ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំថ្លែងថាលោកបានណែនាំឱ្យដាក់ពង្រាយកងទ័ពនៅទីក្រុងផតលែន (Portland) រដ្ឋអូរេហ្គឹន (Oregon) ដើម្បីការពារការិយាល័យធ្វើការរបស់ទីភ្នាក់ងារអន្តោប្រវេសន៍ដែលអាចប្រឈមនឹងការបំផ្លិចបំផ្លាញរបស់ក្រុមដែលលោកហៅថា «ក្រុមភេរវករក្នុងស្រុក»។ លោកថ្លែងថាលោកសូមផ្ដល់សិទ្ធិឱ្យកងទ័ពទាំងនោះប្រើប្រាស់កម្លាំងចាត់ការយ៉ាងពេញបន្ទុកនៅក្នុងករណីចាំបាច់។
លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមថាលោកបានណែនាំឱ្យរដ្ឋមន្ត្រីការពារជាតិផ្ដល់ឱ្យកងទ័ពនូវមធ្យោបាយដែលចាំបាច់ទាំងអស់ដើម្បីការពារផតលែន និងការិយាល័យអន្តោប្រវេសន៍ដែលកំពុងជាប់ការឡោមព័ទ្ធពីសំណាក់ក្រុមអានទីហ្វា (Antifa) និងក្រុមភេរវរក្នុងស្រុកដទៃទៀត។ អភិបាលទីក្រុងផតលែន លោកខេតវីលសុន (Keith Wilson) ជាមនុស្សរបស់គណបក្សប្រជាធិបតេយ្យ។ ដូច្នេះ នៅពេលឆ្លើយតបទៅបទបញ្ជារបស់លោកត្រាំ អភិបាលរូបនេះប្រើសម្ដីរាងផ្គើនបន្តិច។

លោកខេតវីលសុនថ្លែងថាយើងមិនត្រូវការកងទ័ពសូម្បីតែម្នាក់ មិនថានៅផតលែន ឬទីក្រុងអាមេរិកដទៃទៀតនោះទេ។ លោកត្រាំមិនអាចរកឃើញការប្រព្រឹត្តល្មើសច្បាប់ ឬអំពើហិង្សានៅទីនេះទេលើកលែងតែគាត់រៀបចំឱ្យមានបាតុភាពទាំងនេះដោយខ្លួនឯង។ អភិបាលរដ្ឋអូរេហ្គឹន លោកស្រីធីណា ខូថិច (Tina Kotek) ដែលជាមនុស្សរបស់គណបក្សប្រជាធិបតេយ្យដែរបានច្រានចោលការចង់បញ្ជូនកងទ័ពទៅឈរជើងនៅរដ្ឋនេះ។ លោកស្រីថាលោកស្រីបាននិយាយជាមួយលោកត្រាំ និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិរួចហើយ។
លោកស្រីខូថិចថ្លែងបន្តទៀតថាសម្រាប់ពេលនេះគ្មានអំពើបះបោរ, គ្មានការគំរាមកំហែងចំពោះសន្តិសុខជាតិ និងគ្មានការចាំបាច់ដើម្បីបញ្ជូនកងទ័ពទៅឈរជើងនៅក្នុងទីក្រុងធំៗទូទាំងរដ្ឋអូរេហ្គឹនទេ។ ប៉ុន្តែលោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រនេះក្រុមមនុស្សអាក្រក់ព្យាយាមដុតបំផ្លាញអគារនៅទីក្រុងផតលែន។ លោកថាពួកគេជាអ្នកញុះញង់ និងបង្កភាពអនាធិបតេយ្យជាអាជីពតែម្ដង៕
ចែករំលែកព័តមាននេះ