សិង្ហបូរី៖ ការតភ្ជាប់ថាមពលក្នុងតំបន់នឹងអាចជួយទប់ស្កាត់នូវការឡើងថ្លៃនៃតម្លៃថាមពលនិងអគ្គិសនី ឬអាចនិយាយបានថាវានឹងជួយដល់ទប់ស្កាត់នូវការប្រែប្រួលនៃតម្លៃថាមពលក្នុងតំបន់ ការរំខាននៃការផ្គត់ផ្គង់ និងការចែកចាយថាមពលមិនស្មើគ្នា។ តាមរយ:ការតម្រឹមរចនាសម្ព័ន្ធទីផ្សារ និងក្របខណ្ឌបទបញ្ញាត្តិប្រទេសនានាអាចដោះស្រាយ។
អ្នកជំនាញផ្នែកថាមពលបានលើកជាយោបល់ថា ការធ្វើសមាហរណកម្មទីផ្សារក្នុងតំបន់ ការតភ្ជាប់ក្នុងតំបន់គឺជួយដល់ការរក្សាថ្លៃនៃថាមពលមិនអោយមានការប្រែប្រួល ឬឡើងថ្លៃហួសហេតុ ព្រោះស្ថេរភាពតម្លៃថាមពលគឺជះឥទ្ធិពលដល់ការវិនិយោគ។ ជារួមមានតែក្របខណ្ឌច្បាប់របស់ប្រទេសនិមួយៗ និងការកំណត់តម្លៃថាមពលអោយមានស្ថិរភាព គឺជាការលើកទឹកចិត្តដល់អ្នកវិនិយោគផង និងជំរុញដល់ការប្រកួតប្រជែងផ្នែកថាមពលប្រកពដោយភាពច្នៃប្រឌិត។
លោក Hideaki Iwasaki អគ្គនាយកផ្នែកថាមពល និងដឹកជញ្ជួននៃធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព នៅក្នុងកម្មវិធីសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីថា សមារណកម្ម មិនថាតែសមាហរណកម្មទីផ្សារថាមពលនោះទេ គឺពិតជាមានសារះសំខាន់ក្នុងការជម្រុញការតភ្ជាប់ ពិសេសកិច្ចសហប្រតិបត្តិការថាមពលឆ្លងព្រំដែនប្រកបដោយភាពជោគជ័យនិងតម្លៃថាមពលដែលមានស្ថិរភាព។
ចំណុចគន្លឹះមួយទៀត គឺពាក់ព័ន្ធការតភ្ជាប់ថាមពលក្នុងតំបន់អាស៊ាន (ASEAN Power Grid) ហើយប្រសិនបើអ្នកក្រឡេកមើលចំណុចនេះ បណ្តាញតភ្ជាប់ណាមួយដែលអ្នកកំពុងសម្លឹងមើល នៅកម្រិតអាស៊ាន ពួកគេបានអនុវត្តជំហានជាច្រើន។ ខ្ញុំគិតថាបណ្តាប្រទេសនៅអាស៊ានបាននិងកំពុងអនុម័តផែនការសកម្មភាពនេះ ហើយខ្ញុំក៏គិតថាពួកគេក៏បានធ្វើឱ្យប្រសើរឡើងនូវ MOU ស្តីពីបណ្តាញថាមពលអាស៊ាន ដែលជាការអភិវឌ្ឍន៍វិជ្ជមានខ្លាំង។
សួរថាតើ ADB ជួយដល់អាស៊ានយ៉ាងណាដូចម្តេចខ្លះលើបញ្ហាការតភ្ជាប់ថាមពលនោះ អ្នកជំនាញខាងលើបានបញ្ជាក់ថា «ហិរញ្ញប្បទានរបស់យើងនឹងទៅដល់ប្រទេសនីមួយៗ ឬអង្គភាពដែលកំពុងអភិវឌ្ឍគម្រោងទាំងនោះ»។ យ៉ាងណាមិញ លោកបានបញ្ជាក់ជាថ្មីថា សមាហរណកម្មទីផ្សារថាមពលពិតជាមានសារះសំខាន់ដូចជាយើងដឹងថា ជាឧទាហរណ៍ ការតភ្ជាប់សិង្ហបុរី-ម៉ាឡេស៊ី ត្រូវបានលលើកឡើងផងដែរនៅក្នុងវេទិកាសប្តាហ៍ថាមពលនៅទីនេះ។ ជាមួយគ្នានេះផងដែរ ការតភ្ជាប់ទៅកាន់ប្រទេសវៀតណាម កម្ពុជា ឬពីប្រទេសជិតខាងភាគខាងជើង ឡាវ ថៃ តាមរយៈម៉ាឡេស៊ី ទៅកាន់សិង្ហបុរី និងពីប្រទេសឥណ្ឌូនេស៊ីផងដែរ។
យើងបាននិងកំពុងធ្វើការជាមួយអាស៊ាន និងប្រទេសនីមួយៗក្នុងការកែទម្រង់បទប្បញ្ញត្តិចាំបាច់ៗនិងសំខាន់ៗសម្រាប់ការតភ្ជាប់ថាមពលក្នុងកម្រិតណាមួយក្នុងតំបន់។ ដើម្បីអោយការតភ្ជាប់ ឬការធ្វើសមាហរណកម្មទីផ្សារថាមពលទៅបាន វាមិនមែនមានន័យថាគ្រប់ប្រទេសត្រូវតែមានគោលការណ៍ដូចគ្នានោះទេ ព្រោះប្រទេសនិមួយៗក្នុងតំបន់អាស៊ាន ឬតំបន់ផ្សេងៗសុទ្ធតែមានច្បាប់និងបទបញ្ញាត្តិរបស់ប្រទេសរៀងៗខ្លួន។ ប៉ុន្តែប្រទេសនិមួយក៏បាននិងកំពុងនិយាយអំពីថាមពលកកើតឡើងវិញផងដែរ វាតែងតែស្ថិតនៅក្នុងបរិបទនៃការឈានទៅមុខនៃការបង្កើតឡើងវិញនៃថាមពលពីប្រភពផ្សេងៗ។ នៅក្នុងបរិបទនោះ រដ្ឋាភិបាលទាំងអស់កំពុងចាត់វិធានការជាមូលដ្ឋានដើម្បីធ្វើកំណែទម្រង់គោលនយោបាយរបស់ពួកគេ ហើយយើងបានជួយពួកគេតាមរយៈអន្តរាគមន៍ផ្នែកថាមពល។
ដូច្នេះ ការមើលឃើញគោលនយោបាយ និងស្ថិរភាពនៃប្រទេសនិមួយៗនឹងមានសារៈសំខាន់ខ្លាំងណាស់។ ព្រោះបើគ្មានស្ថេរភាពក្នុងប្រទេស និងស្ថេរភាពនៃតម្លៃថាមពលទេ វាពិបាកណាស់សម្រាប់វិស័យឯកជនក្នុងការចូលមកវិនិយោគនៅក្នុងប្រទេសនោះ។ ការវិនិយោគលើវិស័យថាមពល និងថាមពលកកើតឡើងវិញ នឹងក្លាយជាការវិនិយោគរយៈពេលវែងក្នុងវិស័យថាមពល ព្រោះវាមិនមែនជាកម្រោងរយ:ពេលខ្លីអាចកើតឡើងនោះទេ។ នោះជារឿងសំខាន់ និងសំខាន់បំផុតក្នុងប្រទេសនីមួយៗ។ ប៉ុន្តែនៅពេលនិយាយអំពីសមាហរណកម្មក្នុងតំបន់ ការធ្វើសមាហរណកម្មគឺចាំបាច់ព្រោះប្រភពថាមពលសម្រាប់កកើតឡើងវិញ និងមជ្ឈមណ្ឌលផ្ទុក ត្រូវបានចែកចាយស្មើៗគ្នានៅក្នុងតំបន់។ មានប្រទេសមួយចំនួនដែលមានប្រភពថាមពលកកើតឡើងវិញច្រើន ហើយមានប្រទេសផ្សេងទៀតដែលមិនមានវា ប៉ុន្តែមានមជ្ឈមណ្ឌលផ្ទុកថាមពលច្រើន។ ប្រទេសសិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមពួកគេដែលប្រើប្រាស់ថាមពលច្រើន។
លោក Hideaki Iwasaki មានប្រសាសន៍បន្ថែមថា ដូច្នេះ ការតភ្ជាប់ប្រទេសទាំងនេះនឹងជួយតំបន់ទាំងមូលឱ្យប្រើប្រាស់ធនធានថាមពលរបស់ពួកគេប្រកបដោយប្រសិទ្ធភាពជាងមុន។ នោះពិតជាហេតុផលនៅពីក្រោយការរួមបញ្ចូលក្នុងតំបន់នៅក្នុងវិស័យថាមពល។ ប៉ុន្តែដើម្បីឱ្យសមាហរណកម្មកើតឡើង ប្រទេសនានាគួរតែសហការគ្នាសម្រាប់ការតភ្ជាប់។ ហើយពួកគេក៏ព្យាយាមធ្វើឲ្យស្របតាមគោលនយោបាយ និងបទប្បញ្ញត្តិរបស់ប្រទេសពួកគេផងដែរ។
ដូច្នេះ ខ្ញុំគិតថា ប្រទេសនីមួយៗ ពួកគេនឹងត្រូវធ្វើកំណែទម្រង់។ ប៉ុន្តែនៅក្នុងកម្រិតតំបន់ ពួកគេនឹងត្រូវសម្របសម្រួល និងចុះសម្រុងគ្នាតាមដែលអាចធ្វើទៅបានអោយស្របតាមគោលនយោបាយរបស់ពួកគេ។ ប៉ុន្តែខ្ញុំមិននិយាយថា ប្រទេសទាំងអស់គួរតែប្រកាន់យកគោលនយោបាយដូចគ្នានោះទេ។ ព្រោះវាមិនអាចទៅរួចទេ។ ដូច្នេះ ប្រទេសផ្សេងៗគ្នាមានបរិបទតែមួយគត់រៀងៗខ្លួនស្របតាមបរិបទភូមិសាស្ត្រ និងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច។
ស្រដៀងគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត តាន់ ស៊ី លេង (Tan See Leng) រដ្ឋមន្ត្រីទទួលបន្ទុកថាមពល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សិង្ហបុរី ថ្លែងបើកក្នុងវេទិកា Singapore-IEA Forum កាលពីថ្ងៃទី ២៨ ខែតុលា ដែលជាថ្ងៃទី២នៃវេទិកាសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរីថា ការតភ្ជាប់ក្នុងតំបន់ពិតជាសំខាន់ និងបានអំពាវនាវឱ្យមានកិច្ចសហការកាន់តែរឹងមាំ និងប្រព័ន្ធឆ្លាតវៃ ដើម្បីផ្តល់ថាមពលដល់ការផ្លាស់ប្តូរថាមពលរបស់អាស៊ីអាគ្នេយ៍។
ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិត តាន់ ស៊ី លេង បានលើកឡើងប្រឆាំងនឹងការកើនឡើងនៃតម្រូវការ និងសម្ពាធ decarbonisation លោកបានជំរុញឱ្យអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំឧស្សាហកម្មឱ្យបង្កើតប្រព័ន្ធអេកូឡូស៊ីដែលឆ្លាតវៃ រួមបញ្ចូលក្នុងតំបន់ និងមានភាពធន់ ខណៈពេលដែលជំរុញឱ្យមាននិរន្តរភាពនៃតម្លៃថាមពល។
លោកបណ្ឌិត ក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់នៃតភ្ជាប់បណ្តាញថាមពលឆ្លាតវៃ (Smart grids) ដែលដំណើរការដោយបច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្បនិម្មិត (AI) ដើម្បីកែលម្អការព្យាករណ៍តម្រូវការថាមពល បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនភាពជឿជាក់។ ប្រទេសសិង្ហបុរីកំពុងដាក់ពង្រាយ AI តាមរយៈការបង្កើតថ្មីដូចជា Grid Digital Twin ដែលតាមដាន និងក្លែងធ្វើបណ្តាញថាមពលជាតិក្នុងពេលជាក់ស្តែង ដែលជាគំរូដែលអាចធ្វើមាត្រដ្ឋានក្នុងតំបន់តាមរយៈភាពជាដៃគូជាមួយ IEA៕








ចែករំលែកព័តមាននេះ