ទីក្រុងហ្វ្រាងហ្វឺត៖ បន្ទាប់ពីមានករណីដ្រូន និងយន្តហោះចម្បាំងរបស់រុស្ស៊ីហោះបំពានដែនអាកាសរបស់រដ្ឋជាសមាជិកអង្គការណាតូជាបន្តបន្ទាប់ ប្រទេសអាល្លឺម៉ង់ក៏មានអារម្មណ៍មិនស្រណុកខ្លួនប៉ុន្មានដែរ។ ដូច្នេះ រដ្ឋាភិបាលកំពុងពិចារណាផ្ដល់សិទ្ធិឱ្យកងកម្លាំងប្រដាប់អាវុធបាញ់ទម្លាក់ដ្រូនដែលហោះចូលដែនអាកាសអាល្លឺម៉ង់។ នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអាល្លឺម៉ង់ប្រទះឃើញដ្រូនមួយហ្វូងហោះចូលដែនអាកាសភាគខាងជើងរបស់ខ្លួន។
ម៉្យាងទៀត ការត្រៀមខ្លួនចាត់វិធានការបាញ់ទម្លាក់នោះបន្ទាប់ពីដ្រូនរបស់បរទេសហោះចូលក្បែរព្រលានយន្តហោះ និងទីតាំងយោធានៅប្រទេសដាណឺម៉ាក និងន័រវេកាលពីប៉ុន្មានថ្ងៃមុន។ គេដាក់ការសង្ស័យថានេះជាស្នាដៃរបស់រុស្ស៊ី។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសទាំងនោះមិនបានបង្ហាញភស្តុតាងទេ។ រុស្ស៊ីទើបតែបដិសេធផងថាខ្លួនគ្មានជាប់ពាក់ព័ន្ធនឹងករណីនៅដាណឺម៉ាកទាល់តែសោះ។
អាល្លឺម៉ង់អះអាងថាដ្រូនមួយហ្វូងបានបង្ហាញវត្តមាននៅតំបន់ស្លេវិច-ហូលស្តែន (Schleswig-Holstein) កាលពីថ្ងៃសុក្រ។ តំបន់នេះស្ថិតនៅជាប់នឹងព្រំដែនប្រទេសដាណឺម៉ាកតែម្ដង។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកអាឡិចសាន់ដឺ ដូប្រ៊ីន (Alexander Dobrindt) ប្រាប់អ្នកសារព័ត៌មាន។ លោកថ្លែងថាចាប់តាំងពីសង្គ្រាមអ៊ុយក្រែនកើតឡើង មានករណីដ្រូនរបស់បរទេសហោះចូលដែនអាកាសរបស់ប្រទេសដទៃទៀតជាហូរហែ។
ប៉ុន្តែករណីដ្រូនហោះម្ដងមួយហ្វូងចូលដែនអាកាសអាល្លឺម៉ង់ដូច្នេះមិនដែលជួបប្រទះទេពីមុនមក។ លោកមិនបានបញ្ជាក់ឱ្យច្បាស់ថាតើដ្រូនទាំងនោះមានចំនួនប៉ុន្មានគ្រឿងពិតប្រាកដ ហើយក៏មិនបញ្ជាក់ថាតើនរណាជាអ្នកទទួលខុសត្រូវនៅក្នុងរឿងនេះ។ ប៉ុន្តែកាលពីពេលកន្លងមកអាល្លឺម៉ង់តែងតែចោទប្រកាន់រុស្ស៊ីជាហូរហែពីបទប្រមូល និងឈ្លបយកការណ៍សម្ងាត់។ អាល្លឺម៉ង់ចាត់ទុកថានេះជាសង្គ្រាមកូនកាត់ (ហាយប្រ៊ីត-hybrid)។
ជាវិធានការបឋម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បញ្ជាក់ថារដ្ឋាភិបាលរបស់លោកកំពុងកែសម្រួលច្បាប់ឡើងវិញដើម្បីផ្ដល់សិទ្ធិឱ្យកងកម្លាំងប្រដាប់អាវុធបាញ់ទម្លាក់ដ្រូន។ លោកយល់ថាអ្វីដែលពិភពលោកកំពុងជួបប្រទះនៅពេលនេះគឺការរត់ប្រណាំងខាងសព្វាវុធ។ ពោលគឺម្ខាងជាអ្នកបញ្ជូនដ្រូនចូលទៅក្នុងដែនអាកាសប្រទេសដទៃដើម្បីបង្កការគំរាមកំហែង និងម្ខាងទៀតជាអ្នករកវិធីទប់ទល់នឹងដ្រូនប្រភេទនេះ។ យើងត្រូវតែត្រៀមខ្លួនចាត់ការបញ្ហានេះ។
សព្វថ្ងៃនេះ នគរបាលជាអ្នករ៉ាប់រងដោះស្រាយបញ្ហាដ្រូននៅអាល្លឺម៉ង់។ ប៉ុន្តែរដ្ឋមន្ត្រីអាល្លឺម៉ង់ថ្លែងថាទៅថ្ងៃមុខនឹងកែសម្រួលរបៀបធ្វើការ។ សារព័ត៌មានអាល្លឺម៉ង់ចុះផ្សាយថាយោធាអាចមានសិទ្ធិបាញ់ទម្លាក់ដ្រូនតែនៅក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ឧទាហរណ៍ដូចជាករណីដ្រូនបង្កគ្រោះថ្នាក់ចំពោះជីវិតមនុស្ស ឬដ្រូនហោះទៅកៀកទីតាំងសំខាន់ៗ៕
ចែករំលែកព័តមាននេះ