រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ៖ យោងតាមស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែន ដែលបង្កឡើងដោយភាគីថៃ កាលពីពេលថ្មីៗនេះ កម្ពុជាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមុន មកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃ បែរជាមកចោទកម្ពុជាថា បានផ្ទុះអាវុធទៅវិញ ។
សកម្មភាពទាំងអស់នេះ អាចប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។
ក្នុងន័យនេះ កម្ពុជាស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានា ដែលបានបន្សល់ទុក ក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃ មកលើកងកម្លាំងកម្ពុជា ឱ្យបានហ្មត់ចត់បំផុត ជាពិសេសប្រភេទគ្រាប់ ដែលបានបាញ់ និងទិសដៅក្បាលគ្រាប់ ដែលបានបាញ់ចេញ សំដៅផ្តល់ នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរ។ ជាមួយគ្នានេះ កម្ពុជាក៏ស្នើឱ្យភាគីថៃ បង្ហាញឆន្ទៈដូចគ្នានេះផងដែរ ។
យោងតាមស្មារតី នៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) រួចហើយ កម្ពុជាអំពាវនាវឱ្យមានការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័សបំផុត ដើម្បីធានាថា ភាគីទាំងពីរ ពិតជាគោរព និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងពិតប្រាកដ និងដោយស្មោះត្រង់ មិនមែនត្រឹមតែនិយាយប៉ុណ្ណោះទេ ។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ឱ្យបានឆាប់រហ័ស ៕
ចែករំលែកព័តមាននេះ