ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ស្នើ​សហរដ្ឋអាមេរិក​យកចិត្តទុក​ដាក់​ចំពោះ​បញ្ហា​កំពុង​កើត​មាននៅ​បន្ទាត់​ព្រំដែន​​កម្ពុជា​-​ថៃ

34 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ ហ៊ុន សែន ​ប្រមុខរដ្ឋ​ស្តីទី​ បាន​បង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ចុង​ក្រោយ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ ជា​ពិសេស​ការ​បន្ត​ដាក់​បន្លា​លួស​ជា​បន្តបន្ទាប់ ដែល​ចំណុច​នេះ​សម្ដេច​ចង់ឱ្យ​សហរដ្ឋអាមេរិក​តាមដាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​។…

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ ហ៊ុន សែន ​ប្រមុខរដ្ឋ​ស្តីទី​ បាន​បង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ចុង​ក្រោយ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ ជា​ពិសេស​ការ​បន្ត​ដាក់​បន្លា​លួស​ជា​បន្តបន្ទាប់ ដែល​ចំណុច​នេះ​សម្ដេច​ចង់ឱ្យ​សហរដ្ឋអាមេរិក​តាមដាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​នៅ​ពេល​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ Bridgette L. Walker ភារធារី​ស្តីទី​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៥​នា​វិមាន​ព្រឹទ្ធសភា​។

យោង​តាម ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្ន​ង​ជំនួប​ សម្ដេច​តេ​ជោ បាន​ពន្យល់​ទៅ​កាន់​លោក​ជំទាវ​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​នៃ​ជម្លោះព្រំដែន កម្ពុជា​-​ថៃ និង​ស្ថានភាព​វិវត្តន៍​ចុង​ក្រោយ​នៃ​បញ្ហា​នេះ ក្រោយ​ពី​មាន​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែកក្កដា​។

សម្ដេច​តេ​ជោ បាន​លើក​ឡើង​ដោយ​ចំ​ៗ ចំពោះ​លោក​ជំទាវ​ភារធារី​ស្តីថា បទ​ឈប់​បាញ់​ដែល​កម្ពុជា និង​ថៃ​មាន​ជាមួយ​គ្នា​កាលពី​ថ្ងៃ​២៨​កក្កដា​កន្លង​ទៅ​នេះ គឺ​មិន​អាច​កើត​មានបាន​ឡើយ​ប្រសិនបើ​មិន​មានគំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់​ត្រាំ ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​នោះ​ទេ​។

សម្ដេច​តេ​ជោ បាន​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាត់វិធានការ​ទាន់​ពេលវេលា​របស់​រដ្ឋបាល​ឯកឧត្តម ដូ​ណា​ល់​ត្រាំ និង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​តាមដាន និង​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។

សម្ដេច​បាន​បញ្ជាក់​ថា បទ​ឈប់​បាញ់​តាម​រយៈ​ការ​ចូលរួម​ចំណែក​ពី​ឯកឧត្តម ដូ​ណា​ល់​ត្រាំ គឺ​បាន​ជួយ​ដល់​ប្រទេស​ទាំង​សងខាង ជា​ពិសេស​កុំឱ្យ​មាន​ទាហាន និង​ប្រជាពលរដ្ឋ​ស្លាប់​ក្នុង​ការ​ផ្ទុះអាវុធ​បន្ត​ទៀត​។

យ៉ាងណា​ក្តី​សម្ដេច​តេ​ជោ ក៏​បាន​បង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ចុង​ក្រោយ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ ជា​ពិសេស​ការ​បន្ត​ដាក់​បន្លា​លួស​ជា​បន្តបន្ទាប់ ដែល​ចំណុច​នេះ​សម្ដេច​ចង់ឱ្យ​សហរដ្ឋអាមេរិក​តាមដាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​បទ​ឈប់​បាញ់​ឲ្យ​បាន​ពេញលេញ​។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖” កម្ពុជា​បាន​អត់ធ្មត់​គ្រប់​បែប​យ៉ាង ដើម្បី​ធានា​ការ​គោរព​បទ​ឈប់​បាញ់​ដែល​បាន​សម្រេច​ជាមួយ​គ្នា ហើយ​ជា​ជំហរ​របស់​កម្ពុជា គឺ​កម្ពុជា​ចង់ឱ្យ​ស្ថានភាព​ព្រំដែន​កម្ពុជា ថៃ ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​។

សម្ដេច​បន្ត​ថា កម្ពុជា​ចង់បាន​អ្នក​សង្កេតការណ៍​ជាក់លាក់​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​នូវ​បទ​ឈប់​បាញ់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។

នៅ​ក្នុង​ជំនួប​នោះ​ដែរ​លោក​ជំទាវ Bridgette L. Walker បាន​អរគុណ​សម្ដេច​តេ​ជោ​ដែល​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា​៖ សហរដ្ឋអាមេរិក ជា​ពិសេស​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ និង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក គឺ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​វិវត្តន៍ ដូច​ជា​បញ្ហា​ប្រឈម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ហើយ​ជា​ជំហរ​របស់​សហរដ្ឋអាមេរិក គឺ​ចង់​ឃើញ​នូវ​ការ​វិវត្តន៍​ព្រំដែន កម្ពុជា​-​ថៃ វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ពោល​គឺ​សហរដ្ឋអាមេរិក​ចង់​ឃើញ​សន្តិភាព​កើត​មាន​ឡើង​សម្រាប់​ប្រទេស​ទាំង​ពីរ​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​បាន​បញ្ជាក់​ទៀត​ថា​៖” សហរដ្ឋអាមេរិក​ចង់​ឲ្យ​ភាគី​ទាំង​ពីរ​អនុវត្ត ក៏​ដូច​ជា​ការ​បង្កើត​ឲ្យ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន ដូច​អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នៅ​ពេល​កន្លង​ទៅ ហើយ​អា​មេ​រិ​ក​នឹង​ខិតខំ​ជំរុញ​ឲ្យ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន ដូច​អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​ទៅ​នោះ​”​។

ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ សម្ដេច​តេ​ជោ​ក៏​បាន​អរគុណ​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​ផ្ដល់​ជា​ជំនួយ​មនុស្សធម៌​ដល់​ជនភៀសសឹក​ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ថ្មី​ៗ​នេះ​។

សូម​ជម្រាប​ថា​នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ភារធារី ក៏​លើក​ឡើង​ពី​បញ្ហា​អន្តោប្រវេសន៍​កម្ពុជា​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍ ដោយ​លោក​ជំទាវ​បាន​ស្នើ​ដល់​សម្ដេច​តេ​ជោ​សុំ​ការ​គាំទ្រ និង​សម្របសម្រួល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា សម្ដេច​នឹង​ខិតខំ​ប្រឹងប្រែង​ប្រាប់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ការ​ទទួលយក​នូវ​ជនជាតិ​ខ្មែរ​ដែល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា បញ្ហា​នេះ​មិនមែន​ជា​បញ្ហា​ថ្មី​នោះ​ទេ វា​ជា​បញ្ហា​ចាស់​តាំងពី​សម្ដេច​នៅ​ជា​នាយក​រដ្ឋមន្ត្រី​មក​ម៉្លេះ​ ហើយ​ទោះបីជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ពួក​គាត់​ជា​ជនជាតិ​ខ្មែរ នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​បញ្ជូន​មក​វិញ គឺ​យើង​ត្រូវ​តែ​យកចិត្តទុកដាក់ និង​ទទួល​ឲ្យ​ពួក​គាត់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ