ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឆ្លងកាត់​បណ្តោះអាសន្ន​! ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ ត្រៀម​បិទ​វិញដើម្បី​អ៊ុត​កៅស៊ូ AC

2 ម៉ោង មុន

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា…

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥​នេះ គឺជា​ថ្ងៃ​ចុង​ក្រោយ ដែល​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ អនុញ្ញាត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​បណ្តោះអាសន្ន ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ រយៈពេល​២១​ថ្ងៃ ពី​ថ្ងៃ​ទី​៨-២៨ ខែកញ្ញា ឆ្នាំ​២០២៥ ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ ស្អែក​នេះ ក្រុមការងារ​ការដ្ឋាន​ស្ថាបនា​ស្ពាន​នឹង​បិទ​ចរាចរណ៍ ដើម្បី​បន្តការងារ​បន្ទាប់បន្សំ​ចុង​ក្រោយ​ដូច​ជា ៖ ការងារ​អ៊ុត​កៅស៊ូ AC,​ការងារ​គូស​គំនូស​ចរាចរណ៍​, ការងារ​ដំឡើង​ផ្លា​ក​សញ្ញា​ចរាចរណ៍ និ​ង្ឲ​ការងារ​ភ្លើង​បំភ្លឺ​ស្ពាន​ជាដើម​។

មក​ទល់​ពេល​នេះ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ សម្រេចការ​សាងសង់​ស្ទើរ​១០០% ហើយ ខណៈ​ដែល​គម្រោង​ទាំងមូល​រួម​មាន ៖ គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​សម្រេច​វឌ្ឍនភាព​ជា​រួម​៨៧,២៥% ។

គួរ​បញ្ជាក់​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ មាន​ទីតាំង​ត្រើយ​ខាងកើត ស្ថិត​នៅ​ត្រង់​ភូមិ​តាលុ​ស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច ស្ថិត​នៅ​ត្រង់​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ មានមុខ​កាត់​ទទឹង​ជាង ១៣​ម៉ែត្រ មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន ២​គន្លង​ទៅ​-​មក ,​គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយាន​ចំនួន​២​គន្លង​ទៅ​-​មក និង​ផ្លូវ​ថ្មើរជើង​ចំនួន​២​គន្លង​ទៅ​-​មក ប្រវែង​១​ម៉ែត្រ និង​បង្កាន់ដៃស្ពាន​សងខាង ។

ដំ​ណែ​ក​ផ្លូវ​ត​ភ្ជាប់​ប្រវែង​ជាង​៣២​គីឡូម៉ែត្រ រួម​មាន ៖ ផ្លូវ​ត​ភ្ជាប់​ពី​ក្បាល ស្ពាន​មាន​ប្រវែង​ជាង​១៥​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន​៤​ខ្សែ នៅ​ក្នុង​ក្រុង​ក្រចេះ មាន​ប្រវែង​ជាង ១៦​គីឡូម៉ែត្រ ។ ខ្សែ​ផ្លូវ​ទាំងនេះ សាងសង់​ពង្រីក និង​លើក​កម្រិត គុណភាព​ដោយ​ក្រាល​បេតុង​កៅស៊ូ​(AC)​កម្រាស់ ៧​សង់ទីម៉ែត្រ​ដូច​គ្នា ។ ក្នុង​នោះ​កំណាត់​ផ្លូវ​៤​ខ្សែ ប្រវែង​ជិត ២៧​គីឡូម៉ែត្រ ស្ថាបនា​ពង្រីក​ទទឹង​ចាប់ពី​៩​ម៉ែត្រ​រហូត​ដល់​១៣​ម៉ែត្រ លើ​តួ​ផ្លូវ​ចាប់ពី​១១​ម៉ែត្រ រហូត​ដល់​ជិត​២០​ម៉ែត្រ និង​កំណាត់​ផ្លូវ​១​ខ្សែ ប្រវែង​ជាង ៥​គីឡូម៉ែត្រ ពង្រីក​ទទឹង ១៩​ម៉ែត្រ លើ​តួ​ផ្លូវ​៣០​ម៉ែត្រ ដោយ​ពុះ​ទ្រូងផ្លូវ​នៅ​ចំ​កណ្តាល​ធ្វើ​សួន​រុក្ខជាតិ​បៃតង​ប្រវែង ៤​ម៉ែត្រ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ