ទីក្រុងតូក្យូ៖ ប្រទេសជប៉ុនកើតមានការរញ្ជួយដីផ្ទួនៗគ្នាបីដងនៅលើទីតាំងបីផ្សេងៗពីគ្នា។ គ្រោះរញ្ជួយដីនីមួយៗមានកម្រិតមិនតូចតាចប៉ុន្មានទេ។ កន្លែងខ្លះមានកម្រិត៤,៥រ៉ិចទ័រ និងកន្លែងខ្លះទៀតមានកម្រិត៤,៦រ៉ិចទ័រ។ រហូតមកដល់ពេលនេះគេមិនទាន់ទទួលរបាយការណ៍ថាមានមនុស្សរបួសប៉ុន្មាននាក់ ឬទ្រព្យសម្បត្តិខូចខាតចំនួនប៉ុន្មានទេ។ ជប៉ុនឧស្សាហ៍កើតមានគ្រោះរញ្ជួយដីព្រោះប្រទេសនេះស្ថិតនៅលើស្រទាប់ស្ដើងនៃផែនដី និងនៅលើជ្រលងមហាសមុទ្រប៉ាស៊ីហ្វិចដែលប្រឈមនឹងការរញ្ជួយ។
ការរញ្ជួយលើកទី១កើតឡើងកាលពីព្រឹកព្រលឹមនៅក្បែរទីក្រុងហាន់យូ (Hanyu) នៃខេត្តសៃតាម៉ា (Saitama) មានកម្រិត៤,៥រ៉ិចទ័រ និងមានចំណុចចាប់ផ្ដើមចេញពីជម្រៅ៣ម៉ាយ (៤,៨គីឡូម៉ែត្រ) នៃផែនដី។ អ្នករស់នៅកន្លែងកើតហេតុអាចទទួលអារម្មណ៍រញ្ជួយនៅក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែពួកគេមិនរងរបួស ឬរងផលរំខានអ្វីទេ។ ទីក្រុងហាន់យូស្ថិតនៅចម្ងាយប្រហែល៤០ ឬ៥០ម៉ាយពីចំណុចកណ្ដាលនៃទីក្រុងតូក្យូ។
ករណីរញ្ជួយដីមួយកន្លែងទៀតកម្រិត៤,៦រ៉ិចទ័រកើតឡើងនៅរយៈចម្ងាយ៨៤ម៉ាយ (១៣៥គីឡូម៉ែត្រ) ពីទីក្រុងស៊ីម៉ូដា (Shimoda)។ ថ្វីដ្បិតប្រជាជនរស់នៅតំបន់មាត់សមុទ្រអាចទទួលអារម្មណ៍ជ្រួលច្របល់ខ្លះៗ ប៉ុន្តែហេតុការណ៍នេះកើតឡើងតែមួយភ្លែតប៉ុណ្ណោះ រួចហើយក៏បាត់ទៅវិញ។ ម៉្យាងទៀត គ្មានការកើតឡើងនូវរលកយក្សស៊ូណាមីទេ។
ក្រោយមកទៀត មានគ្រោះរញ្ជួយដីទីបីកម្រិត៤,៥រ៉ិចទ័រកើតឡើងនោក្បែរកោះអ៊ីហ្ស៊ូ (Izu)។ កាលពីពេលកន្លងមកទីនេះក៏ធ្លាប់មានការរញ្ជួយដីផងដែរ។ ឧទាហរណ៍មានពេលមួយនោះ គ្រោះរញ្ជួយដីកើតឡើងពីជម្រៅដី៦ម៉ាយ (៩,៥គីឡូម៉ែត្រ)។ ប៉ុន្តែទីនោះពុំដែលមានបញ្ហារង្គើផ្ទះខ្លាំងដល់ថ្នាក់បាក់បែក ឬក៏មានរលកយក្សស៊ូណាមីនៅលើផ្ទៃសមុទ្រម្ដងណាទេ។
គេសង្កេតឃើញថានៅដំណាក់កាលចុងក្រោយនេះ គ្រោះរញ្ជួយដីកាន់តែកើតឡើងញឹកញាប់ជាងមុន។ តំបន់ដែលពុំធ្លាប់កើតមានគ្រោះរញ្ជួយដីក៏ចាប់ផ្ដើមកើតមានជាបណ្ដើរៗហើយ។ ឧទាហរណ៍ដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃជាដើម។ ថ្មីៗនេះ អាហ្វហ្កានីស្ថានស្លាប់មនុស្សជាង២ពាន់នាក់ដោយសារការរញ្ជួយដីនៅព្រំដែនជាប់នឹងប្រទេសប៉ាគីស្ថាន។ លក្ខណៈខុសគ្នាតែមួយគត់ដែលប្រទេសជប៉ុនអាចកាត់បន្ថយគ្រោះថ្នាក់បាក់អគារ ឬស្លាប់មនុស្សក្នុងកម្រិតខ្ពស់ព្រោះជប៉ុនមានបច្ចេកវិទ្យាសាងសង់អគារដែលដាក់រ៉ឺស័រពីខាងក្រោមបាតគ្រឹះសម្រាប់ទប់ទល់នឹងការរញ្ជួយដីជាអតិបរមា។
ហេតុនេះនៅពេលមានការរញ្ជួយម្ដងៗ អគារនឹងយោលយោគចុះឡើងៗទៅតាមចលនារញ្ជួយ ប៉ុន្តែមិនអាចបាក់រលំបានឡើយ។ នៅក្នុងព្រឹត្តិការណ៍មួយទៀតនៅប្រទេសជប៉ុនដដែល ខ្យល់ព្យុះឈ្មោះភីផា (Peipah) បានបោកបក់យ៉ាងខ្លាំងទៅលើខេត្តស៊ីហ្ស៊ូអូកាក់ (Shizuoka) ដែលស្ថិតនៅភាគកណ្ដាលប្រទេសជប៉ុនបណ្ដាលឱ្យមនុស្សយ៉ាងតិច២៤នាក់រងរបួស។
មានករណីក្បឿងនៅលើដំបូលផ្ទះរបើកចេញពីគ្នាដោយសារខ្យល់កន្ត្រាក់។ បង្គោលភ្លើងនៅតាមផ្លូវក៏ត្រូវខ្យល់បក់រលំខ្ទេចខ្ទីអស់។ ទីតាំងដែលរងការបោកបក់ខ្លាំងជាងគេគឺទីក្រុងម៉ាគីណូហារ៉ាក់ (Makinohara) នៃខេត្តដដែលនេះ។ ទូរទស្សន៍អឹនអេចខេ (NHK) របស់ជប៉ុនផ្សាយថាមនុស្សបីនាក់រងរបួសធ្ងន់។ នេះបើតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ