ខេត្តពោធិ៍សាត់ ៖ នាព្រឹកម៉ោង១០.០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពទឹកស្ទឹងធំ (ស្ទឹងប្រម៉ោយ) នាពេលនេះ កម្ពស់ទឹកបន្តឡើងដល់៧,៧០ម៉ែត្រ ទឹកប្រកាសអាសន្ន (ទឹកប្រុងប្រយ័ត្ន៩,០០ ម៉ែត្រ) ។ នេះបើយោងតាមផេកមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់ បានប្រកាសនាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ ។

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា មន្ទីរបានកំពុងបន្តតាមដានស្ថានភាពទឹកទំនប់ទី៣ ទី៥ និងទឹកស្ទឹងផ្នែកខាងក្រោមបន្តបន្ទាប់ទៀត ពិសេសរាល់ប្រពន្ធ័ធារាសាស្ត្រនានា តាមដងស្ទឹងពោធិ៍សាត់ ។

សូមបញ្ជាក់ថា ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានរងឥទ្ធិពលព្យុះទី២០ មានឈ្មោះប៊ូ ឡូយ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមមានការប្រុងប្រយ័ត្ន ។

តាមព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា ព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi) T2520 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ។ គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រ កម្ពុជានោះទេ ៕




ចែករំលែកព័តមាននេះ