រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យកម្ពុជា ទទួលបានការបណ្តុះបណ្តាលស្តីពីការវះដាក់ថ្មបេះដូងពិសេសទំនើបដោយមានការចូលរួមសហការរវាងក្រុមគ្រូពេទ្យឯកទេសវិបត្តិចង្វាក់បេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និង សាស្ត្រាចារ្យវេជ្ជបណ្ឌិតមកពីប្រទេសរ៉ូម៉ានី។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៧ ខែកញ្ញានេះ បានឱ្យដឹងថា កាលពីម្សិលមិញ មន្ទីរពេទ្យកាល់ម៉ែត រួមជាមួយសាស្ត្រាចារ្យវេជ្ជបណ្ឌិត Dragos Cozma (Past president of working Arrhythmia Group, Romania Society of Cardiology, National Pacing Certification Coordinator) មកពីប្រទេសរ៉ូម៉ានី បានរៀបចំវគ្គបណ្តុះបណ្តាលបន្តស្តីពីការការវះដាក់ថ្មបេះដូងពិសេសទំនើប (Conduction System Pacing) ដោយមានការចូលរួមពីវេជ្ជបណ្ឌិតវិបត្តិចង្វាក់បេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និង មន្ទីរពេទ្យគន្ធបុប្ផា។
វគ្គបណ្តុះបណ្តាលនេះ រួមមានបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ ដោយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសរ៉ូម៉ានី។
វគ្គបណ្តុះបណ្តាលនេះទៀតសោត ជាការបណ្តុះបណ្តាលបន្ត ជួយឲ្យក្រុមគ្រូពេទ្យវិបត្តិចង្វាក់បេះដូងកម្ពុជាទទួលបាននូវចំណេះដឹង និងបទពិសោធថ្មីៗបន្ថែមទៀត ដើម្បីបង្កើនគុណភាពព្យាបាលដល់អ្នកជំងឺឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់៕
ចែករំលែកព័តមាននេះ