ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​ដាំ​ក្បាល​ចុះ ដែល​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ថ្ងៃ​ទាប​បំផុត ចាប់តាំងពី​ឆ្នាំ​២០២០

1 នាទី មុន

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០២៥ បាន​ដាំ​ក្បាល​ចុះ និង​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ថ្ងៃ ឬ​ត្រឹមតែ​១​ថ្ងៃ​ទាប​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ ចំ​ពេល​ដែល​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​កើនឡើង…

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០២៥ បាន​ដាំ​ក្បាល​ចុះ និង​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ថ្ងៃ ឬ​ត្រឹមតែ​១​ថ្ងៃ​ទាប​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ ចំ​ពេល​ដែល​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​កើនឡើង ហើយ​ស្រប​ពេល​ដែល​បណ្តា​វិនិយោគិន​សម្រុក​លក់​ចេញ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ បន្ទាប់​ពី​ការ​រំពឹង​ទុក​កើនឡើង​កាន់តែ​ខ្លាំង​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed)​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទី​ភ្នា​ក់​សារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

តម្លៃ​មាស​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២១ ខែតុលា បាន​ធ្លាក់​ចុះ ៥,៥% ដល់​កម្រិត​ទាប​បំផុត​ក្នុង​១​ស​ប្តា​ហ៍ មក​នៅ​ត្រឹមតែ ៤ ១១៥​ដុល្លារ​ក្នុង​១​អោន (៤ ៩៥២​ដុល្លារ​ក្នុង​១​តម្លឹង​) បន្ទាប់​ពី​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ៤ ៣៨១​ដុល្លារ​/​អោន (៥ ២៧៨​ដុល្លារ​/​តម្លឹង​) កាលពី​ថ្ងៃ​ទី​២០ ខែតុលា ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​ដ៏​ធំ​បំផុត ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២០​។

យ៉ាងណាមិញ បើ​តាម​ប្រភព​ពី Reuters នៅ​ថ្ងៃ​ទី​២២ តុលា តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត មក​នៅ​ត្រឹម ៤ ១១១​ដុល្លារ​/​អោន (៤ ៩៥៣​ដុល្លារ​/​តម្លឹង​) គិត​ត្រឹម​ម៉ោង ១០:១៥​នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​)​។

ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នេះ កើតឡើង​ដោយ​ថ្លឹងថ្លែង​សញ្ញា​នៃ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។ មួយ​ផ្នែក​ទៀត ដោយសារ​តែ​បណ្តា​វិនិយោគិន​បាន​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​កើនឡើង​កំណត់​ត្រា​ថ្មី​ៗ​របស់​ដុំ​មាស តាម​រយៈ​ការ​សម្រុក​លក់​ចេញ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ ខណៈ​ពេល​ដែល​អ្នក​ទាំងនោះ​កំពុង​រង់ចាំ​ទិន្នន័យ​អតិផរណា​របស់​អា​មេ​រិ​ក ដែល​នឹង​ត្រូវ​ចេញផ្សាយ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

លោក Matt Simpson អ្នកវិភាគ​ជាន់ខ្ពស់​របស់​គេហទំព័រ StoneX បាន​លើក​ឡើង​ថា ១​ការ​ស្រុត​ចុះ​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន ប្រៀប​ដូច​ជា​ផ្កា​ព្រិល​ដែល​បណ្តាល​ឱ្យ​មានការ​ដាំ​ក្បាល​ចុះ និង​ការ​ផ្លាស់​ប្តូរ​សន្ទុះ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​មាស​។

ក្រឡេក​ទៅ​កាន់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ឯណោះ​វិញ បាន​ថ្លែង​ថា លោក​រំពឹង​ថា​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​ស្មើភាព​ជាមួយនឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង (Xi Jinping) នៅ​ពេល​មេដឹកនាំ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​អ្នក​ទាំង​ពីរ​នេះ ជួប​គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។

តម្លៃ​មាស​បាន​កើនឡើង​ប្រហែល ៥៦% នៅ​ឆ្នាំ​នេះ ដោយ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​គ្រប់ពេល ៤ ៣៨១​ដុល្លារ​/​អោន (៥ ២៧៨​ដុល្លារ​/​តម្លឹង​) កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ ជំរុញ​ដោយ​ភាព​មិន​ច្បាស់លាស់​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​សកល ការ​កើនឡើង​នៃ​ការ​រំពឹង​ទុក​ជុំវិញ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់ Fed និង​ការ​សម្រុក​ទិញ​មាស​ស្តុក​ទុកជា​ទុនបម្រុង ដោយ​បណ្តា​ធនាគារកណ្តាល​ទូ​ទាំង​ពិភពលោក​។

ឥឡូវនេះ បណ្តា​វិនិយោគិន​កំពុង​ទន្ទឹងរង់ចាំ​ការ​ចេញផ្សាយ​របាយការណ៍​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​ប្រចាំខែ​កញ្ញា​របស់​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​២៤ ខែតុលា ខាង​មុខ​នេះ សម្រាប់​ចំណុច​សំខាន់​លើ​ការ​ចង្អុលបង្ហាញ​បន្ថែម​ទៀត អំពី​ដំណើរការ​កាត់​អត្រា​ការ​ប្រាក់​របស់ Fed ខណៈ​របាយការណ៍​នេះ ត្រូវ​បាន​ពន្យារពេល​ដោយសារ​ការ​បិទ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។ ការ​រំពឹង​ទុក​ដែល​ថា Fed នឹង​ទម្លាក់​អត្រា​ការ​ប្រាក់​សំខាន់​របស់​ខ្លួន ២៥​ពិន្ទុ​មូលដ្ឋាន​នៅ​ស​ប្តា​ហ៍​ក្រោយ និង​១​លើក​ទៀត​នៅ​ក្នុង​ខែធ្នូ​ចុងឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ