ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូរ៉េ​ខាង​ជើង​ប្ដេជ្ញា​ជួយ​ចិន​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​ការ​ពារ​ផល​ប្រយោជន៍​ជាតិ

4 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ​មេ​​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម​ជុង​អ៊ុន ថ្លែង​ប្រាប់​សម​ភាគី​ចិន​ (លោក​ស៊ីជីន​ពីង​) ថា​ប្រទេស​របស់​លោក​នឹង​បន្ត​គាំទ្រ​ប្រទេស​ចិន​ជា​និច្ច​នៅ​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​​​ បូរណ​ភាព​ទឹក​ដី និង​ការ​អភិ​វឌ្ឍ​។ នេះ​បើ​​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ខេ​ស៊ី​អឹន​អេ (KCNA)​។…

ទី​ក្រុង​ប៉េកាំង៖ ​មេ​​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម​ជុង​អ៊ុន ថ្លែង​ប្រាប់​សម​ភាគី​ចិន​ (លោក​ស៊ីជីន​ពីង​) ថា​ប្រទេស​របស់​លោក​នឹង​បន្ត​គាំទ្រ​ប្រទេស​ចិន​ជា​និច្ច​នៅ​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​​​ បូរណ​ភាព​ទឹក​ដី និង​ការ​អភិ​វឌ្ឍ​។ នេះ​បើ​​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ខេ​ស៊ី​អឹន​អេ (KCNA)​។ លោក​គីម​ថ្លែង​ថា​ទោះ​បី​ស្ថាន​ការណ៍​ពិភព​លោក​ប្រែ​ប្រួល​យ៉ាង​ណា​​ក៏​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​យើង​ទាំង​២​មិន​អាច​ប្រែប្រួល​ជា​ដាច់​ខាត​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ជួប​គ្នា​ទ្វេ​ភាគី​ជា​មួយ​លោក​ស៊ី​ជីន​ពីង​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

ជា​កិច្ច​ឆ្លើយ​តប លោក​ស៊ី​ជីន​ពីង​​ថ្លែង​ប្រាប់​លោក​គីមជុង​អ៊ុន​ថា​ចិន និង​កូរ៉េ​ខាង​ជើង​ជា​អ្នក​​​ជិត​ខាង​ដ៏​ល្អ​នឹង​គ្នា​, ជា​មិត្ត​សម្លាញ់នឹង​គ្នា និង​ជា​​មិត្ត​រួម​អាវុធ​ដ៏​ល្អ​នឹង​គ្នា​​ដែល​មាន​ជោគ​វាសនា​-​អនាគត​តែ​មួយ​។ ថ្នាក់​ដឹក​នាំ​ទាំង​២​បាន​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​យុទ្ធ​សាស្ត្រ​ និង​​ការ​ការ​ពារ​ផល​ប្រយោជន៍​រួម​នៅ​ក្នុង​បញ្ហា​ពិភព​លោក​​​ និង​បញ្ហា​នៅ​ក្នុង​តំបន់​។ ប្រទេស​ទាំង​២​ឯក​ភាព​គ្នា​ថា​នឹង​បង្កើន​ការ​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​គ្នា​ទៅវិញ​ទៅ​មក​រវាង​​​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​២​។

​​ទស្សន​កិច្ច​របស់​លោក​គីម​ទៅ​ប្រទេស​ចិន​លើក​នេះ​ បើ​តាម​ការ​ផ្សាយ​របស់​ខេ​ស៊ី​អឹន​អេ គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​ជួយ​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ផ្នែក​នយោបាយ​ និង​ក៏​ពង្រឹង​ផង​ដែរ​នូវ​កិច្ច​សហ​ប្រ​តិបត្តិ​ការ​ជា​យុទ្ធ​សាស្ត្រ​រវាង​ប្រទេស​ទាំង​២​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ លោក​ពូទីន​​បាន​ផ្ញើ​សារ​ជូន​ពរ​នៅ​ថ្ងៃ​រំលឹក​​ខួប​នៃ​ការ​បង្កើត​សាធារណរដ្ឋ​កូរ៉េ​​។

នៅ​ក្នុង​​​លិខិត​នោះ លោក​ពូទីន​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ទឹក​ចិត្ត​អង់​អាច​ក្លាហាន​របស់​កង​ទ័ព​កូរ៉េ​ខាង​ជើង​ដែល​បញ្ជូន​ទៅ​តំបន់​ខឺស​ដើម្បី​ជួយ​រុស្ស៊ី​។ លោក​ពូទីន​ចាត់​ទុក​ថា​នោះ​ជា​និមិត្ត​រូប​ដ៏​ថ្លៃ​ថ្លា​នៃ​ចំណង​មិត្ត​ភាព​ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​។ លោក​ពូទីន​មាន​ទំនុក​ចិត្ត​ថា​ប្រទេស​ទាំង​២​នឹង​បន្ត​សហ​ការ​គ្នា​ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​​​។

​កូរ៉េ​ខាង​ជើង​​​ជួយ​ជ្រោម​ជ្រែង​រុស្ស៊ី​សម្បើម​ណាស់​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ កូរ៉េ​ខាង​ជើង​​បញ្ជូន​កង​ទ័ព​ គ្រាប់​កាំ​ភ្លើង​ធំ​ និង​មីស៊ីល​ទៅ រុស្ស៊ី​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​បស្ចិម​ប្រទេស​ និង​កូរ៉េ​ខាង​ត្បូង​។​ កាល​ពីពេល​ជួប​គ្នា​ទ្វេ​ភាគី​ជា​មួយ​លោក​ពូទីន​នៅ​ប៉េកាំង​ លោក​គីម​ថ្លែង​ថា​ប្រទេស​របស់​លោក​គាំទ្រ​កង​ទ័ព​រុស្ស៊ី​យ៉ាង​ពេញ​ទំហឹង​ និង​ចាត់​ទុក​ថា​នេះ​ជា​ការ​ចេះ​ជួយ​គ្នា​នៅ​ក្នុង​គ្រា​មាន​អាសន្ន​​។ ​នេះ​បើ​តាម​ការ​ដក​ស្រង់​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ