រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានទទួលការលើកទឹកចិត្ត និងសរសើរពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីរូបនាងនឹងក្រុមការងារចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍កម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival » នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ដល់២២ ខែមិថុនា ឆ្នាំ
២០២៥ ។

ក្នុងជំនួបការគួរសម កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអ្នកនាង ទេព បូព្រឹក្ស និងក្រុមការងារបានធ្វើបទបង្ហាញនូវវីដេអូឯកសារស្តីពីការចូលរួមរបស់នាងដែលបានតំណាងអោយអ្នកចម្រៀងយុវវ័យកម្ពុជាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival »នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលកន្លងទៅ។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ជូនប័ណ្ណសរសើរដល់លោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីជាការលើកទឹកចិត្តសម្រាប់ការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ខាងលើនេះផង
ដែរ ។

ជាការកត់សម្គាល់ តារាចម្រៀងឯករាជ្យ អ្នកនាង ទេព បូព្រឹក្ស បានធ្វើឲ្យបណ្ដាអ្នកគាំទ្រពេញចិត្ត និងលាន់មាត់សរសើរគ្រប់គ្នា ក្រោយពីគេបានទស្សនាការសម្ដែងដ៏អស្ចារ្យរបស់តារាចម្រៀងរូបនេះ នៅលើឆាកអន្តរជាតិ នៅឯប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធីដ៏ធំ «2025 ROUND Festival» ដោយតារាចម្រៀងរូបនេះ បាននាំយកនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន បង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់ ។
ទេព បូព្រឹក្ស បាននាំយកការសម្តែងបែបសហសម័យរួមមាន ល្ខោនខោល របាំមណីមេខលា និងអប្សរាខ្មែររួមបញ្ចូលគ្នា ក្រោមទស្សនីយភាពបទ«ទេវរាជ» និងនាំយកនូវបទចម្រៀងផ្សេងៗទៀតសុទ្ធតែជាបទល្បីៗ ព្រមទាំងបង្ហាញនៅក្បាច់រាំដ៏រស់រវើកកាន់តែធ្វើឲ្យបណ្ដាអ្នកទស្សនាជក់ចិត្តយ៉ាងខ្លាំង ។

នៅមុនចេញទៅការសម្តែងព្រឹត្តការណ៍ខាងលើនេះ តារាចម្រៀងនាង ទេព បូព្រឹក្ស បានបញ្ចេញសំណេរបង្ហោះលើបណ្តាញសង្គមថា «នាងខ្ញុំទេព បូព្រឹក្ស នឹងនាំយកការសម្តែងបែបសហសម័យរួមមាន ល្ខោនខោល , របាំមណីមេខលា និង អប្សរា ជាលើទីមួយនៃសិល្បៈខ្មែរដែលនឹងរួមបញ្ចូលគ្នានៅលើឆាកអន្តរជាតិក្រោមទស្សនីយភាពបទ «ទេវរាជ » ដែលនេះជាអ្វីដែលនាងខ្ញុំធ្លាប់ស្រមៃថានឹងដឹងដៃវប្បធម៌ទៅកាន់ឆាកអន្តរជាតិពេលនេះសម្រេចចេញជាផ្កាហើយ ។
គួរបញ្ជាក់ថា មហោស្រពអន្តរជាតិ Round Festival គឺជាកម្មវិធីដែលនាំយកតន្ត្រីករ និងវប្បធម៌មកពីប្រទេសសមាជិកទាំងដប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងកូរ៉េខាងត្បូងដើម្បីពង្រីកតន្ត្រីប៉ុបអាស៊ីចូលទៅក្នុងទីផ្សារពិភពលោក ហើយកាលពីឆ្នាំ២០២៤ អ្នកតំណាងប្រទេសកម្ពុជាគឺតារាចម្រៀងនាង ចិត្ត កញ្ចនា ខណៈកម្មវិធីនេះគឺមានការផ្សាយលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់កូរ៉េគឺ KBS World ផងដែរ ៕







Evoto
Evoto
ចែករំលែកព័តមាននេះ