រាជធានីភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកអ្នកបង្កើតពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងទឹកចិត្តកងទ័ពគឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់ជាតិ តែបើរកឃើញមែនត្រូវផ្តន្ទាទោសតាមច្បាប់ឲ្យម៉ឺងម៉ាត់ ។ លោកបណ្ឌិតភិន គា បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ការបង្កើតពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងទឹកចិត្តកងទ័ព គឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់ជាតិ ប៉ុន្តែបើពាក្យចចាមអារ៉ាមនោះជាការពិត វាកាន់តែគ្រោះថ្នាក់ ជាពិសេស ក្នុងស្ថានភាព ដែលប្រទេសជាតិកំពុងត្រូវបានសត្រូវឈ្លានពាន។
ដូច្នេះ ក្រៅតែពីការចេញលិខិតបដិសេធអគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ ត្រូវតែបញ្ចៀសឱ្យបានកុំឱ្យពាក្យចចាមអារ៉ាមបែបនេះក្លាយជាពាក្យពិត ។បើសិនជារកឃើញបែបនោះមែន ត្រូវតែផ្ដន្ទាទោសបុគ្គល ប្រព្រឹត្តបទល្មើស ឱ្យម៉ឺងម៉ាត់បំផុតតាមផ្លូវច្បាប់ដោយគ្មានការលើកលែង កុំឱ្យយល់ញាតិឃ្លាតច្បាប់ ។
ការលើកឡើងរបស់លោកបណ្ឌិត ភិន គា បន្ទាប់ពីអគ្គបញ្ជាការដ្ឋានបានចេញលិខិតបដិសេធមួយច្បាប់ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក សម រង្ស៊ី ថា រាជរដ្ឋាភិបាលបានគម្រាមកំហែងនិងការប្រាក់ខែកងទ័ពជួរមុខ ។ លិខិតបានលើកឡើងថា អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងចំពោះ ការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែ កងទ័ពជួរមុខ»។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេស ចំពោះយោធិនពលី ពិការដើម្បីការពារជាតិមាតុភូមិ ។ កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក ដែលមានគោលបំណង បំបាក់ស្មារតី និងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ និងប្រជាជនខ្មែរ ដែលរងគ្រោះការរំលោភបំពានទាំងកម្រោលមកលើបូរណទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាកងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធ យ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន។ លិខិតបញ្ជាក់ថា៖« យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសដាច់អហង្ការនិងស្នើសុំឱ្យអនុវត្ត ច្បាប់ដកសញ្ជាតិ និងបទល្មើស ព្រហ្មទណ្ឌផ្សេងៗទៀត ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក»៕
ចែករំលែកព័តមាននេះ