អត្រាទារកដែលបានបាត់បង់ជីវិតនៅក្នុងអំឡុងពេលសម្រាល ឬឆ្លងទន្លេ នៅតែមាននៅកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏អត្រាគ្រោះថ្នាក់បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ។
ស្ថិតិនេះ ត្រូវបានប្រកាសឲ្យដឹងនៅពេលដែលក្រុមប្រឹក្សាគណៈវិជ្ជាជីវៈឆ្មបកម្ពុជា បានបញ្ចប់កិច្ចប្រជុំមួយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

លោកស្រីរដ្ឋលេខាធិការបានឲ្យដឹងថា ក្នុងរយៈពេល២ទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការកាត់បន្ថយអត្រាស្លា.ប់របស់ទារក និងកុមារ ។
លោកស្រីបានបញ្ជាក់ថា «បច្ចុប្បន្នអត្រាស្លា.ប់របស់ទារក នៅសល់ត្រឹមតែ៨ក្នុង១០០០ កំណើតរស់ និងកុមារអាយុក្រោម១ឆ្នាំ នៅសល់ត្រឹមតែ១២ ក្នុង១០០០ កំណើតរស់ប៉ុណ្ណោះ ។ នេះមានន័យថា កម្ពុជាសម្រេចបានរួចហើយនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ហើយ»។
លោកស្រីបានបន្ថែមថា សមិទ្ធផលនេះ គឺបានមកដោយសារឆ្មប ។ ឆ្មបជាកម្លាំងចលករមួយយ៉ាងសំខាន់ នៅក្នុងវិស័យសុខាភិបាល ក្នុងការចូលរួមចំណែកផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធិភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ ដូចនេះ ឆ្មបគ្រប់រូប ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយអាទិភាពសុខភាព ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានាឱ្យបានទាន់ពេល ។
លោកស្រីបានបន្តថា ទន្ទឹមនឹងនេះ ការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងអាហារូបត្ថម្ភ ការជម្រុញការប្រើប្រាស់សេវាសុខាភិបាលឌីជីថល និងការជម្រុញការចូលរួមរបស់បុគ្គលគ្រួសារ និងសហគមន៍ ក្នុងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ក៏ជាកត្តារសំខាន់មួយ ដើម្បីធានា និងលើកកម្ពស់ស្ថានភាពសុខភាពពលរដ្ឋទូទៅផងដែរ ៕
ចែករំលែកព័តមាននេះ