ខេត្តស្ទឹងត្រែង ៖ ក្នុងស្ថានភាពទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងប៊ូឡូយ លើកទី២០ និងមានភ្លៀងផ្គររន្ទះពីតិចទៅច្រើនខ្លាំង បានបង្កឲ្យជំនន់ទឹកភ្លៀងហក់ឡើងនៅជួរដងទន្លេសេសាន លើសកម្រិតប្រកាសអាសន្ន ក្នុងកម្រិតកម្ពស់ទឹក១០.៩៤ ម៉ែត្រ ដែលកម្ពស់ទឹកត្រូវប្រកាសអាសន្នត្រឹម១០.៥០ម៉ែត្រ ។

យោងតាមរបាយការណ៍ស្ដីពីស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង និងផលប៉ះពាល់ស្រុកសេសាន នៅថ្ងៃទី២៨ កញ្ញា ២០២៥ គិតត្រឹមរសៀល ម៉ោង៣និង៣០នាទី ហេដ្ឋារចនា សម្ព័ន្ធសាលារៀន ផ្លូវថ្នល់មួយចំនួន នៅមូលដ្ឋានស្រុកសេសាន បានរងការជន់លិច ប្រជាពលរដ្ឋជិត១០០គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ។

រដ្ឋបាលស្រុកសេសាន មានចំនួន៦ឃុំ ឃុំដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង គិតត្រឹមរសៀលថ្ងៃទី២៨ កញ្ញា មានចំនួន៥ឃុំ រងផលប៉ះពាល់៤៧២ខ្នង ផ្ទះសរុប៥៩១ គ្រួសារ ។ ពលរដ្ឋដែលត្រូវជម្លៀសទៅទីទួលសុវត្ថិភាពចំនួន៩៧គ្រួសារ និងដំណាំរួមផ្សំរកផលប៉ះពាល់១៣០ហិកតា និងសាលារៀនចំនួន២កន្លែង ។
ទន្ទឹមការហក់ឡើងកម្រិតទឹក ដែលត្រូវប្រកាសអាសន្ន និងលើសពីកម្រិតប្រកាសអាសន្នរដ្ឋបាលស្រុកសេសាន បានត្រៀមរួចជាស្រេចនៅទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋព្រមទាំងចុះជាប្រចាំ ដើម្បីឆ្លើយតបតម្រូវការរបស់ពលរដ្ឋផងដែរ ។

យោងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង របាយការណ៍ប្រចាំថ្ងៃ នាថ្ងៃទី២៨ កញ្ញា ២០២៥ ម៉ោង៦និង០០នាទីព្រឹក កម្ពស់ទឹកទន្លេមេគង្គ (កម្ពស់ប្រកាសអាសន្ន១១.៣០ ម)នៅស្ថានីយ៍ស្ទឹងត្រែង ម្សិលមិញកម្ពស់១០.១៥ម ថ្ងៃនេះកម្ពស់១០.៥២ម កម្ពស់ទឹកឡើង០.៣៧ម កម្ពស់ទឹកប្រុងប្រយ័ត្ន១០.៧០ ម កម្ពស់ទឹកទន្លេសេសា ន(កម្ពស់ទឹកប្រកាសអាសន្ន១០.៥០ម) នៅស្ថានីយ៍សេសាន ម្សិលមិញកម្ពស់ ១០.៧៦ម ថ្ងៃនេះកម្ពស់ ១៩.៩៤ម កម្ពស់ទឹកឡើង០.១៨ម កម្ពស់ទឹកប្រុងប្រយ័ត្ន ៩.៩០ម កម្ពស់ទឹកទន្លេសេកុង (កម្ពស់ទឹកប្រកាសអាសន្ន១២ម)ស្ថានីយ៍សៀម ប៉ាង ម្សិលមិញកម្ពស់ ១០.៧០ម ថ្ងៃនេះកម្ពស់១០.៧៦ម កម្ពស់ទឹកឡើង០.០៦ម កម្ពស់ទឹកប្រុងប្រយ័ត្ន១១.៥០ម ។

របាយការណ៍ប្រចាំថ្ងៃរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ដែរដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងប៊ូឡូយលើកទី២០ បាននឹងកំពុងមានឥទ្ធិពលលើខេត្តស្ទឹងត្រែង ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥នេះមានខ្យល់ប្រែប្រួលទិសមានល្បឿនពី២ទៅ ៥ម៉ែត្រ/វិនាទី ។
មានភ្លៀងផ្គររន្ទះពីតិចទៅច្រើនខ្លាំង ភវនីយភាព៨០% ។ ដូច្នេះប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនានាក្នុងខេត្តស្ទឹង ត្រែងគួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ឲ្យបានគ្រប់ៗគ្នា ៕






ចែករំលែកព័តមាននេះ