ខេត្តសៀមរាប ៖ ខេត្តសៀមរាបត្រូវបានជ្រើសរើសជាខេត្តគំរូក្នុងការចាប់ផ្ដើមអនុវត្តបែបបទ និងនីតិវិធីនៃការនាំចេញនាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ ដែលការអនុវត្តថ្មីនេះមានគោលបំណងជំរុញការពិនិត្យ និងផ្ដល់លិខិតអនុញ្ញាតនាំចេញ-នាំចូលវត្ថុសិល្បៈទៅក្រៅប្រទេស ដោយជំនួសការបំពេញព័ត៌មានលើសំណុំឯកសារសរសេរដោយដៃ មកប្រើប្រាស់ការបំពេញក្នុងប្រព័ន្ធអេឡិចត្រូនិកវិញ ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីបែបបទ និងនីតិវិធីការនាំចេញ នាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែតុលានេះ លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុបានបង្ហាញថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រពាក់ព័ន្ធ នឹង ការនាំ ចេញ-នាំចូលទំនិញ ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមទម្រង់អេឡិចត្រូនិក ។ ប្រព័ន្ធនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោកវឿន វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការចូលរួមអនុវត្តន៍តាមប្រព័ន្ធនេះ គឺដើម្បីជំរុញ និងលើកទឹកចិត្តដល់សិប្បករដែលផលិតវត្ថុសិល្បៈខ្មែរ និងអតិថិជន កាន់តែមានភាពងាយស្រួលក្នុងការនាំចេញ-នាំចូលទំនិញវប្បធម៌ ។
ទោះជាយ៉ាងណា ដោយសារវត្ថុសិល្បៈ ឬចម្លាក់នានា គឺជាមុខទំនិញដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ (ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧ និងអនុក្រឹត្យ៣៧០) ទើបតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យពីមន្ត្រីជំនាញ ពិសេសវត្ថុសិល្បៈផលិតថ្មីចម្លងដូចលក្ខណៈបុរាណ។

លោកអគ្គនាយករងបានបញ្ជាក់បន្ថែមថា ការត្រួតពិនិត្យការនាំចេញ-នាំចូលវត្ថុសិល្បៈ គឺធ្វើឡើងក្នុងគោលបំណងតាមដាន និងទប់ស្កាត់ការលួចចរាចរណ៍វត្ថុបុរាណដោយខុសច្បាប់ ស្របតាមយន្តការច្បាប់ជាតិ និងបទដ្ឋានគតិយុត្តអន្តរជាតិដែលកម្ពុជាជាសមាជិកចូលរួមអនុវត្តន៍។ ការស្នើសុំលិខិតអនុញ្ញាតនាំចេញ-នាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ នឹងផ្ដល់ភាពងាយស្រួល ភាពជឿជាក់ ចំណេញពេលវេលាដល់គ្រប់ភាគីពាក់ព័ន្ធ និងរួមចំណែកសម្រួលដល់ការអនុវត្តន៍ទាំងក្នុងតំបន់ និងសាកលលោក។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាបជាខេត្តប្រវត្តិ សាស្ត្រ ដែលសម្បូរទៅដោយវប្បធម៌អរូបីសន្ធឹកសន្ធាប់ រួមទាំងទំនៀមទម្លាប់ប្រពៃណី សិល្បៈសូនរូប ចម្លាក់ សិប្បកម្មជាដើម ដែលទាំងអស់នេះជាប្រភពសក្ដានុពលទេសចរណ៍ជាតិ និងអន្តរជាតិ និងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ ។ លោកអភិបាលរងខេត្តបន្ថែមថា សិក្ខាសាលានេះជាយន្តការតាមដាន ត្រួត ពិនិត្យលើប្រសិទ្ធភាពការងារ និងបញ្ហាប្រឈមនានា ព្រមទាំងផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ជូនដល់អាជីវករ សិប្បករ តំណាងភ្នាក់ងារដឹកជញ្ជូន និងស្ថាប័នជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប បានយល់ដឹងពីនីតិវិធីថ្មីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕


ចែករំលែកព័តមាននេះ