ទីក្រុងប៉េកាំង៖ ប្រទេសចិន និងកូរ៉េខាងជើងឯកភាពគ្នាថានឹងខិតខំពង្រឹងទំនាក់ទំនងទ្វេភាគី និងទប់ទល់នឹងនយោបាយអនុត្តរភាពនិយមដែលអាងខ្លួនឯងមានអំណាចដើរជ្រៀតជ្រែកកិច្ចការប្រទេសដទៃ ឬបង្គាប់បញ្ជាឱ្យធ្វើបែបនេះ ឬបែបនោះ និងនយោបាយឯកតោភាគីនិយមដែលចូលចិត្តសម្រេចអ្វីមួយជាអត្តនោម័តដោយមិនឆ្លងកាត់ការឯកភាពពីប្រទេសដទៃ។ ការប្ដេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២នៅទីក្រុងប៉េកាំង។
ការជួបគ្នានៅទីក្រុងប៉េកាំងលើកនេះកើតឡើងជាងបីអាទិត្យបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីចិនជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងរយៈពេល៦ឆ្នាំ។ លោកទាំង២ប្ដេជ្ញាថានឹងបន្តគាំទ្រគ្នាទៅវិញទៅមក ហើយនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ លោកគីមជុងអ៊ុន និងលោកស៊ីជីនពីងបានចូលរួមរំលឹកខួប៨០ឆ្នាំនៃទិវាជ័យជម្នះកាលពីដើមខែកញ្ញា។ លោកពូទីនក៏បានចូលរួមនៅក្នុងពិធីនោះផងដែរ។
ការជួបគ្នានៃមេដឹកនាំទាំងបីត្រូវគេចាត់ទុកថាជាការរួបរួមកម្លាំងគ្នាដើម្បីទប់ទល់នឹងអាមេរិក។ គេមិនដឹងថាតើប្រទេសចិនបង្កើតសម្ព័ន្ធភាពដើម្បីប្រឆាំងអាមេរិកដល់កម្រិតណានោះទេ។ នៅក្នុងកិច្ចជំនួបទ្វេភាគីរវាងប្រមុខការទូតចិន និងកូរ៉េខាងជើងលើកនេះ ភាគីកូរ៉េខាងជើងបានពាំនាំពាក្យសម្ដីរបស់លោកគីមជុងអ៊ុនមកជម្រាបថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងបន្តរក្សាទំនាក់ទំនងស៊ីជម្រៅជាមួយប្រទេសចិនដោយឥតងាករេ។
លោកវ៉ាងយីថ្លែងថាប្រទេសចិននៅតែប្រកាន់ជំហរម៉ឺងម៉ាត់ដដែលក្នុងការពង្រឹងសាមគ្គីភាពរវាងប្រទេសទាំង២។ លោកយល់ថាជាការសំខាន់ដែលប្រទេសទាំង២ត្រូវលើកកម្ពស់បណ្ដាញទំនាក់ទំនងជាយុទ្ធសាស្ត្រ និងបញ្ជូនមន្ត្រីរដ្ឋាភិបាលដើម្បីសិក្សាពីគ្នាទៅវិញទៅមក។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើង ខេស៊ីអឹនអេ (KCNA)។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិនបានដកស្រង់ប្រសាសន៍លោកវ៉ាងយីមកផ្សាយថារដ្ឋាភិបាលរបស់លោកសូមប្រឆាំងគ្រប់ទម្រង់នៃនយោបាយអនុត្តរភាពនិយម និងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងជានិច្ចនៅក្នុងក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌតំបន់។
ស៊ីនហួក៏បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមកផ្សាយថារដ្ឋាភិបាលរបស់លោកស្រីត្រៀមសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនលើកិច្ចការពហុភាគីនិយម, រួមកម្លាំងគ្នាប្រឆាំងនឹងនយោបាយឯកតោភាគីនិយម និងការប្រើអំណាចគាបសង្កត់ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរៀបចំសណ្ដាប់ធ្នាប់ពិភពលោកដែលមានយុត្តិធម៌ និងស្មើភាពជាងមុន។ ពាក្យសម្ដីទាំងនេះចង់សំដៅទៅលើការប្រឈមមុខដាក់គ្នារៀងៗខ្លួនជាមួយអាមេរិក។ ប្រទេសចិនកំពុងប្រកួតប្រជែងជាមួយអាមេរិកលើផ្នែកយុទ្ធសាស្ត្រ។ ចំណែកកូរ៉េខាងជើងមានទំនាស់ជាមួយអាមេរិកពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ៕
ចែករំលែកព័តមាននេះ