ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ការពារ​ព្រំដែន​ចាប់​រថយន្ត​០១​គ្រឿង ​និង​តៃកុង​ដែល​ដឹក​បារី​ជិត​៥០​ប៊ិក​​បម្រុង​ឆ្លង​អូរ​ព្រំ​ដែន​​ទៅ​ថៃ

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បទល្មើស​ដដែល​ៗ​បាន​កើតឡើង​ដដែល​ៗ​ម្ដង​ហើយ​ម្ដងទៀត  នៅ​ពេល​ដែល​​កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរ​ដែនដីមិន​មាន​លទ្ធភាព​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់មេ​ខ្លោង​«​រត់ពន្ធ​បារី​ឆ្លង​ដែន»យក​មក​ផ្តន្ទាទោស​បាន ដែល​ប្រភព​នានា​បាន​បង្ហើប​ថា«​មេខ្លោង» រត់ពន្ធ​បារី​ឆ្លង​ដែន​ខុសច្បាប់​ប៉ុន្មាន​លើក​កន្លង​មកនេះ  រស់នៅ​មិន​ឆ្ងាយ​ពី​ស្រុក​សំពៅ​លូន​ឡើយ​» ដែលយើងនឹងផ្សាយឈ្មោះច្បាស់នៅពេលក្រោយទៀត ដើម្បីឱ្យចេះរាង…

ខេត្តបាត់ដំបង​ ៖ បទល្មើស​ដដែល​ៗ​បាន​កើតឡើង​ដដែល​ៗ​ម្ដង​ហើយ​ម្ដងទៀត  នៅ​ពេល​ដែល​​កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរ​ដែនដីមិន​មាន​លទ្ធភាព​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់មេ​ខ្លោង​«​រត់ពន្ធ​បារី​ឆ្លង​ដែន»យក​មក​ផ្តន្ទាទោស​បាន ដែល​ប្រភព​នានា​បាន​បង្ហើប​ថា«​មេខ្លោង» រត់ពន្ធ​បារី​ឆ្លង​ដែន​ខុសច្បាប់​ប៉ុន្មាន​លើក​កន្លង​មកនេះ  រស់នៅ​មិន​ឆ្ងាយ​ពី​ស្រុក​សំពៅ​លូន​ឡើយ​» ដែលយើងនឹងផ្សាយឈ្មោះច្បាស់នៅពេលក្រោយទៀត ដើម្បីឱ្យចេះរាង ​។

​បទល្មើស «​រត់ពន្ធ​បារី​ខុសច្បាប់»​ដដែល​ៗ​នេះ ត្រូវ​បាន​បង្ក្រាប​ជា​ថ្មី​ទៀត ដោយ​កម្លាំង​ការ​ពារ​ព្រំដែន​កម្ពុជា​-ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា នៅ​ក្បែរ​ច្រករបៀង«​បឹង​ឆ្នាំង» ស្ថិត​ក្នុងភូមិ​ព្រះពុទ្ធ  ឃុំ​កំ​រៀង ស្រុក​កំ​រៀង ​។

​យោង​តាម​មន្ត្រី​ព្រំដែន​៖ ជនល្មើស​បាន​ដឹក​បារី​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក​«​ស៊ី​ណា​»បម្រុង​​​យក​ទៅ​លាក់​ទុក​បណ្ដោះអាសន្ន​នៅ​ក្បែរ​ច្រករបៀង​នោះ ដើម្បី​រង់ចាំ​ឱ​កាស​ល្អ បញ្ជូន​ឆ្លង​អូរ​ព្រំដែន​ចេញ​ទៅ​ប្រទេសថៃ ​។ ប៉ុន្តែ​ចៃដន្យ​ត្រូវ​កម្លាំងយោធា និងកម្លាំង​នគរ​
បាល​ការពារ​ព្រំដែន​បង្ក្រាប​បាន​ មុន​ពេល​ហោះ​ឆ្លង​អូរ​ព្រំដែន​ ។​

ប្រភព​ដដែល​បាន​ប្រាប់​ថា  ជាមួយនឹង​ការ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ខាងលើ​នេះ  សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ដឹក​ជញ្ជូន​បារី​ម្នាក់ (​តៃកុង​រថយន្ត​) ឈ្មោះ ប៉ុន សុ​ភឿន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន   រឹបអូស​យក​រថយន្ត​មួយ​គ្រឿង និង​បារី​ម៉ាក​ORIS ចំនួន​៤៩
​ប៊ិច។

​ក្រោយ​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុ​តាង និង​សួរនាំ​បឋម ទាំង​ជនសង្ស័យ​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការ​ដ្ឋានខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

​កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង លោក យី យក់​សាន្ត ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា  ជុំវិញ​ចំណាត់ការ​បន្ត លើ​អំពើ​រត់ពន្ធ​បារី​ខុសច្បាប់​ខាងលើ​នេះ​ ។   ដោយឡែក លោក​ឧត្តម​សេនី​យ៍​​ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​ខេត្ត​វិញ ក៏​មិន​លើក​ទូរស័ព្ទ ដូច​លើក​មុន​ៗ​ដែរ​ ។

​នេះ​ជា​លើក​ទី​៣​ហើយ  ដែល​បទល្មើស​សេដ្ឋកិច្ច «​រត់ពន្ធ​បារី​ឆ្លង​ដែន​ខុសច្បាប់» បាន​កើត​ឡើង​យ៉ាង​គ​គ្លើ​ន​ម្ដង​ហើយ​ម្ដងទៀត នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​សៀម នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង   ខណៈ​ដែល​ស្ថានភាព​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បិទ​ជិតឈឹងមិន​ឲ្យ​មានការ​ទំនាក់ទំនង​គ្នា ក្រោយ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ដោយ​អាវុធ ​។  ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រុម​ជន​ទុច្ចរិតនៅ​តែ​ចិញ្ចឹមចិត្ត​ស្វែងរក​ចន្លោះ​ប្រហោង  ដើម្បី​លួច​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន​បាន​ដដែល​ ។ ជា​ពិសេស ​អំពើ​«​រត់ពន្ធ​បារី»​នេះ​តែ​ម្ដង​។        

លើក​ទី​១ បារី​ចំនួន​១៥,០០០​កញ្ចប់ បាន​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​សៀម  ក្នុង​ទឹកដី​ស្រុក​សំពៅ កាលពី​ថ្ងៃ​ទី​០៥ កក្កដា កន្លង​ទៅ​នេះ  ហើយ​ត្រូវ​ពួក​ទាហាន​សៀម​ចាប់​បាន​ទាំង​បារី​ទាំង​កម្មករ​ខ្មែរ​ចំនួន​០២​នាក់ ។ 

លើក​ទី​២ កម្លាំង​ការពារ​ព្រំដែន​កម្ពុជា បង្ក្រាប​បាន យ៉ាង​សន្ធឹកសន្ធាប់​ទៀត នៅ​ក្នុង​ទឹកដី​ស្រុក​ភ្នំព្រឹក​ម្ដង នៅ​ថ្ងៃ​ទី​១៩ កញ្ញា​ ។  ជាមួយនឹង​ការ​បង្ក្រាប​ក្រុម​អ្នករត់ពន្ធ​បារីនៅ​ស្រុក​ភ្នំព្រឹក​នេះ  កម្លាំងយោធា និងកម្លាំង​នគរបាល ការ​ពារ​ព្រំដែន​រឹបអូស​យក​ត្រាក់ទ័រ​មួយ​គ្រឿង​ដែល​កំពុង​ដឹក​ជញ្ជូន​បារី​ចំនួន​១១១​ប៊ិក និង ឃាត់​ខ្លួន​ក្រុម​កម្មករ​ដឹក​ជញ្ជូន​បារី​ចំនួន​០៧​នាក់​ទៀត បញ្ជូន​ទៅ​កាន់​ស្នងការ​ដ្ឋានខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

​លុះ​លើក​ទី​៣នេះ ​កម្លាំង​ការពារ​ព្រំដែន​ជួរ​មុខ​កម្ពុជានៅ​ស្រុក​កំ​រៀង  ចាប់​បាន​ទាំង​រថយន្ត ទាំង​បារី​ចំនួន​៤៩​ប៊ិក និង​អ្នក​បើករថយន្ត​ម្នាក់​ផង​ ។ ​បទល្មើស​ដដែល​ៗ (​រត់ពន្ធ​បារី​ឆ្លង​ដែន​ខុសច្បាប់​) ដែល​បាន​កើតឡើង​ដដែល​ៗ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ជាប់​ព្រំដែន​កម្ពុជា-ថៃ ភាគ​ខាងលិច​ខេត្តបាត់ដំបង​នេះ  ហាក់​បាន​បង្ហាញ​ពី​ភាព​គ​គ្លើ​ន​របស់​ក្រុម​ឈ្មួញ​​ទុច្ចរិតដែលនៅកំពុងរួចខ្លួន នៅ​ពេល​ដែល​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ដែនដី​គ្មាន​លទ្ធភាព​ធ្វើការ​ស្រាវជ្រាវតាម​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​បាន​ ។ ​បើ​តាម​ប្រភព​ព្រាវ​ៗ​ពី​មន្ត្រី​មួយ​ចំនួន​ដែល​ធ្លាប់​ដឹង​ពី​បទល្មើស «​រត់ពន្ធ​បារី» នេះ បាន​បង្ហើប​ថា  កាលពី​ប្រទេស​កម្ពុជា និង​សៀម មិន​ទាន់​ឈ្លោះ​គ្នា​បិទ​ព្រំដែន បារី​នេះ​ត្រូវ​បាន​ពួក​ឈ្មួញ​លួច​នាំ​ចេញ​ស្ទើរ​រាល់ថ្ងៃ តាម​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ ស្រុក​សំពៅ​លូន ដែល​មាន​មេ​ឈ្មួញ​ធំ នៅ​ស្រុក​នោះ​តែ​ម្ដង​។

​ប៉ុន្តែ​ក្រោយ​ប្រទេស​ទាំង​ពីរមាន​អរិភាព​នឹង​គ្នា រហូត​ឈាន​ដល់​ការ​បិទ​ព្រំដែន​ជិត​ទាំងស្រុង  ប៉ុន្តែ​ពួក​ឈ្មួញ​ទុច្ចរិត​ហាក់​មិន​នៅ​ស្ងៀម​ទេ​ ដែលគេហៅថា ខានស៊ី។  ពួក​គេ​នៅ​តែ​ស្វះស្វែង ទំនាក់ទំនង​ជាមួយ​ពួក​ឈ្មួញ​ទុច្ចរិត​ថៃ​ស្រាវជ្រាវ​រក​ចំណុច​ចន្លោះ​ប្រហោង​តាម​បន្ទាត់​ព្រំដែន  ដើម្បី​លួច​នាំ​ចេញ​បារី​ឆ្លង​ដែន ដោយ​ខុសច្បាប់​បាន​ដដែល​ ។

​គេ​សង្ស័យ​មេខ្លោង «​រត់ពន្ធ​បារី ឆ្លង​ដែន​ខុសច្បាប់» នេះ​កំពុង​សំងំ​នៅផ្ទះ​ក្នុងស្រុក​សំពៅ​លូន​ ។  ដូច្នេះ បទល្មើស«​រត់ពន្ធ​បារី​ឆ្លង​ដែន»នេះ ប្រសិនបើ​សមត្ថកិច្ច​ជំនាញមិន​អាច​តាម​ចាប់ខ្លួន​មេ​ឈ្មួញ​ធំ​បាន​ទេ ឬនៅតែជួយលាក់បាំងដោយ​ប្រការណាមួយ បទល្មើស​នេះ​នៅ​តែ​បង្ក​ឲ្យ​មាន​ផល​លំបាក​កាន់តែ​ខ្លាំង និង​អាច​នាំ​ឲ្យ​អំពល់ទុក្ខ​ដល់​ថ្នាក់ដឹកនាំ​ទៀត​ផង ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​មើល​មុខ​គ្នា​មិន​ចំ​ផង​ ៕

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ