​មុន​ចូល​និវត្ត ។

ការ​លើក​ឡើង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​មហាសន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ទូ​ទាំង​ប្រទេស នៅ​ក្រសួងមហាផ្ទៃ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ ។
សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អតីត​យុទ្ធ​ជន និង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​នានា ដើម្បី​គុណប្រយោជន៍​របស់​អតីត​យុទ្ធ​ជន ការ​កែ​លម្អ​ជីវភាព​អតីត​យុទ្ធ​ជន និង​ក្រុម​គ្រួសារ​សព អតីត​យុទ្ធ​ជន ។

សម្តេច​តេ​ជោ បន្ដ​ថា អតីត​យុទ្ធ​ជន និង​និវត្តជន បាន​ដាក់​ក្នុង​ក្រោម​ដំបូល​សមាគម​តែ​មួយ គឺ​ពិតជា​ល្អ​ខ្លាំង​ណាស់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ឃ្លាតឆ្ងាយ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា «​តាម​ស្ថាប័ន​នានា​មិន​ទាន់​ធ្លាប់​មាន​សមាគម​អតីត​យុទ្ធ​ជន យើង​នឹង​រៀបចំ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​នៅ​តាម​ស្ថាប័ន​ទាំងអស់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ឃ្លាតឆ្ងាយ​ពី​យើង នៅ​ពេល​ដែល​គាត់​ប្រឹងប្រែង​ការងារ​»​។

សម្តេច ប្រមុខរដ្ឋ​ស្តីទី​បន្ថែម​ថា នេះ​ជា​ការ​បញ្ជូន​សារ​មួយ​យ៉ាង​ជាក់លាក់​ទៅ​និវត្តជន​ទាំងអស់ ឲ្យ​បានឃើញ​អំពី​ការ​ដែល​ខ្លួន​នឹង​ត្រូវ​ក្លាយជា​សមាជិក​អតីត​យុទ្ធ​ជន និង​និវត្តជន នា​ពេល​ខាង​មុខ​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទុក​អតីត​យុទ្ធ​ជន​ម្នាក់​ណា​ចោល​នោះ​ទេ ពោល គឺ​បាន​យកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ជាប់​ជា​ប្រចាំ ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ជីវភាព​របស់​អតីត​យុទ្ធ​ជន​កម្ពុជា​គ្រប់​រូប និង​គ្រួសារ​សព​របស់​អតីត​យុទ្ធ​ជន ។ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​បន្ត​ថា «​ការ​យកចិត្តទុកដាក់​នេះ​តាម​រយៈ​ការ​ដាក់​ចេញ​ក្រប​ខណ្ឌ​គោលនយោបាយ និង​វិធាន​ការណ៍​នានា ដើម្បី​រំលឹក​ដល់​គំរូ​វីរៈភាព​យ៉ាង​មុះ​មុត និង​គុណ​បំណាច់​ដ៏​ធំធេង ដោយ​មិន​អាច​កាត់ថ្លៃ​បាន​របស់​វី​រៈ​យុទ្ធ​ជន យុទ្ធ​នារី នៃ​កងកម្លាំងប្រដាប់អាវុធ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​បាន​ធ្វើ​ពលី​កម្ម​យ៉ាង​អង់អាច​ក្លាហាន ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​» ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ដែល​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ផ្ទាល់ កាលពី​១៨​ឆ្នាំ​មុន បាន និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​គិតគូរ​ដល់​អតីត​យុទ្ធ​ជន​កម្ពុជា ដែល​បាន​ជួយ​ពង្រឹងពង្រីក​តួនាទី​របស់​សមាគម​អតីត​យុទ្ធ​ជន ។ សម្តេច​តេ​ជោ ក៏​បាន​រំលេច​ពី​គុណ​បំណាច់​អតីត​យុទ្ធ​ទៀត​ថា ដួង​ព្រលឹង​អតីត​យុទ្ធ​ជន​ទាំងអស់ ដែល​បាន​ពលី​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ នឹង​តាម​ថែរក្សា​ការពារ​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ