ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំមួយខ្សែចូលទៅកាន់ភូមិកំពង់ប៉ាចិន ឃុំពោធិ៍ស្រុកកំពង់លែង ត្រូវបានទឹកហូរច្រោះដាច់មិនអាចធ្វើដំណើរបាន ដោយសារការធ្វើផ្លូវដាក់ប្រព័ន្ធលូបង្ហូរទឹកតូចពេក ធ្វើឲ្យជំនន់ទឹកភ្លៀង ហូរដាច់ ដែលបញ្ហានេះកើតឡើងស្ទើររៀងរាល់ឆ្នាំ។ប្រជាពលរដ្ឋសំណូមពរ ធ្វើប្រព័ន្ធលូឬបើអាចធ្វើស្ពានក៏បានដើម្បីកុំឲ្យហូរដាច់ផ្លូវដូចរាល់ឆ្នាំទៀត។
ប្រជាពលរដ្ឋបានលើកឡើងថាដោយសារក្រុមហ៊ុនធ្វើផ្លូវមួយខ្សែទៅកាន់ភ្នំក្រក្ងាស់ នៅចំណុចអូយាយញ៉េប ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង បានដាក់លូបង្ហូរទឹកមានមុខកាត់តូចពេក សង្ស័យលួចទំហំលូទេដឹង ឬក៏អ្នកបច្ចេកទេសអន់ ធ្វើឲ្យទឹកហូរមិនទាន់ ហើយត្រូវបានបាក់ដាច់ នៅចំណុចលូមុខកាត់តូចនោះដែរ ។
ប្រភពបន្តថាដោយសារជំនន់ទឹកភ្លៀងហូរមិនទាន់នៅចំណុចលូមុខកាត់តូចនោះ ទឹកជំនន់បានហូរជន់មកផ្នែកខាងលើបណ្ដាលឲ្យជនលិចស្រូវរបស់ប្រជាពលរដ្ឋ និងហូរកាត់ផ្ដាច់ផ្លូវ ចូលទៅវត្តកំពង់បាចិនប្រវែងប្រហែល ៥ ម៉ែត្រ មិនអាចធ្វើដំណើរបាន។ គ្រប់មធ្យោបាយទាំងអស់ត្រូវទៅផ្លូវវាងមានចម្ងាយប្រមាណ២គីឡូម៉ែត្រឯណោះ ទើបទៅមកចូលភូមិកំពង់បាចិនបាន។
ប្រជាពលរដ្ឋរស់នៅក្បែរនោះសំណូមពរដល់អាជ្ញាធរ ស្រុក ខេត្តក្រសួងពាក់ព័ន្ធសូមមេត្តាជួយធ្វើលូមានមុខកាត់ធំ ឬអាចដាក់លូច្រើនឬ អាចធ្វើជាស្ពានតូចល្មម ដើម្បីរំដោះទឹក បានលឿនទើបអាចកាត់បន្ថយការជន់លិចនិងដាច់ផ្លូវជារៀងរាល់ឆ្នាំបាន។
ប្រជាពលរដ្ឋបានបន្ថែមថាជំនន់ទឹកភ្លៀងនេះកើតឡើងជារៀងរាល់ឆ្នាំហើយមិនត្រឹមតែឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប៉ុណ្ណោះទេធ្វើឲ្យជនលិចខូចខាតដំណាំនស្រូវរបស់បងប្អូនជាច្រើនផងដែរ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕











ចែករំលែកព័តមាននេះ