ទីក្រុងបាងកក៖ លោកថាក់ស៊ីនប្រកាសត្រង់ៗតែម្ដងតាមបណ្ដាញអ៊ិចថាគាត់ជាអ្នកបញ្ជាឱ្យអ្នកបើកយន្តហោះដែលដឹកគាត់ចេញពីប្រទេសថៃដូរទិសដៅហោះហើរ។ ពីដំបូងដៃ គាត់ប្រុងទៅសិង្ហបុរីដើម្បីពិនិត្យសុខភាព។ រយៈពេល២ថ្ងៃក្រោយគាត់នឹងវិលចូលស្រុកវិញដើម្បីស្ដាប់ការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការភូតកុហកថាឈឺដើម្បីស្នើសុំនៅក្រៅឃុំ។
ថាក់ស៊ីនសរសេររៀបរាប់បន្តទៀតថាលោកពិតជាចង់ហោះទៅសិង្ហបុរីមែនដើម្បីពិនិត្យសុខភាពជាមួយគ្រូពេទ្យម្នាក់ដែលធ្លាប់មើលថែទាំជំងឺរបស់គាត់នៅពេលចេញទៅបរទេសម្ដងៗ។ ប៉ុន្តែខាងអន្តោប្រវេសន៍ថៃបានឃាត់គាត់ទុកអស់២ម៉ោង (នៅអាកាសយានដ្ឋានដនមឿង នៃទីក្រុងបាងកក) ទោះបីគាត់មានសិទ្ធិចេញទៅបរទេសដូចពលរដ្ឋថៃដទៃទៀតក៏ដោយ។
នៅពេលកំពុងហោះហើរសុខៗ អាកាសយានិកប្រាប់គាត់ថាដោយសារពន្យារពេលយូរពេក យន្តហោះរបស់គាត់មិនអាចចុះចតទាន់ពេលនៅព្រលានយន្តហោះសេឡេតា (Seletar) នៃប្រទេសសិង្ហបុរីបានឡើយដែលទីនោះគេប្រើប្រាប់សម្រាប់ចុះចតយន្តហោះឯកជន។ ព្រលានយន្តហោះនោះត្រូវបិទទ្វារត្រឹមម៉ោង១០យប់។ ដោយសារគាត់មិនអាចចុះនៅសិង្ហបុរីបាន ដូចនេះគាត់ក៏ប្រាប់ឱ្យអ្នកបើកយន្តហោះបង្វែរទិសដៅហោះហើរទៅទីក្រុងឌូបៃតែម្ដង។
នោពេលទៅដល់ឌូបៃ ថាក់ស៊ីនប្រាប់ថាគាត់ជួបគ្រូពេទ្យផ្នែកឆ្អឹង និងសួត ហើយមានឱកាសជួបសួរសុខទុក្ខមិត្តសម្លាញ់ម្នាក់ដែលខានជួបគ្នាជាង២ឆ្នាំហើយ។ នៅពេលកំពុងរង់ចាំចុះចតនៅព្រលានយន្តហោះទីក្រុងឌូបៃ អាកាសយានិកត្រូវហោះក្រវែលចុះឡើងៗជាច្រើនជុំរហូតដល់អ្នកនៅនឹងព្រលានយន្តហោះឱ្យសញ្ញាថាអាចចុះចតបានហើយ។ ថាក់ស៊ីនបញ្ជាក់ថាគាត់នឹងវិលចូលស្រុកវិញមិនឱ្យលើសថ្ងៃទី៨ ខែកញ្ញាទេដើម្បីស្ដាប់សេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃទី៩ ខែកញ្ញា។ នេះបើយោងតាមប្រភពពីខាវសត់ (Khaosod) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ