ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​សកល​បាន​កើន​ដល់​ជិត ៣៣៨​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក

4 ម៉ោង មុន

បរទេស ៖ បំណុល​សកល​គិត​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​កំណត់​ត្រា​ថ្មី ពោល​ចំនួន ៣៣៧,៧​ទ្រី​លាន​ដុល្លារ គិត​ត្រឹម​ចុង​ត្រីមាស​ទី​២ នៃ​ឆ្នាំ​នេះ​ដែល​ជំរុញ​ដោយ​កត្តា​ជា​ច្រើន រួម​ទាំង ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកល ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក…

បរទេស ៖ បំណុល​សកល​គិត​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​កំណត់​ត្រា​ថ្មី ពោល​ចំនួន ៣៣៧,៧​ទ្រី​លាន​ដុល្លារ គិត​ត្រឹម​ចុង​ត្រីមាស​ទី​២ នៃ​ឆ្នាំ​នេះ​ដែល​ជំរុញ​ដោយ​កត្តា​ជា​ច្រើន រួម​ទាំង ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកល ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ក៏​ដូច​ជា​ជំហរ​នៃ​ការ​បន្ធូរបន្ថយ​គោលនយោបាយ​ពី​បណ្តា​ធនាគារកណ្តាល​សំខាន់​ៗ​នៅ​លើ​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

របាយការណ៍​ប្រចាំត្រីមាស​ពី​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ (IIF) កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា បំណុល​សកល​បាន​កើនឡើង​ជាង ២១​ទ្រី​លាន​ដុល្លារ នៅ​ត្រឹម​ពាក់​កណ្តាលផ្លូវ​នៃ​ឆ្នាំ​នេះ នាំ​ឱ្យ​ចំនួន​សរុប​កើន​ដល់ ៣៣៧,៧​ទ្រី​លាន​ដុល្លារ​។ ក្នុង​នោះ ប្រទេស​ចិន បារាំង សហរដ្ឋ​អាមេរិក អា​ល្លឺ​ម៉​ង់ អង់គ្លេស និង​ជប៉ុន បាន​កត់ត្រា​ការ​កើនឡើង​ដ៏​ច្រើន​បំផុត​នៃ​កម្រិត​បំណុល​គិត​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក បើ​ទោះជា​ចំនួន​នោះ​បណ្តាល​មក​ពី​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ​ក៏​ដោយ ដោយ​បាន​ធ្លាក់​ចុះ ៩,៧៥% ចាប់តាំងពី​ដើមឆ្នាំ​នេះ ធៀប​នឹង​រូបិយប័ណ្ណ​ពី​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​។

IIF បាន​បញ្ជាក់​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​បំណុល​សកល​របស់​ខ្លួន​ថា «​ទំហំ​នៃ​ការ​កើនឡើង​បំណុល​សកល​នៅ​ឆមាស​ទី​១ ឆ្នាំ​នេះ អាច​ប្រៀបធៀប​គ្នា​ទៅ​នឹង​ការ​កើនឡើង​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​ពេល​ការ​ដាក់​ចេញ​គោលនយោបាយ​ឆ្លើយ​តប​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​បំណុល​សកល​»​។

ការ​ក្រឡេក​ទៅ​មើល​អនុ​បាត​បំណុល​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប ឬ GDP នោះ ប្រទេស​កា​ណា​ដា ចិន អា​រ៉ា​ប៊ី​សា​អូឌីត និង​ប៉ូ​ឡូញ បានឃើញ​ការ​កើនឡើង​ខ្លាំង​បំផុត ចំ​ពេល​ដែល​ការ​ធ្លាក់​ចុះ​ត្រូវ​បាន​មើលឃើញ​នៅ​ក្នុង​ប្រទេស​អៀរ​ឡង់ ជប៉ុន និង​ន័​រ​វែ​ស​។ សរុប​មក អនុ​បាត​បំណុល​ធៀប​នឹង GDP សកល បាន​បន្ត​ធ្លាក់​ចុះ​យឺត ដោយ​ស្ថិត​នៅ​កម្រិត ៣២៤%​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន​បាន​ឈាន​ដល់ ២៤២,៤% ជា​កំណត់​ត្រា​ថ្មី​មួយ​។ បំណុល​សរុប​ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន​បាន​កើនឡើង​ដល់ ៣,៤​ទ្រី​លាន​ដុល្លារ នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​នេះ ដែល​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត ពោល​ជាង ១០៩​ទ្រី​លាន​ដុល្លារ​។

លោក Emre Tiftik នាយក​ស្រាវជ្រាវ IIF បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ថា ការ​កើនឡើង​ការ​ចំណាយ​ផ្នែក​យោធា​នឹង​ធ្វើ​ឱ្យ​សម្ពាធ​តារាង​តុល្យការ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​កើនឡើង ចំ​ពេល​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ខ្លាំង​ឡើង​។ លោក​កត់​សម្គាល់ថា ការ​កើនឡើង​បំណុល​ភាគច្រើន​ក្នុង​បំណុល​រដ្ឋាភិបាល​ដែល​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​បណ្តា​ប្រទេស​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​៧ (G7) និង​ប្រទេស​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ