ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រក​ឃើញ​ក្រុមហ៊ុន Tropical Fruit Asia ល្មើសច្បាប់​បរិស្ថាន​ ​បោះចោល​សំណល់​ផ្លែស្វាយ​ផ្តេសផ្តាស

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈើ​នាង…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​បាន​រក​ឃើញ​ល្មើសច្បាប់​បរិស្ថាន ដោយ​បាន​យក​សំរាម សំណល់​រឹង​ឧស្សាហកម្ម (​សំបក និង​គ្រាប់ស្វាយ​) ទៅ​ចាក់ចោល​នៅ​ទីតាំង​ដី​វាល និង​ដីស្រែ មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ ក្រុមការងារ​អធិកា​កិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ក្រសួងបរិស្ថាន បាន​ចុះ​ពិនិត្យ​លើ​ទីតាំង​ផ្ទាល់ និង​បាន​រក​ឃើញ​ថា ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដោយសារ​ក្រុមហ៊ុន​បាន​ដឹក​ជញ្ជូន និង​ការ​ទុកដាក់​សំណល់​រឹង​ឧស្សាហកម្ម ចុង​ក្រោយ​របស់​ក្រុមហ៊ុន ចាក់ចោល​ផ្តេសផ្តាស ពុំ​មែន​ជាទី​លាន​ទុកដាក់​សំរាម សំណល់​រឹង​ត្រឹមត្រូវ​។ លើស​ពី​នេះ ក្រុមហ៊ុន មិន​បាន​អនុវត្ត​តាម​ផែនការ​គ្រប់គ្រង​បរិស្ថាន ដូច​មាន​ចែង​ក្នុង​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន EIA ដំបូង និង​មិន​បាន​អនុវត្ត​តាម​កិច្ចសន្យា​ការពារ​បរិស្ថាន ។

ក្រសួងបរិស្ថាន បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​ការ​ពិន័យ​អន្តរការណ៍ លើ​ករណី​បាន​យក​សំណល់​រឹង ឧស្សាហកម្ម ទៅ​ចោល​លើ​ទីតាំង ដែល​ពុំ​មានការ​អនុញ្ញាត​ត្រឹមត្រូវ (​អនុលោម​តាម​មាត្រា​២៣៤ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​) និង​មិន​បាន​អនុវត្ត​តាម ផែនការ​គ្រប់គ្រង​បរិស្ថាន ដូច​មាន​ចែង​ក្នុង​របាយការណ៍ EIA ដំបូង (​អនុលោម​មាត្រា​៦៩៤ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ និង​ប្រកាស​អន្តរក្រសួង​លេខ ១០៧០)​។ លើស​ពី​នេះ ក្រុមហ៊ុន មិន​បាន​បាន​អនុវត្ត​តាម​កិច្ចសន្យា​ការពារ​បរិស្ថាន (​អនុលោម​មាត្រា​៦៩៤ នៃ​ក្រម​បរិស្ថាន និង​ប្រកាស​អន្តរក្រសួង​លេខ ១០៧០) ។

លើស​ពី​នេះ ក្រសួងបរិស្ថាន បាន​ចាត់វិធានការ​តម្រូវ​ឱ្យ​ក្រុមហ៊ុន បញ្ឈប់​ការ​ដឹក​សំណល់​រឹង (​គ្រាប់​និង​សំបក​ស្វាយ​) ទៅ​ចោល​នៅ​ទីតាំង​ដី ខាងលើ​ជា​បន្ត​ទៀត ទោះ​ក្នុង​រូបភាព​បែប​ណា​ក៏​ដោយ និង​ត្រូវ​ធ្វើការ​ប្រមូល និង​សម្អាត​សំណល់​រឹង (​គ្រាប់ និង​សំបក​ស្ចា​យ​) ដែល​បាន​យក​ទៅ​ចាក់ចោល​ក្នុង​ទីតាំង​ដី​របស់​ខ្លួន ចេញ​ឲ្យ​អស់​នៅ​មុន​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ