ក្រុមហ៊ុនជប៉ុនមួយ ដែលបានកំពុងតែវិនិយោគលើការកែច្នៃកាកសំណល់ប្លាស្ទិកនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុបភ្នំពេញ មានគម្រោងនឹងពង្រីកផលិតកម្មបន្ថែមទៀតដើម្បីច្នៃវាទៅជាវត្ថុអនុស្សាវរីយ៍ ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ថា គម្រោងការពង្រីកផលិតកម្មនេះ ត្រូវបានលើកឡើងនៅពេល ដែលលោក អូគូមូរ៉ា យូស៊ូកេ (kumura Yusuke) ប្រធានក្រុមហ៊ុនកែច្នៃ GOMI RECYCLE ជួបលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ។
នៅក្នុងជំនួបនោះ លោក អូគូមូរ៉ា យូស៊ូកេ បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាមប្លាស្ទិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
លោកបានបន្តថា ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុនដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីកែច្នៃ ផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិម។
នៅកម្ពុជាសំរាមមានប្រមាណជា លើសពី ៤លានតោន នៅក្នុងនោះ២០ភាគរយត្រូវបានគេដឹងថា ជាសំណល់ប្លាស្ទិក ។
កន្លងមកកម្ពុជាលើកទឹកចិត្តឲ្យមានការកែច្នៃសំរាមនៅក្នុងប្រទេស ប៉ុន្តែមិនគាំទ្រលើការនាំចូលសំរាមមកបំពេញផលិតកម្មកែច្នៃសំរាមនៅក្នុងប្រទេសឡើយ ដើម្បីបង្ការកុំអោយប្រទេសក្លាយជាទីលានចាក់សំរាមពី ប្រទេសដទៃ ៕

ចែករំលែកព័តមាននេះ