ទីក្រុងហ្កាហ្សា៖ ការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានសម្លាប់មនុស្ស៥៩នាក់។ នេះបើតាមការអះអាងរបស់មន្ត្រីសុខាភិបាលប្រចាំតំបន់ហ្កាហ្សា។ ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលសហគមន៍អន្តរជាតិបន្តដាក់សម្ពាធកាន់តែខ្លាំងទៅលើអ៊ីស្រាអែលដើម្បីចរចាគ្នាឱ្យមានបទឈប់បាញ់ និងនាំយកចំណាប់ខ្មាំង ឬសាកសពចំណាប់ខ្មាំងត្រឡប់មកវិញ។ ទោះបីរងសម្ពាធបែបនេះក្ដី ប្រមុខដឹកនាំអ៊ីស្រាអែលនៅតែប្រកាន់ជំហររឹងមាំនៅក្នុងបញ្ហានេះ និងនៅតែប្ដេជ្ញាចិត្តធ្វើសង្គ្រាមជាបន្តទៀត។
នៅក្នុងចំណោមជនរងគ្រោះទាំងនោះ អ្នកខ្លះស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលផ្ទួនៗគ្នាចំនួន២ដងទៅលើជំរំជនភៀសខ្លួននូសេរ៉ាត (Nuseirat)។ ជនរងគ្រោះ៩នាក់ជាមនុស្សគ្រួសារតែមួយដែលរស់នៅក្នុងផ្ទះមួយកន្លែងត្រូវគ្រាប់កាំភ្លើងធ្លាក់ចំ។ ចំណែក១៥នាក់រស់នៅក្នុងជំរំ។ នេះបើយោងតាមការបញ្ជារបស់បុគ្គលិកធ្វើការនៅមន្ទីរពេទ្យអាល់អាវដា (al-Awda) ដែលជាកន្លែងតម្កល់សាកសព។ ក្រៅពីនេះ ជនរងគ្រោះ៥នាក់ស្លាប់នៅពេលពួកគេស្នាក់នៅក្នុងតង់កៅស៊ូ។
បើគេស្ដាប់ការបកស្រាយពីខាងយោធាអ៊ីស្រាអែលវិញម្ដង អ៊ីស្រាអែលអះអាងថាខ្លួនមិនបានទទួលដំណឹងថាមានករណីស្លាប់មនុស្សដោយសារការបាញ់កាំភ្លើងនៅតំបន់ហ្កាហ្សាភាគខាងជើងនោះទេ។ ម៉្យាងទៀត ខ្លួនក៏មិនដឹងថាមានករណីបាញ់ប្រហារទៅលើទីតាំងក្បែរជំរំជនភៀសខ្លួននូសេរ៉ាតនោះដែរនៅអំឡុងពេល និងនៅលើទីតាំងដែលមន្ទីរពេទ្យបានប្រកាស។
នាយកមន្ទីរពេទ្យស៊ីហ្វា (Shifa) នៅទីក្រុងហ្កាហ្សាប្រាប់ទីភ្នាក់ងារព័ត៌មានអេភីថាបុគ្គលិកពេទ្យនៅទីនោះកំពុងព្រួយបារម្ភថារថក្រោះរបស់អ៊ីស្រាអែលអាចនឹងបើកទៅដល់បរិវេណមន្ទីរពេទ្យនៅក្នុងពេលឆាប់ៗនេះ។ ដូច្នេះធ្វើឱ្យបុគ្គលិកមិនអាចចូលទៅក្នុងពេទ្យដើម្បីព្យាបាលអ្នកជំងឺដែលបច្ចុប្បន្នមានចំនួន១៥៩នាក់។
វេជ្ជបណ្ឌិតម្នាក់ប្រាប់ថាការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់កាំភ្លើងពីចម្ងាយតែងតែកើតមានជាប្រចាំ និងគ្មានលស់ពេលម្ដងណាទេ។ លោកថ្លែងថាទារក និងទារិកាសរុប១៤នាក់ត្រូវគេចិញ្ចឹមនៅក្នុងកែវនៃមន្ទីរពេទ្យហេលូ (Helou)។ ប៉ុន្តែប្រធានផ្នែកសង្គ្រោះបន្ទាន់ វេជ្ជបណ្ឌិតណាស៊ែ ប៊ូលប៊ូល (Nasser Bulbul) ប្រាប់ថាច្រកទ្វារធំរបស់មន្ទីរពេទ្យត្រូវបិទជិតឈឹងដោយសារមានដ្រូនជាច្រើនគ្រឿងហោះក្រឡឹងពីលើអគារ៕
ចែករំលែកព័តមាននេះ