រាជធានីភ្នំពេញ៖ អ្នកជំនាញ បានលើកឡើងថា កម្ពុជា ត្រូវការពេលដើម្បីក្លាយជាប្រទេសខ្លាំងមួយក្នុងចំណោមប្រទេសក្នុងតំបន់ និងពិភពលោក ហើយក៏ត្រូវការចូលរួមពីប្រជាពលរដ្ឋគ្រប់ផងដែរ។
ថ្លែងក្នុងវេទិកាកិច្ចពិភាក្សាសំខាន់មួយ ក្រោមប្រធានបទ «មូលដ្ឋានគ្រឹះដើម្បីឧត្តមភាពជាតិ» នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ(CPS) បានលើកឡើងថាក្នុងបរិបទបច្ចុប្បន្ននេះលោកជឿថាប្រជាពលរដ្ឋភាគច្រើនស្រឡាញ់ជាតិ ស្នេហាជាតិ ឬជាតិនិយមហើយក៏តែងតែចង់ឲ្យអ្នកដឹកនាំដឹកនាំប្រទេសជាតិឲ្យរីកចម្រើនឲ្យរុងរឿងឧត្តុង្គឧត្តម។
«ខ្ញុំជឿជាក់ថាអ្នកដឹកនាំនឹងខិតខំធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសខ្លាំងមួយក្នុងចំណោមប្រទេសក្នុងតំបន់និងពិភពលោកប៉ុន្តែអ្វីៗត្រូវការពេលវេលា។ ប៉ុន្តែខ្លួនយើងផ្ទាល់តើយើងជាអ្នកអាចចូលរួមចំណែកបាន?»។ នេះជាប្រសាសន៍របស់លោក ច័ន្ទ សុផល។
ជាមួយគ្នានេះលោកនាយក CPS បានគូសបញ្ជាក់ថា ប្រសិនបើយើងខិតខំធ្វើការឲ្យខ្លាំងឲ្យស្មោះហើយប្រកាន់វិន័យដើម្បីឈោងទៅប្រកាន់យកសេចក្តីក្នុងការងារ ក្នុងអាជីពក្រុមហ៊ុន ឬក៏ជំនាញធ្វើការផ្សេងៗ។
ទន្ទឹមនឹងនេះដែរ លោកនាយក CPS បានជំរុញឱ្យប្រជាពលរដ្ឋចេះយល់យោគគ្នា និងអត់ធ្មត់ពីព្រោះអ្វីៗក៏ត្រូវការពេលវេលា ហើយលោកជឿជាក់យ៉ាងមុតមាំថាពលរដ្ឋគ្រប់រូបបន្តរួមគ្នាជាធ្នុងមួយដើម្បីឱ្យប្រទេសជាតិខ្លាំង និងជាតិនិយមពិតប្រាកដ៕
ចែករំលែកព័តមាននេះ