ទីក្រុងញូយ៉ក៖ ប្រទេសរុស្ស៊ីចាប់ផ្ដើមបញ្ចេញប្រតិកម្មតបទៅបណ្ដាប្រទេសនៅអឺរ៉ុបដែលកើតទុក្ខមិនសុខចិត្តនឹងករណីដែលដ្រូនជាច្រើនគ្រឿងហោះចូលដែនអាកាសរបស់ពួកគេក្នុងនាមជារដ្ឋសមាជិកអង្គការណាតូ។ ទោះបីរុស្ស៊ីបដិសេធថាមិនមែនជាដ្រូនរបស់ខ្លួន ប៉ុន្តែប្រទេសទាំងនោះអះអាងថានោះជារបស់រុស្ស៊ី។ គ្រាន់តែរាប់ត្រួសៗប៉ុណ្ណោះ រដ្ឋជាសមាជិកអង្គការណាតូចំនួនបីអះអាងថាដ្រូនរបស់រុស្ស៊ីរំលោភចូលដែនអាកាសខ្លួន។ ក្នុងនោះមានប៉ូឡូញ អេស្តូនី និងដាណឺម៉ាក។
ខណៈដែលភាពតានតឹងរវាងរុស្ស៊ី និងណាតូចាប់ផ្ដើមឡើងកម្ដៅ ប្រមុខការទូតរុស្ស៊ី លោកឡាវរ៉ូស (Lavrov) បញ្ជាក់ជាថ្មីថាប្រទេសរបស់លោកគ្មានបំណងវាយប្រហារទ្វីបអឺរ៉ុបទេ។ ប៉ុន្តែលោកក៏សូមព្រមានត្រឡប់ទៅវិញថារុស្ស៊ីនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុតបើសិនគេរំលោភបំពានមកលើខ្លួន។ ការថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំទើបតែប្រកាសថ្មីៗនេះថារដ្ឋជាសមាជិកអង្គការណាតូអាចបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលរំលោភបំពានដែនអាកាសរបស់ពួកគេ។
លោកឡាវរ៉ូសបានឡើងថ្លែងដូចខាងលើនេះនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីយប់មិញ។ ការថ្លែងសុន្ទរកថានេះធ្វើឡើងប៉ុន្មានសប្ដាហ៍ក្រោយពេលពួកអឺរ៉ុបចាប់ផ្ដើមបង្កើនការប្រុងប្រយ័ត្ន។ នៅពេលដ្រូនរបស់រុស្ស៊ីដែលបញ្ជូនទៅវាយប្រហារអ៊ុយក្រែនបានហោះជ្រុល ឬហោះដោយចេតនាចូលដែនអាកាសប៉ូឡូញ អង្គការណាតូបានចេញមុខធ្វើអន្តរាគមន៍ និងប្រើប្រាស់ខែលការពារដែនអាកាសដើម្បីបាញ់ទម្លាក់។ ចំណែកប្រទេសអេស្តូនីអះអាងថាយន្តហោះចម្បាំងរបស់រុស្ស៊ីហោះចូលដែនអាកាសរបស់ខ្លួន ហើយបន្តហោះក្រឡឹងចុះឡើងៗរយៈពេល១២នាទីមុននឹងបត់ក្បាលត្រឡប់ទៅវិញ។
រុស្ស៊ីអះអាងថាយន្តហោះរបស់ខ្លួនមិនបានចូលដែនអាកាសអេស្តូនីទេ។ ចំណែកដ្រូនដែលហោះចូលដែនអាកាសប៉ូឡូញនោះក៏គ្មានគោលដៅវាយប្រហារប្រទេសប៉ូឡូញនោះដែរ។ ប្រទេសបេឡារូសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីអះអាងថាដ្រូនទាំងនោះទំនងជាត្រូវប្រព័ន្ធអគ្គិសនីរបស់អ៊ុយក្រែនឆក់ឱ្យវង្វេងវង្វាន់លែងដឹងទិសតំបន់។ ដូច្នេះក៏ហោះចូលប៉ូឡូញតែម្ដង។
ទោះជាមានការបកស្រាយបែបនេះក្ដី ពួកអឺរ៉ុបមិនអាចនៅស្រណុកខ្លួនបានឡើយ។ ពួកគេចាត់ទុកឧបទ្ទវេហេតុដែលកើតឡើងជាបន្តបន្ទាប់នោះជាអ្វីដែលរុស្ស៊ីធ្វើឡើងដោយចេតនា និងមានចរិតបង្ករឿង។ អឺរ៉ុបថារុស្ស៊ីចង់ធ្វើតេស្តអង្គការណាតូ និងចង់ដឹងថាតើអឺរ៉ុប និងណាតូនឹងបញ្ចេញប្រតិកម្មបែបណា។ អឺរ៉ុបព្រមានរុស្ស៊ីថាលើកនេះបើសិនដ្រូន ឬយន្តហោះរុស្ស៊ីនៅតែបំពានដែនអាកាសបែបនេះទៀត អង្គការណាតូនឹងប្រើធម៌ក្ដៅហើយ។
ដោយសារមិនចង់មើលស្រាលស្ថានការណ៍ លោកឡាវរ៉ូសក៏បញ្ចេញសារនយោបាយត្រឡប់ទៅវិញថាមិនមែនអឺរ៉ុប ឬណាតូទេដែលរងការគំរាមកំហែង។ លោកអះអាងថាតាមពិត រុស្ស៊ីទៅវិញទេដែលរងការគំរាមកំហែងព្រោះត្រូវគេព្រួតគ្នាដាក់សម្ពាធពីគ្រប់ជ្រុងទាំងសេដ្ឋកិច្ច យោធា និងការទូត។ លោកថាមិនថាពេលមុន ពេលបច្ចុប្បន្ន ឬពេលអនាគតទេ រុស្ស៊ីមិនដែលមានគម្រោងវាយប្រហារអឺរ៉ុប ឬរដ្ឋជាសមាជិកអង្គការណាតូម្ដងណាឡើយ។ បើនៅស្ងៀមប៉ុណ្ណឹងហើយ គេនៅតែមិនស្ងប់ចិត្ត ហើយនៅតែចង់រករឿងរុស្ស៊ីទៀត លោកថារុស្ស៊ីនឹងវាយបកវិញហើយ។ លោកសង្ឃឹមថានិយាយប៉ុណ្ណឹងល្មមស្ដាប់គ្នាបានហើយ ហើយគ្មានអ្វីត្រូវសង្ស័យទេទាំងអឺរ៉ុប និងអង្គការណាតូ។ នេះបើតាមការផ្សាយរបស់(AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ