ផលិតផលកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនចិននៅទីក្រុងគុនមីង
គុនមីង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ផលិតផលខ្មែរផលិតពីដៃដែលមានគុណភាពខ្ពស់ ដូចជាផលិតផលសូត្រ ចម្លាក់ គំនូរ កាបូប គ្រឿងប្រាក់…
គុនមីង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ផលិតផលខ្មែរផលិតពីដៃដែលមានគុណភាពខ្ពស់ ដូចជាផលិតផលសូត្រ ចម្លាក់ គំនូរ កាបូប គ្រឿងប្រាក់…
គុនមីង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ផលិតផលខ្មែរផលិតពីដៃដែលមានគុណភាពខ្ពស់ ដូចជាផលិតផលសូត្រ ចម្លាក់ គំនូរ កាបូប គ្រឿងប្រាក់ និងគ្រឿងអលង្ការ ។ល។ បានទាក់ទាញការចាប់អារម្មណ៍ ការចង់ដឹង ចង់ស្គាល់ និងការកោតសរសើរពីសាធារណជនចិន ក្នុងកម្មវិធីតាំងពិព័រណ៍ នៃព្រឹត្តិការណ៍បណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ (SSAMN) នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។
ក្រុមហ៊ុនចំនួនប្រាំបួនមកពីខេត្តសៀមរាប បានចូលរួមក្នុងពិព័រណ៍រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានស្តង់ចំនួនប្រមាណ១០០ស្តង់ មកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ។ល។
សិប្បករកម្ពុជាបានសម្តែងការរីករាយដែលបានចូលរួមក្នុងព្រឹត្តការណ៍នេះ ដោយមើលឃើញថាវាជាឱកាសមួយក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជាទៅកាន់ពិភពលោក ជាពិសេស ទៅកាន់ទីផ្សារប្រទេសចិន។
អ្នកស្រី ចាប បូផានី តំណាងអង្គការសិល្បៈអង្គរ បានមានប្រសាសន៍ថា «នេះគឺជាឱកាសដ៏ល្អមួយក្នុងការបង្ហាញសិល្បៈ សិប្បកម្ម និងផលិតផលធ្វើដោយដៃដទៃទៀតរបស់ខ្មែរ។ ខ្ញុំសង្ឃឹមថានឹងមានព្រឹត្តិការណ៍បែបនេះបន្ថែមទៀត ដើម្បីឱ្យប្រជាជនចិនបានស្វែងយល់បន្ថែមអំពីផលិតផល និងវប្បធម៌ខ្មែរ»។
លោក ចាន់ សោភ័ណ្ឌ មកពីសោភ័ណ្ឌសិល្បៈកម្ពុជា បានបង្ហាញមោទនភាពក្នុងការណែនាំប្រជាជនចិន អំពីសិល្បៈហត្ថកម្មដ៏ពិសេស និងសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃគ្រឿងអលង្ការខ្មែរ។ លោកបានបញ្ជាក់ថា៖ «រចនាបថគ្រឿងអលង្ការនេះឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា។ ខ្ញុំមានកិត្តិយសក្នុងការចែករំលែកអត្ថន័យរបស់វាជាមួយប្រជាជនចិន»។
សិល្បករខ្មែរក៏បានថ្លែងអំណរគុណចំពោះអ្នករៀបចំកម្មវិធីសម្រាប់ឱកាសនេះ និងបង្ហាញពីចេតនាក្នុងការនាំយកផលិតផលកម្ពុជាកាន់តែច្រើនបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍នេះនៅឆ្នាំក្រោយ។
ចែករំលែកព័តមាននេះ