រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលស្រវឹងស្រា ហើយនិយាយអួតអាងបាញ់សម្លាប់ និងប្រើពាក្យពុំសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ធ្វើការកោះហៅយកមកសួរនាំ និងសុំទោសជាសារធារណៈ ។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ចំពោះសកម្មភាពពាក្យសំដីបុរសម្នាក់ ដែលស្រវឹងស្រាខឹងនឹងកូនប្រសាប្រុស យកលុយចំណងដៃ ជិះម៉ូតូគេចខ្លួនបាត់ នៅចំណុចហាងមួយកន្លែង ក្នុងសង្កាត់អូរបែកក្អម និងបាននិយាយប៉ះពាល់ដល់ឈ្មោះថ្នាក់ដឹកនាំ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ បានធ្វើការកោះហៅបុរសឈ្មោះ អាន មករា ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរនិវត្តន៍ជនយោធិនពិការ មានទីលំនៅភូមិបុកស្បូវ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មកសួរនាំបំភ្លឺ ។
នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើបានរៀបរាប់ពីដំណើររឿងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ គាត់បានមកចូលរួមកម្មវិធីកាត់ចំណងដៃកូន នៅហាងសូណាមិ ផ្លូវ២០០៤ ភូមិអូរគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ លុះដល់វេលាម៉ោងប្រហែល០១:០០នាទីយប់អធ្រាត្រ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់ហាងគិតលុយ ទើបដឹងថា កូនប្រសារប្រុសឈ្មោះ ប៊យ ចាន់ណាត់ មុខរបរ ជាងជួសជុលរថយន្ត បានប្រមូលយកលុយចំណងដៃទាំងអស់ រត់គេចខ្លួនបាត់ ទើបគាត់មានការខឹងសម្បារនឹងកូនប្រសារ ក៏ស្រែកឡូឡា និងប្រើពាក្យសំដីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើទទួលស្គាល់ នូវកំហុសឆ្គងរបស់ខ្លួន និងសុំទោសជាសាធារណៈ ដល់ថ្នាក់ដឹកនាំ សាធារណជន សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះកំហុសឆ្គងដោយគាត់បានប្រើពាក្យសំដីមិនសមរម្យ។ បន្ទាប់ពីសុំទោសជាសាធារណៈ សមត្ថកិច្ចក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ និងអនុញ្ញាតឱ្យបុរសខាងលើត្រឡប់ទៅផ្ទះវិញ ៕


ចែករំលែកព័តមាននេះ