ប្រទេសថៃ ៖ ការនាំចេញអង្កររបស់ថៃក្នុងខែសីហាបានធ្លាក់ចុះ ៣០% ធៀបនឹងឆ្នាំមុន មកនៅត្រឹម ៣,៩៤ពាន់លានដុល្លារអាមេរិក ដែលជាការធ្លាក់ចុះនៅក្នុងរយៈពេល១០ខែជាប់គ្នា។
យោងតាមការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) ក្រោមក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា បរិមាណនាំចេញអង្កររបស់ថៃបានធ្លាក់ចុះ ១៦,៩% មកនៅត្រឹម ៧៣៩ ៤៩៧តោនក្នុងខែសីហា។
ការធ្លាក់ចុះត្រូវបានមើលឃើញនៅក្នុងទីផ្សារដូចជា សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង សេណេហ្គាល់ អ៊ីរ៉ាក់ និងម៉ូសំប៊ិក។ ទោះយ៉ាងណាក៏ដោយ ការនាំចេញទៅកាន់ប្រទេសកាមេរូន ចិន ម៉ាឡេស៊ី ហុងកុង និងកាណាដាបានកើនឡើង។ នៅក្នុងរយៈពេល៨ខែដំបូង ឆ្នាំនេះ ការនាំចេញអង្ករសរុបរបស់ថៃមានចំនួនជាង ៥ លានតោន ពោលធ្លាក់ចុះ ២៤,១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រឡេកទៅតម្លៃអង្ករក្នុងស្រុករបស់ថៃក៏បានធ្លាក់ចុះផងដែរ។ បើយោងតាមសមាគមរោងម៉ាស៊ីនកិនស្រូវថៃបានឱ្យដឹងថា អង្ករស (White rice) គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា មានតម្លៃ ៦ ៥០០ ទៅ ៦ ៧០០ បាត ឬ ២០១ ទៅ ២០៨ ដុល្លារអាមេរិកក្នុង១តោន ធ្លាក់ចុះ ២០០បាត ឬជាង ៦ដុល្លារ ធៀបនឹងសប្តាហ៍កន្លងមក។ ទន្ទឹមនឹងនេះ តម្លៃអង្ករផ្កាម្លិះមិនប្រែប្រួលគឺស្ថិតនៅក្នុងតម្លៃ ១៥ ៥០០ ទៅ ១៦ ០០០ ឬ ៤៨១ ទៅ ៤៩៦ដុល្លារបាតក្នុង១តោន៕ ប្រភព ៖ VNA
ចែករំលែកព័តមាននេះ