ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ស្លា.ប់​ដោយ​សារ​ការ​ឆេះ​អគារ​នៅ​ហុង​កុង​កើនឡើង​ដល់​៩៤​នាក់

1 ម៉ោង មុន

ទី​ក្រុង​ហុង​កុង៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ហេតុ​ការណ៍​ឆេះ​អគារ​ស្នាក់​នៅ​នៅ​ទី​ក្រុង​ហុង​កុង​នោះ​បាន​កើនឡើង​ដល់​៩៤​នាក់​ហើយ​បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​បន្ត​បន្ទាប់​។ ភ្នាក់​ងារ​អគ្គិភ័យ​បាន​ខិត​ខំ​បំពេញ​ការ​ងារ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ដើម្បី​ពន្លត់​ភ្លើង​ដែល​នៅ​សេស​សល់​នៃ​អគារ​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​។ កាល​ពី​យប់​មិញ ក្រុមអ្នក​ជួយ​សង្គ្រោះ​បាន​ឆ្លុះ​ពិល​នៅ​ក្នុង​ខ្មោច​អគារ​ដើម្បី​ពិនិត្យ​សភាព​ការណ៍​ក្រោយ​ពេល​ឆេះ​។ ទី​នេះ​ជា​បណ្ដុះ​អគារ​ដែល​មាន​ផ្ទះ​ជាង​២​ពាន់​ល្វែង និង​មាន​ប្រជា​ជន​រស់​នៅ​ជាង​៤​ពាន់​នាក់​នៅ​សង្កាត់​ថៃ​ប៉ូ (Tai Po)។ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ប្រាប់​ថា​ក្រុម​សង្គ្រោះ​​បន្ត​ធ្វើ​ការ​នៅ​ក្នុង​អគារ​ដែល​ឆេះ​ទាំង​នោះ​…

ទី​ក្រុង​ហុង​កុង៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ហេតុ​ការណ៍​ឆេះ​អគារ​ស្នាក់​នៅ​នៅ​ទី​ក្រុង​ហុង​កុង​នោះ​បាន​កើនឡើង​ដល់​៩៤​នាក់​ហើយ​បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​បន្ត​បន្ទាប់​។ ភ្នាក់​ងារ​អគ្គិភ័យ​បាន​ខិត​ខំ​បំពេញ​ការ​ងារ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ដើម្បី​ពន្លត់​ភ្លើង​ដែល​នៅ​សេស​សល់​នៃ​អគារ​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​។

កាល​ពី​យប់​មិញ ក្រុមអ្នក​ជួយ​សង្គ្រោះ​បាន​ឆ្លុះ​ពិល​នៅ​ក្នុង​ខ្មោច​អគារ​ដើម្បី​ពិនិត្យ​សភាព​ការណ៍​ក្រោយ​ពេល​ឆេះ​។ ទី​នេះ​ជា​បណ្ដុះ​អគារ​ដែល​មាន​ផ្ទះ​ជាង​២​ពាន់​ល្វែង និង​មាន​ប្រជា​ជន​រស់​នៅ​ជាង​៤​ពាន់​នាក់​នៅ​សង្កាត់​ថៃ​ប៉ូ (Tai Po)។ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ប្រាប់​ថា​ក្រុម​សង្គ្រោះ​​បន្ត​ធ្វើ​ការ​នៅ​ក្នុង​អគារ​ដែល​ឆេះ​ទាំង​នោះ​ និង​ដើរ​ឆ្លង​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត​ធ្វើ​ម៉េច​ឱ្យ​គ្រប់​បន្ទប់​ទាំង​អស់​នៃ​បណ្ដុំ​អគារ​ទាំង​៧​ខ្នង​។ ធ្វើ​ដូច្នេះ​ដើម្បី​ធានា​ថា​ពួក​គេ​នឹង​រក​ឃើញ​ចំនួន​អ្នក​ស្លាប់​​គ្រប់​ចំនួន​​។​

អនុ​ប្រធាន​ផ្នែក​អគ្គិភ័យ​ប្រចាំ​ទី​ក្រុង​ហុង​កុងថ្លែង​ថា​ប្រតិ​បត្តិ​ការ​ពន្លត់​ភ្លើងសឹង​តែ​ឈាន​ចូល​ដល់​ទី​បញ្ចប់​ហើយ​​។ ភ្នាក់​ងារ​អគ្គិភ័យ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​មិន​ឱ្យ​កម្ទេច​កម្ទី និង​រងើក​ភ្លើង​បង្ក​ជា​ភ្លើង​ឆេះ​សា​ជា​ថ្មី​។ កិច្ច​ការ​ជា​បន្ត​ទៅ​ទៀត​​​គឺ​​​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​។ ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​តួ​លេខ​ជាក់​លាក់​ណា​មួយ​បង្ហាញ​ថា​មនុស្ស​បាត់​ខ្លួន​ ឬ​ជាប់​ផុង​នៅ​ក្នុង​អគារ​មាន​ប៉ុន្មាន​នាក់​ទេ​។ អភិបាល​ក្រុង​ហុង​កុង លោក​ចន​លី​ ថ្លែង​ថា​គេ​បាន​ដាច់​ការ​ទាក់​ទង​ទាំង​ស្រុង​ជា​មួយ​មនុស្ស​២៧៩​នាក់។

អាជ្ញា​ធរ​មិន​បានធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​ចំនួន​អ្នក​បាត់​ខ្លួន​ ឬ​អ្នក​ដែល​ជាប់​ផុង​នៅ​ក្នុង​អគារ​ទេ​។ តាម​រយៈ​វីឌីអូ​ដែល​គេ​ថត​បាន​ គេ​ឃើញ​ក្រុម​ជួយ​សង្គ្រោះ​ដើរ​ស្រាវ​ជ្រាវ​មើល​នៅ​តាម​បន្ទប់​អគារ​នៅ​ក្នុង​សភាព​ងងឹត​​សូន្យ​។ ​មើល​ពី​ខាង​ក្រៅ​បង្អួច​ទៅ​ក្នុង​បន្ទប់​ខ្លះ គេ​ឃើញ​ពន្លឺ​ភ្លើង​ប្លុង​ៗ​ពណ៌​​ទឹក​ក្រូច។ ភ្នាក់​ងារ​អគ្គិ​ភ័យ​បាន​ និង​កំពុង​បន្ត​ការ​ងារ​របស់​ខ្លួន​ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ពុធ​នៅ​ពេល​ភ្លើង​ចាប់​ផ្ដើម​ឆេះ​ចេញ​ពី​រន្ធា​ឫស្សី និង​សំណាញ់​កៅស៊ូ​​ដែល​គេ​ប្រើ​ប្រាស់​​​សម្រាប់​ជួស​ជុល​អគារ​។

អគ្គិភ័យ​នេះ​ឆាប​ឆេះ​ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេក​ហើយ​។ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​ ភ្លើង​ចាប់​ផ្ដើម​ឆេះ​រាល​ដាល​ទៅ​អគារ​ដែល​នៅ​ជិត​ៗ​នោះ​។ ចំណែក​ភ្នាក់​ងារ​សង្គ្រោះ​ក៏​ពិបាក​ចូល​ទៅ​ក្នុង​អគារ​ដើម្បី​ជម្លៀស​អ្នក​ជាប់​ផុង​នៅ​ក្នុង​អគារ​ផង​ដែរ​។ នៅ​ពេល​កំពុង​ឆេះ​​នោះ មាន​កម្ទេច​កម្ទី និង​រន្ទា​ឫស្សី​ធ្លាក់​មក​ប្រាវ​ៗ​ពី​ជាន់​ខាង​លើ​។ មាន​មូល​ហេតុ​ដទៃ​ទៀត​ដែល​ធ្វើ​ឱ្យ​មានមនុស្ស​ស្លាប់​ច្រើន​ដល់​ថ្នាក់​នេះ​ដូច​ជា​​អាកាស​ធាតុ​ក្ដៅ​, ភ្លើង​ឆេះ​នៅ​ក្នុង​ពេល​យប់​ងងឹត,​ រថ​យន្ត​សង្គ្រោះ​ត្រូវ​បាន​ស្កាត់​ផ្លូវ​ដោយ​រន្ទា​ និង​កម្ទេច​កម្ទី​ដែល​ធ្លាក់​​រាយ​ប៉ាយ​នៅ​លើ​ដី​​​​​។

ជា​រួម​ នាយក​ដ្ឋាន​អគ្គិភ័យ​ប្រកាស​ថា​មនុស្ស​ជាង​៧០​នាក់​រង​របួស​ ក្នុង​នោះ​១១​នាក់​ជា​ភ្នាក់​ងារ​អគ្គិភ័យ, ៩៤​នាក់​ស្លាប់​ និង​៩រយ​នាក់​ជម្លៀស​ខ្លួន​​ចេញ​ពី​អគារ​​ទាន់​ពេល​វេលា​ ហើយ​ដឹក​ទៅ​ស្នាក់​នៅ​ក្នុង​ទី​ជម្រក​បណ្ដោះ​អាសន្ន​ទាំង​​កណ្ដាល​យប់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ