ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​កំពុង​រត់​ប្រណាំង​នឹង​ពេល​វេលា​ដើម្បី​ជម្លៀស​មនុស្ស​រាប់​សែន​នាក់​ចេញ​ពី​ព្យុះ​បួឡយ

2 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ ​ប្រទេស​វៀតណាម​កំពុង​តែ​រត់​ប្រណាំង​នឹង​ពេល​វេលា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ដោយ​សារ​ខ្យល់​ព្យុះ​ឈ្មោះ​បួឡយ។ អាជ្ញា​ធរ​​ចាប់​ផ្ដើម​ជម្លៀស​មនុស្ស​រាប់ពាន់​​​នាក់​ និង​បិទ​អាកាស​យាន​ដ្ឋាន​ជា​ច្រើន​កន្លែង​នៅ​ភាគ​កណ្ដាល​​។ ខ្យល់​ព្យុះ​នេះ​រំកិល​ខ្លួនឆាប់​រហ័ស​ជាង​ការ​​​ព្យាករ​ទៅ​ទៀត​​។ ថ្ងៃ​នេះ​តាំង​ពី​ព្រឹក​ព្រលឹម​តែ​ម្ដង​​ ខ្យល់​ព្យុះ​ចាប់​ផ្ដើម​បក់​ទៅ​ដល់​តំបន់​ដី​គោក​​។ ខ្យល់​ព្យុះ​បក់​ទៅ​ដល់​តំបន់​មាត់​សមុទ្រ​ខេត្ត​ហាទិញ (Ha Tinh)…

ទី​ក្រុង​ហាណូយ៖ ​ប្រទេស​វៀតណាម​កំពុង​តែ​រត់​ប្រណាំង​នឹង​ពេល​វេលា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ដោយ​សារ​ខ្យល់​ព្យុះ​ឈ្មោះ​បួឡយ។ អាជ្ញា​ធរ​​ចាប់​ផ្ដើម​ជម្លៀស​មនុស្ស​រាប់ពាន់​​​នាក់​ និង​បិទ​អាកាស​យាន​ដ្ឋាន​ជា​ច្រើន​កន្លែង​នៅ​ភាគ​កណ្ដាល​​។ ខ្យល់​ព្យុះ​នេះ​រំកិល​ខ្លួនឆាប់​រហ័ស​ជាង​ការ​​​ព្យាករ​ទៅ​ទៀត​​។ ថ្ងៃ​នេះ​តាំង​ពី​ព្រឹក​ព្រលឹម​តែ​ម្ដង​​ ខ្យល់​ព្យុះ​ចាប់​ផ្ដើម​បក់​ទៅ​ដល់​តំបន់​ដី​គោក​​។

ខ្យល់​ព្យុះ​បក់​ទៅ​ដល់​តំបន់​មាត់​សមុទ្រ​ខេត្ត​ហាទិញ (Ha Tinh) ដែល​ស្ថិត​នៅ​ប្រទេស​វៀតណាម​ខាង​ជើង​។ ក្រុម​ឧតុ​និយម​ព្យាករ​ថា​ខ្យល់​ព្យុះ​នឹង​បក់​ចូល​ជ្រៅ​​​ទៅ​ក្នុង​តំបន់​ដី​គោក​ មុន​នឹង​បន្ថយ​កម្លាំង​បោក​បក់​របស់​វា​នៅ​ពេល​បង្វែរ​ទិស​ដៅ​ទៅ​ភាគ​ពាយព្យ​ទៅ​រក​តំបន់​ខ្ពង់​រាប​នៃ​ខេត្ត​ហាទិញ និង​ខេត្ត​ញ៉ែ​អាន (Nghe An) ដែល​នៅ​ក្បែរ​ខាង​នោះ​។​

ខ្យល់​ព្យុះ​បួឡយ​ទើប​តែ​វាយ​ប្រហារ​ប្រទេស​ហ្វ៊ីលីពីន​ និង​សម្លាប់​មនុស្ស​យ៉ាង​តិច​២០​នាក់​។ ជន​រង​គ្រោះ​ភាគ​ច្រើន​ស្លាប់​ដោយ​សារ​ដើម​ឈើ​បាក់​សង្កត់​ពី​លើ​ និង​លង់​ទឹក​។ ខ្យល់​ព្យុះ​ធ្វើ​ឱ្យ​ដាច់​ភ្លើង​អគ្គិស​នី​ជា​ច្រើន​កន្លែង​នៅ​តាម​ទី​ក្រុង​តូច​-​ធំ​មួយ​ចំនួន​។ ខ្យល់​ព្យុះ​​បាន​បង្ខំ​ឱ្យ​ប្រជា​ជន​ហ្វ៊ីលីពីន​រាប់​ម៉ឺន​នាក់​ចាក​ចោល​ផ្ទះ​សម្បែង​ដើម្បី​ស្នាក់​នៅ​ក្នុង​ទី​ជម្រក​បណ្ដោះ​អាសន្ន​។​

ក្រឡេក​ទៅ​មើល​​ប្រទេស​វៀតណាម​​វិញ​ម្ដង ខ្យល់​ព្យុះ​ដែល​មាន​ល្បឿន​១៣៣​គី​ឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ​​នឹង​ធ្វើ​ឱ្យ​រលក​សមុទ្រ​ហក់​ឡើង​ខ្ពស់​លើស​ពី​មួយ​ម៉ែត្រ​ និង​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​។ ដូច្នេះ គេ​រំពឹង​ថានឹង​មាន​គ្រោះ​ទឹក​ជំនន់​ និង​ការ​បាក់​ដី​កើត​ឡើង​ជា​មិន​ខាន​។​ សារ​ព័ត៌​មាន​របស់​រដ្ឋ​ផ្សាយ​ថា​ផ្ទះ​ជាង​៣​សែន​ខ្នង​ដាច់​ភ្លើង​​, ដំបូល​ផ្ទះ​ស័ង្ក​សី​ត្រូវខ្យល់​បក់​របើក​របាញ​អស់​រលីង​។ នៅ​ឃុំ​ផុង​ញ៉ា (Phong Nha) ដែល​ស្ថិត​នៅ​ចម្ងាយ​៤៥​គីឡូ​ម៉ែត្រ​ពី​ដុង​ហយ (Dong Hoi) ប្រជា​ជន​ប្រាប់​ថា​មាន​ខ្យល់​កន្ត្រាក់​បក់​ខ្លាំង​ៗ​ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ប្រជា​ជន​ម្នាក់​ប្រាប់​ថា​គ្មាន​នរណា​ហ៊ាន​ចាក​ចេញ​ពី​ផ្ទះ​ទេ​។​

នៅ​ក្នុង​ស្ថាន​ភាព​នេះ អាជ្ញា​ធរ​បាន​អំពាវ​នាវ​ឱ្យ​អ្នក​​ម្ចាស់​​​ទូក​នេសាទ​​នៅ​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​សូម​ប្រញាប់​ចូល​ចត​នៅ​មាត់​កំពង់​ជា​បន្ទាន់​។ អាជ្ញា​ធរ​ត្រៀម​ជម្លៀស​មនុស្ស​ជាង​២​សែន​នាក់​នៅទី​ក្រុង​ដាណាង (Da Nang) ​ដែល​ជា​ទី​ក្រុង​មាត់​សមុទ្រ​។ ចំណែក​ទី​​ក្រុង​វ៉េ​ (Hue) ត្រៀម​ជម្លៀស​មនុស្ស​ជាង​៣​សែន​នាក់​។ ដូច្នេះ គ្រាន់​តែ​ទី​តាំង​២​កន្លែង​នេះ​ត្រៀម​ជម្លៀស​មនុស្ស​ជាង​កន្លះ​លាន​នាក់​។​

នៅ​ក្នុង​វិស័យ​អាកាស​ចរណ៍​ស៊ីវិល​ អាជ្ញា​ធរ​ថ្លែង​ថា​ព្រលាន​យន្ត​ហោះ​នៅ​តំបន់​មាត់​សមុទ្រចំនួន​៤​កន្លែង​ត្រូវ​ផ្អាក​ដំណើរ​ការ​។ ក្នុង​នោះ​ក៏​មាន​អាកាស​យាន​ដ្ឋានអន្តរ​ជាតិ​ទី​ក្រុង​ដាណាង​ផង​ដែរ​។ តាំង​ពី​មុន​ពេល​ខ្យល់​ព្យុះ​បក់​ទៅ​ដល់​ដី​គោក​ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ខ្លាំង​តាំង​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​តាមបណ្ដា​ខេត្ត​ភាគ​កណ្ដាល​។ ​ដង​វិថី​នានា​នៅ​ទី​ក្រុង​វ៉េ​ត្រូវ​ទឹក​លិច​​គ្មាន​សល់​។ មនុស្ស​ម្នាក់​បាត់​ខ្លួន​ជា​រៀង​រហូត​បន្ទាប់​ពី​រសាត់​ទៅ​តាម​ខ្សែ​ទឹក​ហូរ​។​

នៅខេត្ត​ក្វាង​ទ្រី (Quang Tri) ទូក​នេសាទ​មួយ​គ្រឿង​លិច​ទៅ​ក្នុង​ទឹក​សមុទ្រ​ ខណៈ​ដែល​​ទូក​មួយ​គ្រឿង​ទៀត​ជាប់​កឿង​នៅ​ពេល​ព្យាយាម​ស្វែង​រក​កន្លែង​ចត​។ មនុស្ស​៩​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​។ ប៉ុន្តែ​​មនុស្ស​២​នាក់​ទៀត​​បាត់​ខ្លួន​។ យុវជន​អាយុ​១៦​ឆ្នាំ​ម្នាក់​ស្លាប់​ដោយ​ឆក់​ខ្សែ​ភ្លើង​​​នៅ​ពេល​គាត់​រួម​ដំណើរ​ជា​មួយ​មិត្ត​ភក្តិ​​កាត់​ភ្លៀងលាយ​ខ្យល់​កន្ត្រាក់​​។​​​ អាជ្ញា​ធរ​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ព្រោះ​ទោះ​បី​ខ្យល់​ព្យុះ​អាច​នឹង​អស់​ឥទ្ធិ​ពល​របស់​វា​ ប៉ុន្តែ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​រហូត​ដល់​ថ្ងៃ​ទី​១​ ខែ​តុលា​។ បណ្ដា​ខេត្ត​ភាគ​​ខាង​ជើង និង​ភាគ​កណ្ដាល​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​អេភី និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ