រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ ថ្ងៃនេះ មានការរំលោភលើបទឈប់បាញ់ ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំ(សម្តេចតេជោ ហ៊ុន សែន)បានកោះប្រជុំបន្ទាន់ តាមអនឡាញ ណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត ។
ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាង សុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជា បានសុំយ៉ាងទទូច ដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់ ។
ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាន នៃក្រុម IOT ធ្វើនូវកិច្ចការពីរ ៖
១. ធ្វើកោសល្យវិច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា ។
២. ជាចំណុចសំខាន់ គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថា គ្រាប់ចេញពីទិសដៅណា ? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា ? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ ។
សូមកងទ័ពកម្ពុជា រក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈ ឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃ និងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យ ដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់ រាប់ទាំងកម្ពុជា និងថៃ ។

សូមជម្រាបថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ៖ យោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក ៖
-លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី
-លើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី ។
នៅក្នុងហេតុការណ៍ ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជា មិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។ កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចៃយ៉ា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និងការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលរហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានរយៈពេល ៦០ថ្ងៃហើយ ។
ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា ការវិវត្តន៍ នៃស្ថានការណ៍នៅជួរមុខ ចាប់តាំងពីម៉ោង ១២:៤៦ នាទីរសៀល មកដល់ម៉ោង ១៨:៣០នាទីនេះ តាមការផ្តល់ស្ថានភាពមានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃ បានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន។ ជាមួយគ្នានេះ កងកម្លាំងរបស់យើង បាននឹងបន្តតាមដានសភាពការណ៍ ដោយប្រុងប្រយ័ត្នលើការវិវត្តន៍នេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន ។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា ដោយស្មារតីស្ថាបនា និងស្មោះត្រង់ ៕
ចែករំលែកព័តមាននេះ