ទីក្រុងកៀវ៖ រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយដ្រូន និងមីស៊ីលបណ្ដាលឱ្យស្លាប់មនុស្ស៤នាក់ និងរបួសរាប់សិបនាក់។ ជាថ្មីម្ដងទៀត រដ្ឋធានីកៀវនៅតែជាផ្ទាំងស៊ីបនៃការវាយប្រហារខ្លាំងជាងគេ។ នៅក្នុងស្ថានភាពនេះ សូម្បីតែរដ្ឋាភិបាលរបស់លោកត្រាំក៏ពិបាកនឹងឈរឱបដៃមើលដែរ។ ដូច្នេះ អាមេរិកកំពុងពិចារណាលក់គ្រាប់មីស៊ីលបណ្ដែតរយៈចម្ងាយឆ្ងាយម៉ាកថូម៉ាហក (Tomahawk) ទៅឱ្យអ៊ុយក្រែនដើម្បីចាត់ការជាមួយរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន។
រុស្ស៊ីបានបញ្ជូនដ្រូនពិត និងដ្រូនបញ្ឆោតសរុប៥៩៥គ្រឿង និងមីស៊ីល៤៨គ្រាប់វាយប្រហារអ៊ុយក្រែន។ កងទ័ពអាកាសអ៊ុយក្រែនអះអាងថាខ្លួនអាចបាញ់ទម្លាក់ ឬប្រើអគ្គិសនីឆក់ឱ្យវង្វេងវង្វាន់នូវដ្រូន៥៦៦គ្រឿង និងបាញ់ទម្លាក់មីស៊ីល៤៥គ្រាប់។ លោកហ្សេឡិនស្គីថ្លែងថាក្រៅពីទីក្រុងកៀវ រុស្ស៊ីក៏វាយប្រហារតំបន់ដទៃទៀតផងដែរដូចជាហ្សាប៉ូរីហ្សៀ (Zaporizhzhia), ខ្មែលនីតស្គី (Khmelnyskyi), ស៊ូមី (Sumy), មីកូឡាយ (Mykolaiv), ឆឺនីហ៊ីវ (Chernihiv) និងអូដេសា (Odesa)។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនថ្លែងថាមនុស្ស៧០នាក់រងរបួស។ ទីតាំងរបស់ជនស៊ីវិលជាង១រយកន្លែងរងការវាយប្រហារ។ អភិបាលតំបន់ហ្សាប៉ូរីហ្សៀថ្លែងថាកុមារ៣នាក់ស្ថិតនៅក្នុងចំណោមអ្នករបួស២៧នាក់នៅក្នុងតំបន់របស់លោក។ អគារជាងម្ភៃខ្នងក៏រងការខូចខាតផងដែរ។ លោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញអ៊ិចថារុស្ស៊ីវាយប្រហារលើកនេះកៀកនឹងពេលអង្គការសហប្រជាជាតិទើបតែរៀបចំមហាសន្និបាតរបស់ខ្លួន មិនខុសអីពីរុស្ស៊ីបង្ហាញគោលជំហរឱ្យអន្តរជាតិដឹងថាតើខ្លួនមានជំហរបែបណានៅក្នុងសង្គ្រាម។ ហ្សេឡិនស្គីអះអាងថាបំណងពិតរបស់រុស្ស៊ីគឺត្រូវតែបន្តសង្គ្រាម និងបន្តការកាប់សម្លាប់ជីវិតរបស់មនុស្ស។ នៅក្នុងន័យនេះ លោកយល់ថាពិភពលោកគួរណាស់ដាក់សម្ពាធជាអតិបរមាទៅលើរុស្ស៊ី។
អាមេរិកចង់លក់មីស៊ីលបណ្ដែតឱ្យអ៊ុយក្រែន
នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ហ្វក់ (Fox) ដែលចាក់ផ្សាយកាលពីថ្ងៃសុក្រ លោកជេឌីវេន (អនុប្រធានាធិបតីអាមេរិក) អះអាងថារដ្ឋាភិបាលរបស់លោកកំពុងពិនិត្យមើលសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនដែលចង់ទិញមីស៊ីលម៉ាកថូម៉ាហក។ មីស៊ីលនេះមានវង់ប្រតិបត្តិការ១៦០០គីឡូម៉ែត្រ អាចវាយប្រហារពីអ៊ុយក្រែនដល់ទីក្រុងម៉ូស្គូ។ លោកវេនថាមានតែលោកត្រាំប៉ុណ្ណោះដែលមានសិទ្ធិសម្រេចនៅក្នុងរឿងនេះ។ លោកបញ្ជាក់ថារដ្ឋាភិបាលកំពុងពិចារណាទៅលើសំណើនោះហើយ។ នេះបើតាមការដកស្រង់ប្រភពពីអេភី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ