ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​​ថា​ផែន​ការ​សន្តិ​ភាព​នឹង​សម្រេច​បាន​ឆាប់​ៗ​នេះ​ដើម្បី​ពន្លត់​ភ្លើង​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា

49 វិនាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​សង្ឃឹម​ថា​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដើម្បី​រំលត់​ភ្លើង​សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា​នា​ពេល​ពេល​ឆាប់​ៗ​នេះ​។ លោក​បង្ហាញ​​​សុទិដ្ឋិ​និយម​យ៉ាង​​ដូច្នេះ​​តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូ​សល (Truth Social)​។ ​សំណើ​របស់​លោក​ត្រាំ​ដែល​ចង់​បញ្ចប់​សង្គ្រាម​នោះ​ទទួល​បាន​ចម្លើយ​តប​ដ៏​ល្អ​បំផុត​។ លោក​សង្ឃឹម​ថា​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ​ នឹង​គាំទ្រ​សំណើ​​នេះ​ជា​មិន​ខាន​នៅ​ពេល​លោក​ទាំង​២​ត្រៀម​ជួប​គ្នា​នៅ​យប់​នេះ​។ ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​លោក​ស្ទីវ​វីត​ខូស…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​សង្ឃឹម​ថា​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដើម្បី​រំលត់​ភ្លើង​សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា​នា​ពេល​ពេល​ឆាប់​ៗ​នេះ​។ លោក​បង្ហាញ​​​សុទិដ្ឋិ​និយម​យ៉ាង​​ដូច្នេះ​​តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូ​សល (Truth Social)​។ ​សំណើ​របស់​លោក​ត្រាំ​ដែល​ចង់​បញ្ចប់​សង្គ្រាម​នោះ​ទទួល​បាន​ចម្លើយ​តប​ដ៏​ល្អ​បំផុត​។ លោក​សង្ឃឹម​ថា​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ​ នឹង​គាំទ្រ​សំណើ​​នេះ​ជា​មិន​ខាន​នៅ​ពេល​លោក​ទាំង​២​ត្រៀម​ជួប​គ្នា​នៅ​យប់​នេះ​។

ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​លោក​ស្ទីវ​វីត​ខូស (Steve Witkoff) និង​កូន​ប្រសា​របស់​លោក​ត្រាំ​កំពុង​ពិភាក្សា​ជា​មួយ​លោក​ណឺតាន់​យ៉ាហ៊ូ​នៅ​ញូយ៉ក​។ លោក​ត្រាំ​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ​​ថា​យើង​ទទួល​បាន​ការ​ឆ្លើយ​តប​ដ៏​ល្អ​​បំផុត​ព្រោះ​លោក​ណឺតាន់​យ៉ាហ៊ូ​ក៏​ចង់​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​ផង​ដែរ​។ លោក​ថា​គ្រប់​ភាគី​ទាំង​អស់​​សុទ្ធ​តែ​ចង់​បាន​កិច្ច​ព្រម​ព្រៀង​​។

នៅ​ពេល​ថ្នាក់​ដឹក​នាំ​ប្រទេស​នានា​ជួប​ជុំ​គ្នា​​​នៅ​​ញូយ៉ក​ដើម្បី​ចូល​រួម​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​កាល​ពី​សប្ដាហ៍​មុន​នោះ​ អាមេរិក​បាន​បង្ហាញ​ផែន​ការ​សន្តិ​ភាព​២១​ចំណុច​ដែល​ជា​ប្រយោជន៍​សម្រាប់​តំបន់​មជ្ឈិម​បូព៌ា​ទាំង​មូល​​​។ ក្នុង​នោះ​មាន​ការ​​​អំពាវ​នាវ​ឱ្យ​ក្រុម​ហា​ម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​រស់​​​ និង​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​​ដែល​បាន​ស្លាប់​, អ៊ីស្រា​អែល​មិន​ត្រូវ​វាយ​ប្រ​ហារ​ប្រទេស​កាតា​ត​ទៅ​ទៀត​ទេ​​ និង​ការ​ចាប់​ផ្ដើម​សន្ទនា​គ្នា​ឡើង​វិញ​រវាង​អ៊ីស្រា​អែល​ និង​ប៉ាឡេ​ស្ទីន​ដើម្បី​រួម​រស់​ជា​សន្តិ​សហ​វិជ្ជ​មាន​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពីមន្ត្រី​សេត​វិមាន​។​

អ្នក​តំណាង​របស់​ក្រុម​ហាម៉ាស់​ថ្លែង​ថា​ខ្លួន​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ​នូវ​​​​​​ផែន​ការ​សន្តិ​ភាព​របស់​អាមេរិក​​ដែល​​បាន​​ធ្វើ​បទ​បង្ហាញ​នៅ​ឯ​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​​​​។ លោក​ត្រាំ​កាល​ពី​យប់​មិញទទួលស្គាល់​ថា​ប្រទេស​អារ៉ាប៊ី​សាអូឌីត, កាតា, អារ៉ាប់​រួម, អេហ្ស៊ីប និង​ហ្សក​ដង់​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​នៅ​ក្នុង​បញ្ហា​នេះ​។

លោក​ថ្លែង​ថា​ផែន​ការ​សន្តិ​ភាព​លើក​នេះ​មិន​ត្រឹម​តែ​បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តំបន់​ហ្កាហ្សា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នឹង​គ្រប​ដណ្ដប់​ដ៏​ទូលំ​ទូលាយ​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ទាំង​មូល​។ លោក​ត្រាំ​សរ​សេរ​រៀប​រាប់​ថា​កិច្ច​ព្រម​ព្រៀង​នេះ​ពាក់​ព័ន្ធ​នឹង​មនុស្ស​គ្រប់​គ្នា​។ ដូច្នេះ​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​កិច្ច​ព្រម​ព្រៀង​នេះ​រួម​ទាំង​ក្រុម​ហាម៉ាស់​ផង​ដែរ​ព្រោះ​គ្រប់​គ្នា​ចាប់​ផ្ដើម​នឿយ​ណាយ​នឹង​សង្គ្រាម​។​

លោក​ត្រាំ​មិន​បាន​ផ្ដល់​សេច​ក្ដី​លម្អិត​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​ដែល​ស្នើ​សុំ​​ឱ្យ​​អ៊ីស្រា​អែល​បញ្ចប់​សង្គ្រាម​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​នោះ​ទេ​។ ប៉ុន្តែ​អនុ​ប្រធានា​ធិប​តីអាមេរិក​ លោក​ជេ​ឌី​វេន ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ហ្វក់ (Fox) ថា​មន្ត្រីកំពូល​របស់​អាមេរិក​កំពុង​ចូល​រួម​​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ចរ​ចា​ដ៏​​ស្មុគ​ស្មាញ​បំផុត​ជា​មួយ​​ថ្នាក់​ដឹក​នាំ​អ៊ីស្រា​អែល និង​អារ៉ាប់​។​

លោក​វេន​ថ្លែង​បន្ត​ទៀត​ថា​នៅ​ក្នុង​សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នេះ​មាន​ធាតុ​​​សំខាន់​ៗ​ចំនួន​បី​​ ទី១-​ការ​ដោះ​លែង​ចំណាប់​ខ្មាំង និង​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​, ទី​២-​ហាម៉ាស់​ត្រូវប​ញ្ឈប់​ការ​គំរាម​កំហែង​ទៅ​លើ​សន្តិ​សុខ​ជាតិ​របស់​អ៊ីស្រា​អែល​ និង​ទី​៣-​អ៊ីស្រា​អែល​ត្រូវ​ជួយ​សម្រួល​ការ​ផ្ដល់ជំនួយ​មនុស្ស​ធម៌​នៅ​តំបន់​ហ្កា​ហ្សា​។ លោក​ថ្លែង​ដោយ​មោក​ភាព​ថា​ភាគី​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ជិត​ព្រម​ព្រៀង​គ្នា​ទៅ​លើ​ចំណុច​ទាំង​បី​នេះ​ហើយ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ