ទីក្រុងវ៉ាស៊ីនតោន៖ មានហេតុការណ៍បាញ់ប្រហារជាថ្មីទៀតហើយនៅអាមេរិកបណ្ដាលឱ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ និងយ៉ាងតិច៨នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ នៅទីបំផុត ជនដៃដល់ត្រូវសមត្ថកិច្ចបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ហេតុការណ៍នេះកើតឡើងនៅវិហារសាសនាគ្រិស្តមួយកន្លែងនៃរដ្ឋមីស៊ីហ្គែន។ ជនប្រដាប់អាវុធម្នាក់បើកការបាញ់ប្រហារនៅច្រកចូលវិហារ និងដុតវិហារ។
សមត្ថកិច្ចប្រាប់ថាជនដៃដល់ឈ្មោះថូម៉ាស់ យ៉ាកុប សេនហ្វឺត (Thomas Jacob Sanford) អាយុ៤០ឆ្នាំ។ គាត់ជាអតីតទាហានម៉ារីនរបស់អាមេរិក រស់នៅទីក្រុងបឺតុន (Burton) ស្ថិតមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុនោះទេ។ គាត់បានយកភ្លើងដុតវិហារឱ្យឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងហុយទ្រលោមទៅលើអាកាស។ សាក្សីនិយាយថាជនរងគ្រោះ២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ប៉ុន្មានម៉ោងក្រោយហេតុការណ៍បាញ់ប្រហារនោះ សមត្ថកិច្ចរកឃើញសាកសពជនរងគ្រោះយ៉ាងតិច២នាក់ដែលស្លាប់ដោយសារភ្លើងឆេះវិហារ។ នៅមានមនុស្សមួយចំនួនទៀតដែលបាត់ខ្លួន។ មុនពេលបាញ់ប្រហារនោះមានមនុស្សរាប់រយនាក់នៅក្នុងវិហារ។ មន្ត្រីអនុវត្តច្បាប់២នាក់បន្ទាប់ពីទទួលការហៅទូរស័ព្ទដើម្បីធ្វើអន្តរាគមន៍រយៈពេល៣០វិនាទីប៉ុណ្ណោះ ពួកគេក៏ចុះទៅកន្លែងកើតហេតុភ្លាម។
នៅពេលទៅដល់ ពួកគេក៏បាញ់តដៃគ្នាជាមួយជនដៃដល់ និងសម្រេចចិត្តបាញ់សម្លាប់គាត់ចោលតែម្ដងនៅកន្លែងចតរថយន្ត។ ពោលគឺរយៈពេលប្រហែល៨នាទីក្រោយពេលជនដៃដល់បាញ់ប្រហារនៅវិហារ។ ករណីបាញ់ប្រហារនៅរដ្ឋមីស៊ីហ្គែនលើកនេះជាករណីបាញ់សម្លាប់មនុស្សច្រើនៗលើកទី៣២៤នៅប្រទេសអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ។
ហេតុការណ៍បាញ់សម្លាប់មនុស្សស្លាប់មនុស្សច្រើនចំនួន២ករណីទៀតទើបតែកន្លងផុតទៅមុនករណីនៅរដ្ឋមីស៊ីហ្គែនមិនទាន់បាន២៤ម៉ោងផង។ ការបាញ់ប្រហារមួយករណីកើតឡើងនៅរដ្ឋណត ការ៉ូឡាយណា (North Carolina) និងមួយករណីទៀតកើតឡើងនៅកាស៊ីណូនៃរដ្ឋតិចសាសន៍ស្លាប់មនុស្ស២នាក់។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ