ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ហាមឃាត់​ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ផលិតផល​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​ បានប្រកាស​សេចក្តីណែនាំ​ហាមឃាត់​ការ​ទទួល​ទាន​ ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ ។…

រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​ បានប្រកាស​សេចក្តីណែនាំ​ហាមឃាត់​ការ​ទទួល​ទាន​ ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ ។

សេចក្តី​ណែនាំរបស់​ក្រសួង​អប់រំ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០២៥ ​បាន​លើក​ឡើង​ថា ​ក្នុង​គោលបំណង​យកចិត្តទុកដាក់​បន្ថែម​លើ​សុខភាព​សិស្ស ការ​បង្ការ​ហានិភ័យ​នៃ​ជំងឺមិនឆ្លង ជា​ពិសេស​ ជំងឺ​ទឹកនោមផ្អែម​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​ចំណោម​សិស្សានុសិស្ស​ពាក់ព័ន្ធ​នឹង​ទម្លាប់​ទួល​ទាន ចំណីអាហារ ភេសជ្ជៈ​ផ្អែម និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ហាមឃាត់​ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ​។

​ក្នុង​ន័យ​នេះ មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ត្រូវ​អនុវត្ត​ដូច​ខាងក្រោម​៖

១-​ត្រូវ​ហាមឃាត់​ដាច់ខាត​នូវ​ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ នៅ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​។

២-ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់​នូវ​បទ​ប្បញ្ញត្តិ​នានា ដែល​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​ និង​អាហារ​ប្រកបដោយ​សុខភាព​នៅ​តាម​គ្រឹះស្ថានសិក្សា ដែល​ក្រសួង​បាន​ណែនាំ​កន្លង​មក​។

៣-ត្រូវ​ដាក់​បញ្ចូល​បន្ថែម​នៅ​ក្នុង​បទបញ្ជាផ្ទៃក្នុង ហាមឃាត់​ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​ ។

៤-​ត្រូវ​អប់រំ និង​ក្រើនរំឭក​ជា​ប្រចាំ​អំពី​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​បទបញ្ជាផ្ទៃក្នុង និង​ក្រម​ប្រតិបត្តិ​របស់​គ្រឹះស្ថានសិក្សា​ស្តី​ពី​ការ​ហាមឃាត់​ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ នៅ​ក្នុង​បរិ
​វេណ​គ្រឹះស្ថានសិក្សា​។

៥-​ត្រូវ​ចលនា​អ្នក​សិក្សា​និង​បុគ្គលិក​អប់រំ ចូលរួម​ក្នុង​ការ​ផលិត​ស្លាក​សញ្ញា ឬ​សារ​អប់រំ​។

៦-​ត្រូវ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ឱ្យ​បាន​ទូលំទូលាយ នៅ​ពេល គោរព​ទង់ជាតិ កិច្ចប្រជុំ ឬ​កម្មវិធី​ប្រមូលផ្តុំ​ផ្សេង​ៗ​របស់​គ្រឹះស្ថានសិក្សា​។

៧-ត្រូវ​ពិនិត្យ​តាមដាន​រាល់​សកម្មភាព​នៃ​ការ​ទទួលទាន​ការ​ចែកចាយ ការ​តាំង​លក់ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ដើម្បី​មាន​វិធានការ​ដោះស្រាយ​តាម​ស្ថានភាព​ជាក់ស្តែង បញ្ឈប់​ភ្លាម​ៗ​នូវ​ការ​ទទួល​ទាន ការ​ចែកចាយ ការ​តាំង​លក់ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​ដកហូត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​​គ្រប់​ប្រភេទ​នៅ​នឹង កន្លែង និង​បញ្ឈប់​កិច្ចសន្យា​លក់ដូរ​ក្នុង​ករណី​រក​ឃើញជាក់ស្តែង​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​ ។

៨-ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​គ្រប់​លដា​ប់ថ្នាក់ ដើម្បី​ចូលរួម​អនុវត្ត​សេចក្តីណែនាំ​នេះ​សំដៅ​ធ្វើ​ឱ្យ «​គ្រឹះស្ថានសិក្សា គ្មាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​»​។

៩-ត្រូវធ្វើ​របាយការណ៍​ប្រចាំឆមាស និង​ប្រចាំឆ្នាំ ឆ្លង​តាម​ឋានានុក្រម និង​ផ្ញើ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា (​នាយកដ្ឋាន​សុខភាព​សិក្សា​)​។

ជាមួយ​គ្នា​នេះ​ដែរ​ក្រសួង​អប់រំ​សង្ឃឹមថា មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយា​ល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ទាំងអស់ ត្រូវ​យក​ចិត្ត​ទុកដាក់​អនុវត្ត​សេចក្តីណែនាំ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ