ខេត្តសៀមរាប ៖ ក្រុមការងារចម្រុះចុះពិនិត្យទីតាំងបំពាក់ផ្លាកសញ្ញា និងភ្លើងពញ្ញាក់ស្មារតីបន្ថែម នៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ នេះបើយោងតាមផេក រដ្ឋបាលខេត្តសៀមរាបបានផ្សាយនាព្រឹកថ្ងៃទី២២ ខែតុលានេះ ។

ជាក់ស្តែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺផ្លូវ និងភ្លើងពញ្ញាក់ស្មារតីបន្ថែម ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។

លោក លី សារី ការរៀបចំនេះ គឺដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមចំណុចប្រឈមនានាដូចជា ផ្លូវបំបែក រង្វង់មូល និងផ្លូវស្ពានអាកាស ដែលទីតាំងទាំងនេះធ្លាប់មានហានិភ័យកើតឡើងកន្លងមក ។

ស្របតាមសំណើរបស់រដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អិនវេសម៉ិន ឯក (Angkor International Airport Investment Co.,Ltd – AIAI) បានព្រមព្រៀងរៀបចំបំពាក់បន្ថែមនូវផ្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺផ្លូវ និងភ្លើងពញ្ញាក់ស្មារតីឱ្យបានគ្រប់គ្រាន់នៅតាមចំណុចផ្លូវកែងសំខាន់ៗនីមួយៗ ។

លោកបានបញ្ជាក់ថា គោលដៅចម្បង គឺធានាបាននូវសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទូទៅ នៅពេលធ្វើដំណើរតាមផ្លូវនេះ ធ្វើយ៉ាងណាសម្រួលដល់ការធ្វើចរាចរណ៍តភ្ជាប់ចេញចូលទៅព្រលានយន្តហោះ កាន់តែមានសុវត្ថិភាព និងភាពងាយស្រួល ។
លោក លី សារី ក៏បានណែនាំដល់ក្រុមហ៊ុន AIAI ពេលអនុវត្តការងារបំពាក់ផ្លាកសញ្ញា និងភ្លើងបន្ថែម ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលស្រុកពាក់ព័ន្ធ ស្របតាមបទដ្ឋាន និងបច្ចេកទេសផ្លូវថ្នល់ ។
លើសពីនេះ ក៏ត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៍បន្ថែមដល់សមាគមដឹកភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ៕








ចែករំលែកព័តមាននេះ