ទីក្រុងណាហ្គូយ៉ា ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) បង្កើតជើងហោះហើរត្រង់ និងផ្ទាល់ពីប្រទេសជប៉ុនមកកម្ពុជា ដោយផ្អែកលើសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ ចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងជាបន្តបន្ទាប់ ។ នេះបើយោងតាមផេក ក្រសួងទេសចរណ៍បានប្រកាសនាថ្ងៃទី២៨ ខែកញ្ញានេះ ។

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) នៅពន្លាទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ។

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដ៏ធំមួយនេះ ដែលបានហោះហើរចំនួន២២០គោលដៅ នៅប្រទេសចំនួន៣៥ ជុំវិញពិភពលោករហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងចំនួនគួរឱ្យមោទនៈ ក្រោមទម្រង់ Codeshares ជាមួយក្រុមហ៊ុនអាកាសចរណ៍ដៃគូរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យលទ្ធភាពហោះហើរផ្ទាល់ និងត្រង់មកកម្ពុជាតែម្តង ដោយផ្អែកលើសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ ចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ដែលពិតជាជួយបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង ៕




ចែករំលែកព័តមាននេះ