ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ៖ ថៃ​បា.ញ់ប្រហារ​មុន​មក​លើ​តំបន់​​អានសេះ ខណៈ​កម្ពុជាប្រកាន់​គោលការណ៍​អត់ធ្មត់​ខ្ពស់​បំផុត

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥ ថា ៖ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥ ថា ៖ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី រួម​និង​សមាជិក បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ដែល​រង​ផល​ប៉ះពាល់​ពី​ការ​វាយប្រហារ​ចំនួន​២​លើក ដោយ​យោធា​ថៃ តាម​រយៈ​ការ​បាញ់​កាំភ្លើងត្បាល់ និង​កាំភ្លើង​ដៃ​ជា​ច្រើន​គ្រាប់ មក​លើ​មូលដ្ឋាន​កងទ័ព​កម្ពុជា នៅ​តំបន់​អានសេះ ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥ ដើម្បី​ធ្វើការ​សង្កេត ផ្ទៀងផ្ទាត់ និង​រាយការណ៍ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ។

ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា ៖ ការ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​យោធា​ថៃ​បាន​ចាប់ផ្តើម​ធ្វើការ​បាញ់ប្រហារ​មុន​មក​លើ​ទីតាំង​កងកម្លាំង​កម្ពុជា នៅ​តំបន់​អានសេះ ស្ថិត​ក្នុងភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នា​វេលា​ប្រមាណ​ម៉ោង​១១:៥២​នាទី​ព្រឹក រហូត​ដល់​ម៉ោង​១២:៤៦​នាទី​រសៀល មាន​ចំនួន​២​លើក ៖ លើក​ទី​១ ចាប់​បាញ់ប្រហារ នៅ​ម៉ោង ១១:៥២​នាទី ដល់​ម៉ោង​១២:២២​នាទី និង​លើក​ទី​២ ចាប់​បាញ់ប្រហារ នៅ​ម៉ោង ១២:២៥​នាទី ដល់​ម៉ោង ១២:៤៦​នាទី ។

នៅ​ក្នុង​ហេតុការណ៍​ដែល​យោធា​ថៃ​បាន​បង្ក​ខាងលើ កងកម្លាំង​របស់​កម្ពុជា​មិន​បាន​តបត​ឡើយ គឺ​បាន​ប្រកាន់​នូវ​គោលការណ៍​អត់ធ្មត់​កម្រិត​ខ្ពស់ និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ដែល​ចូល​ជា​ធរមាន​នៅ​ម៉ោង​២៤:០០ (​ម៉ោង​ក្នុង​តំបន់​) ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ឱ្យ​បាន​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត ។

ជាមួយ​គ្នា​នេះ កម្ពុជា​សូម​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កហេតុ និង​ការ​បន្ត​ផ្ទុះអាវុធ​នៅ​ខាង​ភាគី​ថៃ​ខ្លួនឯង ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​១១:៥២​នាទី ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា ប៉ុន្តែ​ភាគី​ថៃ​បែរជា​មក​ចោទ​កម្ពុជា​ថា​បាន​ផ្ទុះអាវុធ​ទៅ​វិញ ។

សកម្មភាព​ទាំង​អស់នេះ អាច​ប៉ះពាល់​ទៅ​ដល់​ការ​គោរព និង​ការ​អនុ​វត្តបទ​ឈប់​បាញ់ ព្រមទាំង​ធ្វើ​ឱ្យ​ស្ថានភាព​រឹតតែ​តានតឹង និង​ស្មុគស្មាញ ។ ក្នុង​ន័យ​នេះ កម្ពុជា​ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ចូលរួម​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ភស្តុ​តាង​នានា​ដែល​បាន​បន្សល់​ទុក​ក្រោយ​ពេល​ការ​បាញ់ប្រហារ​របស់​ភាគី​ថៃ មក​លើ​កងកម្លាំង​កម្ពុជា​ឱ្យ​បាន​ហ្មត់ចត់​បំផុត សំដៅ​ផ្តល់​នូវ​ព័ត៌មាន​ពិត សុចរិត​ភាព គណនេយ្យ​ភាព តម្លាភាព យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ​ដល់​ភាគី​ទាំង​ពីរ​ផង និង​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ