ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង 0៧និង៤០នាទីព្រឹក មានករណីឃាតកម្មមួយបានកើតឡើង នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបុរសម្នាក់បានប្រើអាវុធខ្លីម៉ាកK54 បាញ់ស្រោចទៅលើក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត ១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និង៤នាក់ទៀតរបួសធ្ងន់និងស្រាល ដោយសារករណីឈ្លោះដណ្ដើមកូនគ្នា។
ក្រោយកើតហេតុបានប៉ុន្មានម៉ោង សមត្ថកិច្ចកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ វេលាម៉ោង12និង15នាទីថ្ងៃត្រង់ថ្ងៃដដែល ។
ជនសង្ស័យឈ្មោះ ឯ ណអ ភេទប្រុស អាយុ34ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។
រីឯជនរងគ្រោះទាំង05នាក់ 1- ឈ្មោះ ណ ដ ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (ស្លាប់)។ 2-ឈ្មោះ ប ទវ ភេទប្រុស អាយុជាង30ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសធ្ងន់) 3-ឈ្មោះ ណ ត ភេទស្រី អាយុ55ឆ្នាំ រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (របួសធ្ងន់) 4-ឈ្មោះ ច សវ ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសស្រាល) និង5-កុមារាឈ្មោះ ឯ វរប អាយុ1ឆ្នាំ8ខែ ត្រូវជាកូនប្រុសបង្កើតរបស់ជនសង្ស័យ (របួសស្រាល)។
បច្ចុប្បន្នជន រងគ្រោះរបួសស្រាល ព្យាបាលនៅមណ្ឌលសុខភាពប្រមោយ និងជនរងគ្រោះរបូសធ្ងន់ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
សមត្ថកិច្ចបញ្ជាក់អោយដឹងថា នៅថ្ងៃកើតហេតុនោះ គេឃើញជនសង្ស័យជិះរថយន្ត ០១ គ្រឿង ម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2B-2013។ ទៅដល់ចំណុចកើតហេតុ បានប្រើកាំភ្លើងខ្លីធ្វើសកម្មភាពបាញ់ស្រោចទៅលើក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-0038 បណ្ដាលឱ្យស្លាប់និងរងរបួសធ្ងន់ស្រាលចំនួន05នាក់នៅក្នុងរថយន្ត រួចហើយក៍បើករថយន្តរត់គេចខ្លួនបាត់ លុះវេលាម៉ោង12ថ្ងៃត្រង់ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ ដំបូងយើងមិនដឹងថា មានជម្លោះអ្វីទេ ប៉ុនែ្តក្រោយមកទើបដឹងថា មានជម្លោះគ្រួសារដណ្ដើមកូនគ្នា ទើបឈានដល់បាញ់ប្រហារបែបនេះ។
បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី៕



ចែករំលែកព័តមាននេះ