ទីក្រុងឥស្លាមម៉ាបាត៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកនៅខាងក្រៅបរិវេណតុលាការនៃរដ្ឋធានីឥស្លាមម៉ាបាត ប្រទេសប៉ាគីស្ថានបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១២នាក់ និងរបួស២៧នាក់។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក។ ទូរទស្សន៍ភីធីវី (PTV) របស់រដ្ឋផ្សាយថាជនរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅនៅមន្ទីរពេទ្យ។
គ្រាប់បែកផ្ទុះចេញពីក្នុងរថយន្តមួយគ្រឿងដែលគេប្លុងទុកចោលក្បែរមាត់ច្រកចេញចូលបរិវេណសាលាដំបូងទីក្រុងឥស្លាមម៉ាបាត។ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយរូបភាពដែលគេថតបាននៅកន្លែងកើតហេតុ និងឃើញមនុស្សជាច្រើនដេករដូករណែលប្រឡាក់សុទ្ធតែឈាមដាបខ្លួនក្បែររថយន្តនគរបាល។ មេធាវីម្នាក់ប្រាប់ថានៅពេលគាត់បើកឡានចូលទៅចតនៅក្នុងបរិវេណតុលាការនោះស្រាប់តែគាត់ស្ដាប់ឮសំឡេងផ្ទុះយ៉ាងកងរំពងនៅមាត់ច្រកចេញចូល។
ទិដ្ឋភាពនៅពេលនោះពោរពេញដោយភាពចលាចល មនុស្សរត់ប្រសាចនៅក្នុងបរិវេណនោះ។ មេធាវីខាងលើនេះឃើញមនុស្ស២នាក់ដេកស្លាប់នៅមាត់ច្រក និងឃើញរថយន្តជាច្រើនគ្រឿងឆេះយ៉ាងសន្ធោសន្ធៅ។ រដ្ឋមន្ត្រីមហាផ្ទៃចាត់ទុកថានេះជាការវាយប្រហារអត្តឃាត។ អំពើភេរវកម្មនេះកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានអំពើភេរវកម្មនៅរដ្ឋធានីញូដេលីបណ្ដាលឱ្យស្លាប់មនុស្ស១៣នាក់។ ប៉ាគីស្ថាន និងឥណ្ឌាចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នកឧបត្ថម្ភ-គាំទ្រក្រុមភេរវកម្ម។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រផ្សាយថានៅក្នុងចំណោមអ្នករបួសទាំងនោះ អ្នកខ្លះរបួសធ្ងន់។ អ្នកដាក់គ្រាប់បែកនោះព្យាយាមដើរចូលមាត់ច្រកចេញចូលតុលាការដោយជើងទទេ។ បន្ទាប់មក គាត់បានបញ្ជាឱ្យផ្ទុះគ្រាប់បែកនោះដែលចតក្បែររថយន្តនគរបាលមួយគ្រឿងបន្ទាប់ពីរង់ចាំរយៈពេលពី១០ទៅ១៥នាទី។ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានថ្លែងថាក្រុមការងាររបស់លោកកំពុងស៊ើបអង្កេតសំណុំរឿងនេះពីគ្រប់ជ្រុងទាំងអស់៕
ចែករំលែកព័តមាននេះ