ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំបានចេញមកបញ្ជាក់នៅរសៀលនេះថាលោកមិនបានដឹងរឿងអ្វីទាំងអស់ពាក់ព័ន្ធនឹងរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានញូយ៉កថាមស៍កាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងបេសកកម្មបរាជ័យរបស់កងកុម្ម៉ង់ដូពិសេសអាមេរិកណេវីស៊ីល (Navy Seal) ឬស៊ីលធីម៦ (Seal Team 6) កាលពីឆ្នាំ២០១៩។ កាលនោះ ពួកគេទទួលបញ្ជាឱ្យចេញបេសកកម្មសម្ងាត់នៅកូរ៉េខាងជើង។ ញូយ៉កថាមស៍ថាការភ្លាត់ស្នៀតលើកនេះក៏បាននាំទៅដល់ការស្លាប់ជនស៊ីវិលកូរ៉េខាងជើងមួយចំនួនផងដែរ។
កាលពីពេលកន្លងមក មន្ទីរបញ្ចកោណ និងសេតវិមានកម្រធ្វើអត្ថាធិប្បាយណាស់ពាក់ព័ន្ធនឹងការបំពេញបេសកកម្មរបស់កងកុម្ម៉ង់ដូរស៊ីលធីម៦ (SEAL Team 6)។ ចាប់តាំងពីកាន់អំណាចនៅអាណត្តិទី២ លោកត្រាំនៅតែចិញ្ចឹមចិត្តចង់ចរចាជាមួយកូរ៉េខាងជើង។ ប៉ុន្តែលោកសម្លឹងឃើញថារបបក្រុងព្យុងយ៉ាងហាក់ដូចជាលែងចាប់អារម្មណ៍ចង់ចរចាគ្នាតទៅទៀតហើយ។ ពោលគឺមិនដូចកាលពីពេលលោកនៅកាន់អំណាចកាលពីអាណត្តិទីមួយទេ។
លោកត្រាំធ្លាប់បានផ្ញើសំបុត្រមួយច្បាប់ជាលក្ខណៈបោះដៃទៅរកកូរ៉េខាងជើង ប៉ុន្តែត្រូវមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងបដិសេធ។ តាមពិត គោលបំណងរបស់លោកត្រាំមិនមែននិយាយអំពីបញ្ហានុយក្លេអ៊ែរទេ។ ប៉ុន្តែចង់សម្រុះសម្រួលឱ្យប្រទេសបងប្អូនគូសត្រូវកូរ៉េទាំង២ឆាប់ចរចាត្រូវរ៉ូវគ្នាដើម្បីធ្វើឱ្យមានសន្តិភាពនៅឧបទ្វីបកូរ៉េ។
សារព័ត៌មានញូយ៉កថាមស៍ (New York Times) ចុះផ្សាយកាលពីម្សិលមិញថាកងកុម្ម៉ង់ដូអាមេរិកបានទទួលបេសកកម្មសម្ងាត់កាលពីឆ្នាំ២០១៩ដើម្បីដាក់ឧបករណ៍ស្រូបសំឡេងសន្ទនាគ្នានៅក្នុងចំណោមថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េខាងជើង។ ពួកគេត្រូវយកឧបករណ៍នោះទៅបង្កប់នៅលើទឹកដីកូរ៉េខាងជើងដើម្បីថតជាប់សំឡេងសន្ទនាគ្នារវាងលោកគីមជុងអ៊ុន និងមន្ត្រីរបស់លោកដទៃទៀត។ នោះជាពេលដែលអាមេរិក និងកូរ៉េខាងជើងកំពុងចរចាគ្នាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។
យោងតាមប្រភពពីអាល់ចាស៊ីរ៉ា កងកុម្ម៉ង់ដូអាមេរិកបានបាញ់សម្លាប់អ្នកនេសាទកូរ៉េខាងជើងមួយចំនួននៅពេលពួកគេប្រទះឃើញគ្នាដោយចៃដន្យ ហើយដោយសារកងកុម្ម៉ង់ដូខ្លាចបែកការណ៍។ ពេលនោះ កងកុម្ម៉ង់ដូអាមេរិកទ័លច្រកខ្លាំងមិនដឹងធ្វើម៉េចទេមានតែបាញ់សម្លាប់អ្នកនេសាទទាំងនោះដើម្បីកុំឱ្យបែកការណ៍។
បញ្ហាចោទនៅត្រង់ថាពួកគេចេញបេសកកម្មនៅពេលយប់អធ្រាត្រដើម្បីបិទបាំងពីភ្នែកអ្នកដទៃ។ ប៉ុន្តែទន្ទឹមនឹងនោះពួកគេក៏ពិបាកមើលផ្លូវធ្វើដំណើរផងដែរនៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ។ ហេតុនេះនៅពេលកងកុម្ម៉ង់ដូទាំងនោះបើកអូប័រជិតដល់មាត់ច្រាំងចៃដន្យអីក៏ពើបប្រទះនឹងជនជាតិកូរ៉េខាងជើងកំពុងនេសាទគ្រឿងសមុទ្រ។ មិនបង្អង់យូរតទៅទៀត កងកុម្ម៉ង់ដូទាំងនោះក៏លើកកាំភ្លើងបាញ់ប្រាវៗតែម្ដងបណ្ដាលឱ្យមនុស្សមួយទូកស្លាប់គ្មានសល់ម្នាក់។ ប៉ុន្តែគេមិនដឹងថាស្លាប់ប៉ុន្មាននាក់ទេ។
មន្ត្រីរដ្ឋាភិបាលអាមេរិកដែលដឹងហេតុការណ៍នោះប្រាប់ញូយ៉កថាមស៍ថាបន្ទាប់ពីបាញ់សម្លាប់រួច កងកុម្ម៉ង់ដូក៏ទាញសាកសពទម្លាក់ទៅបាតសមុទ្រដើម្បីកុំឱ្យអាជ្ញាធរកូរ៉េខាងជើងចាប់ថ្នាក់បាន។ ប្រភពខ្លះឱ្យដឹងថាកងកុម្ម៉ង់ដូបានយកកាំបិតចាក់ទម្លុះសួតរបស់សាកសពឡើងសុសសាច់ដើម្បីកុំឱ្យពួកគេអណ្ដែតមកលើផ្ទៃទឹក។ ញូយ៉កថាមស៍អះអាងថាខ្លួនមានប្រភពច្បាស់លាស់ព្រោះបានសម្ភាសមនុស្សដែលដឹងហេតុការណ៍នេះរាប់សិបនាក់រួមមានអតីតមន្ត្រីស៊ីវិលអាមេរិក, អតីតមន្ត្រីជាន់ខ្ពស់អាមេរិកជំនាន់លោកត្រាំកាន់អំណាចអាណត្តិទី១ និងមន្ត្រីយោធាពីមុន និងបច្ចុប្បន្នដែលដឹងរឿងនេះច្បាស់។ អ្នកទាំងនោះសុទ្ធតែស្នើសុំមិនឱ្យបញ្ចេញឈ្មោះទេ។ ពួកគេបញ្ជាក់ថាមូលហេតុដែលបញ្ចេញរឿងនេះឱ្យអ្នកសារព័ត៌មានដឹងព្រោះភ្នាក់ងារសម្ងាត់ច្រើនលាក់បាំងបេសកកម្មបរាជ័យរបស់ពួកគេ។ នេះបើយោងតាមប្រភពពីញូស្វីក (Newsweek), អាល់ចាស៊ីរ៉ា (Al Jazeera) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ