ខេត្តបន្ទាយមានជ័យ ៖ មានអំពើហិង្សាបានកើតឡើងទៅលើគ្រួសារមួយ បណ្តាលឲ្យស្ត្រីជាប្រពន្ធ និងកូនប្រុសអាយុ៤៥ថ្ងៃ កំពុងដេកនៅលើគ្រែរងរបួសធ្ងន់ ដោយសារបុរសជាប្តីយកសាំងមកចាក់ពីលើរួចកេះដែកកេះដុត បណ្តាលឱ្យឆាបឆេះ ចំណែកបុរសជាប្តី ក៏បានរងរបួស ដោយសារភ្លើងឆាបឆេះផងដែរ ។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៥ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះដូល ដាច់ អាយុ២៨ឆ្នាំ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងកូនឈ្មោះឈឿម វីដែន ភេទប្រុស អាយុ៤៥ថ្ងៃ ។ ជនរងគ្រោះទាំង២នាក់ម្តាយនិងកូនបានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ ចំណែកជនសង្ស័យជាប្តីឈ្មោះ ឈ្មោះឈួន ឈឿម ភេទប្រុស អាយុ៣៣ឆ្នាំ បានរងរបួសផងដែរ ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធនិងកូនអាយុ៤៥ថ្ងៃ កំពុងតែដេកលើគ្រែក្នុងរោងបាយ ក្រោយផ្ទះរបស់ម្តាយឈ្មោះយ៉ាន់ យួន អាយុ៥០ឆ្នាំ នៅភូមិជាមួយ ពេលនោះស្រាប់តែជនសង្ស័យជាប្តីបានយកសាំងទៅចាក់ពីលើប្រពន្ធនិងកូន ហើយយកដែកកេះកេះដុត បណ្តាលអោយឆេះប្រពន្ធនិងកូន ។ ពេលនោះប្រពន្ធបានស្ទុះរត់ចូលទៅក្នុងបន្ទប់ទឹក យកទឹកមកចាក់ដើម្បីពន្លត់ភ្លើងកំពុងឆេះខ្លួន ភ្លាមនោះជនសង្ស័យបានរត់ចូលបន្ទប់ទឹកដែរ ហើយបានយកដែកតួណឺវីសមកចាក់ត្រូវក្បាលស្ត្រីរងគ្រោះទៀត ។ ពេលនោះមានបងប្អូនជិតខាងបានចូលទៅជួយ បំរុងនិងចាប់ជនសង្ស័យដែរ តែជនសង្ស័យបានយកកាំបិតដែកមកកាន់នឹងដៃ រកកាប់អ្នកដែលមានបំណងទៅចូលទៅចាប់ ដោយឃើញបែបនេះបងប្អូនមិនហ៊ានចូលទៅជិត ។ បន្ទាប់មកជនដៃដល់បានជិះម៉ូតូម៉ាកហុងដាវ៉េវ មកទិសខាងត្បូងគេចខ្លួនបាត់ ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីរត់គេចខ្លួនដល់ខេត្តសៀមរាប ជនសង្ស័យបានចូលទៅសារភាព នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយនិយាយថាខ្លួនមានទំនាស់ក្នុងក្រុមគ្រួសារនិងបានចាក់សាំងដុត ប្រពន្ធនិងកូនអាយុ៤៥ថ្ងៃ នៅភូមិខ្វាវឃុំបុស្បូវ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ពេលបើកម៉ូតូគេចខ្លួនមកតាមផ្លូវខ្លួនក៏បានផឹកថ្នាំសម្លាប់សត្វល្អិតដើម្បីសម្លាប់ខ្លួនឯងដែរ តែនៅពេលជនសង្ស័យទៅដល់អធិការដ្ឋាននគរបាលក្រុងសៀមរាប តាមព័ត៌មានពីអធិការដ្ឋាននគរបាលក្រុងសៀមរាបថា ជនសង្ស័យ មានអាការៈរឹងថ្គាម ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប ។
សូមបញ្ជាក់ថា ប្តីប្រពន្ធទាំង២នាក់ខាងលើ កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២៥ បានធ្វេីការសម្របសម្រួលគ្នានៅសាលាឃុំបុស្បូវ រឿងមានទំនាស់ជាមួយគ្នាក្នុងក្រុមគ្រួសារ ការសម្របសម្រួលមិនទាន់ដាច់ស្រេចទេ ។ ករណីនេះបង្កមកពីជនសង្ស័យដើរតែផឹកមិនរកស៊ី ហើយរករឿងប្រពន្ធកូន ៕


ចែករំលែកព័តមាននេះ