ប្រេងហឺតល្បី១ប្រភេទ ត្រូវថៃប្រមូលមកវិញ ក្រោយរកឃើញគ្មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់
ទីក្រុងបាងកក ៖ រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ ហៅកាត់ថា FDA កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា…
ទីក្រុងបាងកក ៖ រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ ហៅកាត់ថា FDA កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា…
ទីក្រុងបាងកក ៖ រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ ហៅកាត់ថា FDA កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា ប្រេងហិតម៉ាក «Hong Thai Formula 2» មានការបំពុលដោយបាក់តេរីខ្ពស់ គ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ជំរុញឱ្យក្រុមហ៊ុន Thai Herbal Hong Thai ប្រមូលផលិតផលរបស់ខ្លួនចំនួន ២០ម៉ឺនដប ត្រឡប់មកវិញ។ នេះបើតាមប្រភពពីកាសែតថៃ The Nation និងសារព័ត៌មាន CNA និង VNExpress បានចេញផ្សាយ។
FDA រកឃើញថា ប្រេងហឺត «Hong Thai Formula 2» ផលិតផលត្រូវបានផ្សព្វផ្សាយថា ឱសថជួយសម្រួលផ្លូវដង្ហើម និងអាការៈឈឺក្បាល មិនបានបំពេញតាមស្តង់ដារគុណភាពនៃការធ្វើតេស្តការបំពុលមីក្រូសរីរាង្គនោះទេ ដោយកម្រិតបំពុលលើសពីកម្រិតដែលត្រូវបានអនុញ្ញាត។ វាក៏មានផ្ទុកបាក់តេរី Clostridium ផងដែរ។
FDA បញ្ជាក់ថា ផលិតផលនេះ រំលោភលើច្បាប់របស់ក្រសួងសុខាភិបាលសាធារណៈទាក់ទងនឹងស្តង់ដារ ភាពបរិសុទ្ធ និងលក្ខណៈសំខាន់ៗផ្សេងទៀត ដែលប៉ះពាល់ដល់គុណភាពនៃការប្រើប្រាស់។ FDA បានជំរុញឱ្យសាធារណជនប្រុងប្រយ័ត្ននៅពេលទិញ ឬប្រើប្រាស់ផលិតផលនេះ។ ទីភ្នាក់ងារនេះ ក៏បានបន្ថែមថា ខ្លួនកំពុងវាយតម្លៃវិធានការផ្លូវច្បាប់ប្រឆាំងនឹងភាគីពាក់ព័ន្ធស្របតាមច្បាប់។
បើតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Johns Hopkins មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា បាក់តេរី Clostridium មានសមត្ថភាពបង្កើតផ្សិតដើម្បីរស់នៅក្នុងបរិស្ថានដូចជា ដី ឬប្រព័ន្ធរំលាយអាហារមនុស្ស។ បាក់តេរីនេះ អាចបណ្តាលឱ្យមានជំងឺតេតាណូស (Tetanus) និងបូទូលីស (Botulism)។
បន្ទាប់ពីសេចក្តីថ្លែងការណ៍ FDA ត្រូវបានចេញផ្សាយ ក្រុមហ៊ុន Thai Herbal Hong Thai បានអះអាងថា ខ្លួនបានប្រមូលផលិតផលរងផលប៉ះពាល់ ២០ម៉ឺនដប លេខផលិត 000332 ដែលត្រូវបានផលិតនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ និងផុតកំណត់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៧ មកវិញ។
លោក Teerapong Rabueathum ស្ថាបនិកក្រុមហ៊ុនបានឱ្យដឹងថា ការប្រមូលមកវិញ ត្រូវបានកំណត់ចំពោះតែផលិតផលផលិតនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ប៉ុណ្ណោះ ខណៈដែលផលិតផលផ្សេងទៀតនៅតែមិនរងផលប៉ះពាល់ និងមានសុវត្ថិភាពសម្រាប់ការលក់ និងប្រើប្រាស់។ លោកបានបន្ថែមថា របាយការណ៍ដែលអះអាងថា ក្រុមហ៊ុននឹងបញ្ឈប់ការផលិត និងការលក់ទាំងអស់ គឺជារឿងមិនត្រឹមត្រូវ ដោយលោកសម្គាល់ថា ការប្រកាសរបស់ FDA អនុវត្តចំពោះតែផលិតផលរកឃើញថា មិនបំពេញតាមស្តង់ដារតែប៉ុណ្ណោះ។
ក្រុមហ៊ុនបានកំណត់យកថ្ងៃទី៤ ខែវិច្ឆិកា សម្រាប់ការបំផ្លាញចោលនូវផលិតផលដែលបានប្រមូលមកវិញ ដោយសហការជាមួយនឹង FDA ហើយសន្និសីទសារព័ត៌មាននឹងធ្វើឡើងក្នុងរយៈពេល ២-៣ ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំ ដើម្បីផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះ។
ប្រេងហឺត Hong Thai Formula 2 ទទួលបានអាជ្ញាប័ណ្ណ តាំងពីឆ្នាំ២០២១ ហើយទទួលបានកិត្តិនាមល្បីល្បាញខ្លាំង បន្ទាប់ពីវាត្រូវបានប្រើប្រាស់ដោយកញ្ញា Lisa តារាចម្រៀងជនជាតិថៃ សមាជិកក្រុមចម្រៀង Black Pink ដ៏ល្បីរបស់កូរ៉េខាងត្បូង។
FDA បានព្រមានថា ក្រុមហ៊ុនផលិតណាដែលរំលោភបំពានច្បាប់ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមា ២ ឆ្នាំ និងពិន័យជាទឹកប្រាក់ដល់ ២០ម៉ឺនបាត ឬ ៦ ២០០ដុល្លារអាមេរិក៕




ចែករំលែកព័តមាននេះ